មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានប្រតិកម្មតបទៅអតីតមេដឹកនាំបក្សប្រឆាំងជាថ្មីទៀតថា ការព្យាយាមអំពាវនាវឲ្យអន្តរជាតិផ្តាច់ជំនួយដល់រដ្ឋាភិបាល លោកថា ជាការយល់ខុស ដោយថា ការប្របាច់កលោកនឹងធ្វើឲ្យពលរដ្ឋលានអណ្តាត។
លោក សម រង្ស៊ី និងអតីតតំណាងរាស្ត្រមួយចំនួន បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជួយស្តារប្រជាធិបតេយ្យនៅកម្ពុជា ក្រោយពីបក្សប្រឆាំងដ៏ធំនេះ ត្រូវតុលាការកំពូលប្រកាសរំលាយកាលពីចុងឆ្នាំមុន តាមបណ្តឹងរបស់រដ្ឋាភិបាល។
ប៉ុន្តែ លោក ហ៊ុន សែន ក្នុងពិធីជួបកម្មករនៅខេត្តស្វាយរៀងនៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងរិះគន់ជាថ្មីទៀតថា បក្សប្រឆាំងមិនបានធ្វើអ្វីសម្រាប់អភិវឌ្ឍជាតិទេ ក្រៅពីអំពាវនាវឲ្យបរទេសផ្តាច់ជំនួយមកប្រទេសរបស់ខ្លួន។ លោកហៅសកម្មភាពនេះថា ជាការយល់ច្រឡំមួយ ដោយថា បើមានការផ្តាច់ជំនួយមែន ពលរដ្ឋទេជាអ្នករងគ្រោះ មិនមែនរូបលោកជាមេដឹកនាំឡើយ។
បើទោះបីជាលោក ហ៊ុន សែន ថ្លែងមិនបញ្ចេញឈ្មោះក៏ដោយ ប៉ុន្តែ ទំនងជាសំដៅដល់ លោក សម រង្ស៊ី ដែលកំពុងធ្វើយុទ្ធនាការនៅក្រៅប្រទេស ស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិជុំវិញបញ្ហានយោបាយនៅកម្ពុជា។
លោកថា៖ «ខ្ញុំមិនទៅចង់ឆ្លងឆ្លើយអីជាមួយនឹងអាមនុស្សឡប់ឆ្កួតអីនោះទេ ក៏ប៉ុន្តែ គ្រាន់តែចង់ពន្យល់ក្មួយៗថា ជម្រើសណាមួយដែលដើរទៅអំពាវនាវឲ្យបរទេសឈប់ផ្តល់ជំនួយមកកម្ពុជា ឈប់ទិញទំនិញពីកម្ពុជា ជាទង្វើសម្លាប់ប្រជាជនខ្លួនឯង»។
លោក សម រង្ស៊ី ក្នុងពិធីជួបជាមួយអ្នកគាំទ្រនៅរដ្ឋធានីវាស៊ីងតោនសហរដ្ឋអាមេរិក នៅថ្ងៃទី១០ ខែឧសាភានេះ បានថ្លែងថា សហគមន៍អន្តរជាតិមានតួនាទីជំរុញប្រជាធិបតេយ្យនៅកម្ពុជា។ លោកបានលើកឧទាហរណ៍ថា រដ្ឋប្រហារទម្លាក់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ឆ្នាំ១៩៩៧ សហគមន៍អន្តរជាតិជួយអន្តរាគមន៍ឲ្យមេដឹកនាំដែលនិរទេស បានចូលរួមប្រកួតការបោះឆ្នោតឡើងវិញតាមបែបប្រជាធិបតេយ្យ។
លោក សម រង្ស៊ី ថ្លែងទៀតថា ការរំលាយគណបក្សសង្គ្រោះជាតិ ជារដ្ឋប្រហារដ្ឋធម្មនុញ្ញ រុញកម្ពុជាចេញពីគន្លងប្រជាធិបតេយ្យដោយលោកថា សហគមន៍អន្តរជាតិមានតួនាទីដាក់សម្ពាធឲ្យរដ្ឋាភិបាលស្តារប្រជាធិបតេយ្យ។
លោកថា៖ «លោក ហ៊ុន សែន ឈប់លែងល្បែងប្រជាធិបតេយ្យ ដូច្នេះ យើងមិនត្រូវរត់តាម ហ៊ុន សែន។ គាត់ចង់បោះឆ្នោតលើងសើច យើងទៅបោះឆ្នោតលេងសើចតាមគាត់ គឺអ្វីដែលគាត់ធ្វើនេះខុស ធ្វើឲ្យស្ថានការណ៍ប្តូរទាំងអស់»។
អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី លើកឡើងថា អ្នកនយោបាយខ្មែរមិនខ្លាចនឹងវាយបំបែកឆ្នាំងបាយខ្លួនឯងចោល ដើម្បីការពារប្រយោជន៍បក្ខពួកនោះទេ។ ប៉ុន្តែ លោកថា អ្វីដែលកម្ពុជាគេចផុតពីវិបត្តិនេះ គឺការស្រុះស្រួលគ្នាបន្តដើរលើគន្លងប្រជាធិបតេយ្យ ដែលទទួលយកបាន ទាំងរដ្ឋាភិបាល ទាំងពលរដ្ឋ។
លោកថា៖ «យើងមើលរាល់ថ្ងៃ រដ្ឋាភិបាលគាត់ថា ប្រជាធិបតេយ្យមានគ្រប់គ្រាន់ហើយ។ ប៉ុន្តែ ដល់ពលរដ្ឋគាត់ថា ប្រជាធិបតេយ្យឯណា បើសិទ្ធិរបស់ខ្ញុំគ្នា ៣លាននាក់ គេយកទៅបោះចោល យកទៅរំលាយចោល ដោយគ្មានអីជាអំណះអំណាងច្បាស់លាស់ផង ប្រជាធិបតេយ្យនៅត្រង់ណា?»។
ជម្លោះនយោបាយនៅកម្ពុជា ដែលឈានទៅចាប់ឃុំខ្លួនអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា រំលាយគណបក្សសង្គ្រោះជាតិ ជាកម្តៅមួយជំរុញឲ្យសហគមន៍អន្តរជាតិថ្កោលទោសថា ជាការចាប់ឃុំខ្លួនមនុស្សតាមអំពើចិត្ត រំលោភលើសេចក្តីថ្លែងការណ៍ជាសកលមាត្រា១៩ រំលោភលើកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយមាត្រា២៥។
សហគមន៍អន្តរជាតិ ក៏បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចផងដែរ បើរដ្ឋាភិបាលកម្ពុជាមិនធ្វើឲ្យស្ថានការណ៍នយោបាយវិលទៅរកស្ថានភាពដើម ធានាដល់យន្តការប្រជាធិបតេយ្យនោះ៕