និស្សិតយ៉ាងតិច ៥នាក់ បានស្លាប់ ហើយ ១២នាក់ទៀតកំពុងបាត់ខ្លួនចាប់តាំងពីថ្ងៃម្សិលមិញម៉្លេះ បន្ទាប់ពីស្ពានមួយបានបាក់នៅតំបន់ទេសចរណ៍មួយស្ថិតនៅរដ្ឋកាស្មៀររបស់ប៉ាគីស្ថាន។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារ AFP ដែលបានដកស្រង់សម្ដីប៉ូលិសប៉ាគីស្ថាន។
AFP បានរាយការណ៍បន្តថា មានក្ដីសង្ឃឹមមានតិចតួចប៉ុណ្ណោះថានឹងរកឃើញអ្នកនៅរស់រានមានជីវិតនៅក្នុងចំណោមនិស្សិតដែលបាត់ខ្លួនទាំង ១២នាក់នោះ។
ស្ពានមួយខ្សែនោះដែលភ្ជាប់តំបន់ភ្នំនីឡុម បានបាក់បន្ទាប់ពីនិស្សិតមហាវិទ្យាល័យជាង ៣០នាក់ បានដើរឆ្លងកាត់ដើម្បីមើលទិដ្ឋភាពទឹកធ្លាក់។
បើតាមសម្ដីប៉ូលិសប៉ាគីស្ថានដែលត្រូវបាន AFP ដកស្រង់សម្ដី ក្រៅពីអ្នកបាត់ខ្លួន និស្សិត ៨នាក់ទៀតក៏បានរងរបួសផងដែរនៅក្នុងហេតុការណ៍នោះ៕