អង្គការលើកលែងទោសអន្តរជាតិ បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ការបង្ក្រាបទៅលើអ្នកការពារសិទ្ធិមនុស្ស និងទម្លាក់ចោលការចោទប្រកាន់ទាំងអស់ និងដោះលែងសកម្មជនដីធ្លីអ្នកស្រី ទេព វន្នី ដោយគ្មានលក្ខខណ្ឌ។
សកម្មជនដីធ្លីដែលនិយាយរិះគន់រដ្ឋាភិបាលឥតសំចៃមាត់អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៦ ចំពេលដែលអ្នកស្រីចូលរួមធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដែលទាមទារឲ្យដោះលែងមន្ត្រីអាដហុក ៤រូប និងមន្ត្រី គ.ជ.ប.ម្នាក់ ព្រមទាំងជំរុញឲ្យរដ្ឋាភិបាលវែកមុខឃាតករ និងអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី។
ក្នុងគេហទំព័ររបស់ខ្លួន អង្គការលើកលែងទោសអន្តរជាតិ បានចុះផ្សាយកាលពីម្សិលមិញថា អស់រយៈពេលជាង ១០ឆ្នាំកន្លងមកនេះ អ្នកស្រី ទេព វន្នី បានព្យាយាមការពារសហគមន៍បឹងកក់ ដែលត្រូវបានគេបែងចែកសម្រាប់ការអភិវឌ្ឍឯកជន ដែលសំដៅដល់ទីផ្សារទេសចរណ៍។
អង្គការសិទ្ធិមនុស្សមួយនេះ បន្តថា ប៉ុន្តែ ស្ថានភាពនយោបាយមិនល្អនៅកម្ពុជា បានជម្រុញឲ្យបរិយាកាសដ៏អាក្រក់សម្រាប់អ្នកការពារសិទ្ធិដីធ្លី និងអ្នកស្រី ទេព វន្នី ដែលបានរងការចាប់ចងពីសំណាក់រដ្ឋាភិបាលក្នុងការងាររបស់គាត់។
ករណីនេះ អង្គការលើកលែងទោសអន្តរជាតិ បានអំពាវនាវទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ដោះលែងសកម្មជនដីធ្លីរូបនោះ ឲ្យមានសេរីភាពវិញ និងទម្លាក់ការចោទប្រកាន់ដោយគ្មានលក្ខណ្ឌ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មិនចាប់អារម្មណ៍នឹងការអំពាវនាវរបស់ក្រុមសិទ្ធិមនុស្សអន្តរជាតិនេះទេ ដោយថា បរទេសមិនមានសិទ្ធិជ្រៀតជ្រែកកិច្ចការបស់តុលាការកម្ពុជាបានឡើយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
អ្នកស្រី ទេព វន្នីត្រូវបានតុលាការកំពូលសម្រេចឱ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ ពាក់ព័ន្ធនឹងសំណុំរឿងហិង្សាលើសន្តិសុខខណ្ឌដូនពេញ ក្បែរផ្ទះនាយករដ្ឋមន្ត្រីកាលពីឆ្នាំ ២០១៣កន្លងទៅ៕