ក្រុមរដ្ឋឥស្លាមប្រកាសពង្រីកការវាយប្រហាររបស់ខ្លួន ឆ្ពោះទៅអាស៊ីខាងកើតរួមទាំងប្រទេសជប៉ុនផង ដោយបញ្ជាក់ថា ធ្វើឡើងតាមរយៈការចាប់ពង្រត់ និងការសម្លាប់ជនជាតិជប៉ុន។
តាមការផ្សព្វផ្សាយរបស់វិទ្យាស្ថានជាតិ សម្រាប់ការសិក្សាការពាររបស់ជប៉ុនគឺ ពួករដ្ឋឥស្លាម កំពុងគំរាមកំហែងដល់សន្តិសុខរបស់អាស៊ីខាងកើតដែលរួមបញ្ជូលទាំងជប៉ុន មនុស្សនៅអាស៊ី និង ស្ថានទូតនានានៅមជ្ឈឹមបូព៌ា ដែលពួកគេមានមហិច្ឆតាចង់ពង្រីកក្រុមរបស់ខ្លួននៅតំបន់នេះទៀត ហើយបច្ចុប្បន្នពួកគេកំពុងតែជ្រើសរើសអ្នកវាយប្រហារជាលក្ខណៈអន្តរជាតិនៅតាមបណ្តាប្រទេសនៅអាស៊ី។ នេះបើតាមសារព័ត៌មានThe Japan Time។
វិទ្យាស្ថានជាតិសម្រាប់ការសិក្សាការពារ បានពិនិត្យលើយុទ្ធសាស្ត្រអាស៊ីខាងកើត បញ្ជាក់ថា ក្រុមឧទ្ទាមដែលគំរាមកំហែងនេះ ជាក្រុមដែលគេស្គាល់ភាគច្រើនថា រដ្ឋឥស្លាមដែលកំពុងវាយប្រហារនៅអ៊ីរ៉ាក់ និងនៅភាគខាងកើតនៃសមុទ្រមេឌីទែរ៉ានេ។
ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការពារជាតិជប៉ុន គឺការសិក្សាលើកម្លាំងប្រដាប់អាវុធ ផ្តោតលើក្រុមរដ្ឋឥស្លាមគឺបញ្ជាក់ថា ជប៉ុនបានក្លាយជាគោលដៅសំខាន់នៃការវាយប្រហារពីក្រុមរដ្ឋឥស្លាមនៅអាស៊ី។
ការផ្សព្វផ្សាយរបាយការណ៍របស់ជប៉ុននេះ គឺក្រោយបីថ្ងៃដែលតួកគី បានឃាត់ខ្លួនបុរសម្នាក់ជាជាតិជប៉ុនអាយុ២៣ឆ្នាំ ដោយមានការសង្ស័យថា បុរសនេះមានបំណងឆ្លងកាត់ព្រំដែនទៅក្នុងប្រទេសស៊ីរីចូលរួមសកម្មភាពជាមួយក្រុមរដ្ឋឥស្លាម។
កាលពីឆ្នាំមុនបុរសជនជាតិជប៉ុនពីរនាក់ ត្រូវបានក្រុមរដ្ឋឥស្លាមចាប់ខ្លួន និងសម្លាប់ដោយការកាត់ក្បាល៕