កម្មករជាស្ត្រីធ្វើការផ្នែកចាក់បេតុងជញ្ជាំង និងបាតប្រឡាយធំ ដំណាក់អំពិលខេត្តពោធិ៍សាត់ បានប្រាប់ឱ្យដឹងថា ពួកគាត់ធ្វើការនៅទីវាលដូចកម្មករប្រុសៗដែរ ប៉ុន្តែទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃតិចជាងកម្មករប្រុសៗ។
អ្នកស្រី រ៉ា លៀប ជាកម្មករស្រ្តីម្នាក់ក្នុងចំណោមកម្មករស្រ្តីដ៍ទៃទៀតបានឲ្យដឹងថា ពួកគាត់ទទួលបានប្រាក់ឈ្នួលក្នុងមួយថ្ងៃត្រឹមតែ ២៥.០០០៛ ចំណែកឯកម្មករប្រុសទទួលបាន៣០.០០០៛ក្នុងមួយថ្ងៃ។
អ្នកស្រីបន្តថា៖ «ធ្វើការហត់ដូចគ្នា នៅហាលក្តៅដួចគ្នាហើយអត់ជំនាញដូចគ្នា តែបានប្រាក់ឈ្នួលអត់ស្មើគ្នា»។
កម្មករស្រ្តីម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ ក៍បាននិយាយប្រហាក់ប្រហែលគ្នាដែរថា ទោះប្រាក់ឈ្នួលអត់ស្មើគ្នាក៏គាត់សុខចិត្តទ្រាំធ្វើ ព្រោះគ្មានជម្រើស៖ «មិនដឹងធ្វើអី ខែនេះអត់មានការងារធ្វើ ចេះតែមកធ្វើទៅគ្រាន់បានលុយខ្លះឱ្យកូនចាយ បើនៅផ្ទះទំនេរកាន់តែអត់ទៀត»។
លោក ហេង ចិន ជាអ្នកម៉ៅការសំណង់នេះបានប្រាប់ឲ្យដឹងថា មូលហេតុដែលគាត់ជួលកម្មករស្រ្តីតម្លៃទាបជាងកម្មរបុរសដោយសារកម្មករស្រ្តីចេះតែធ្វើការងារពីរមុខ គឺកើបហើយនឹងកាយ ចំណែកកម្មករប្រុសវីញគេធ្វើបានច្រើមុខ ដូចជាលីស៊ីម៉ង់ឬវាយពុម្ពជាដើម។
លោកបន្តថា៖ «ពួកគាត់ធ្វើបានការងារល្មមៗ ឱ្យលីស៊ីម៉ង់ អូសរទេះម្នាក់ឯងឬកាន់ម៉ាស៊ីនគឺកាន់មិនកើត ចឹងតម្លៃនឹងវាសមរម្យនឹងការងាររបស់ពួកគាត់ហើយ»។
ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់លោក នូ រ៉េន