ពលរដ្ឋជាង៧០០គ្រួសារនៅខេត្តឧត្ដរមានជ័យ ស្នើក្រសួងផ្ដល់ដីឱ្យពួកគាត់វិញ ក្រោយក្រុមហ៊ុនក្ស័យធននិងចេញពីដីជម្លោះ

(ពាក់ម៉ាសពណ៌ទឹកសមុទ្រ) លោក ម៉ៅ ជឿន ដែលអះអាងថាជាតំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយអតីតក្រុមហ៊ុនស្ករអំពៅ អង្គរស៊ូហ្គឺ (Angkor Sugar) នៅ​ខេត្ត​ឧត្ដរមាន​ជ័យ មកស្នើសុំក្រសួងជួយដោះស្រាយប្រគល់ដីមកពួកគេវិញ ក្រោយ​ក្រុមហ៊ុន​នេះក្ស័យធន និងដកខ្លួន​ចេញពីដីសម្បទានសេដ្ឋកិច្ច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ (ហ៊ាន រង្សី)

ពលរដ្ឋមានជម្លោះដីធ្លីជាមួយអតីតក្រុមហ៊ុនស្ករអំពៅ ​នៅ​ខេត្ត​ឧត្ដរមាន​ជ័យ បាន​ជំរុញ​ទៅ​ក្រសួង​រៀបចំ​ដែន​ដី នគរូប​នីយ​កម្ម និង​សំណង់ ​​ដោះស្រាយ​វិវាទ​ដីធ្លី ដោយ​ប្រគល់ដី​ជូន​ពួកគាត់វិញ និងផ្តល់បណ្ណកម្មសិទ្ធិ​​ ក្រោយ​ក្រុមហ៊ុន​នេះក្ស័យធន និងដកខ្លួន​ចេញពីដីសម្បទានសេដ្ឋកិច្ចដែលមានជម្លោះ​​ជិត​១០ឆ្នាំ។

​ប្រជាពលរដ្ឋជាង១០នាក់មកពីខេត្តឧត្ដរមានជ័យ ដែលអះអាងថាជាតំណាងឱ្យ​ពលរដ្ឋចំនួន​ ៧១១គ្រួសារ បាន​ដាក់​ញត្តិ​នៅក្រសួង​រៀបចំដែនដី ​ជាថ្មីទៀត កាលពីថ្ងៃទី២៦ ខែ​មករា​ ម្សិលមិញ​ ដើម្បីជំរុញទៅស្ថានប័នមួយនេះជួយ​វាស់​វែង និង​ចេញបណ្ណ​កម្មសិទ្ធិដីធ្លីជូនពលរដ្ឋដែលបានប៉ះពាល់ដីធ្លីដោយសារក្រុមហ៊ុន​ស្ករអំពៅ កាលពី១៤ឆ្នាំមុន។

លោក ម៉ៅ ជឿន ដែលអះអាងថាជាតំណាងប្រជាពលរដ្ឋ ប្រាប់វីអូឌី​នៅថ្ងៃសុក្រនេះ​ថា ប្រជាពលរដ្ឋទាំង​៧១១គ្រួសារ នៅភូមិចំនួន​៥ នៃក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានក្រុមហ៊ុនស្ករអំពៅ អង្គរស៊ូហ្គឺ (Angkor Sugar) រំលោភយកដីធ្លី​អស់ កាល​ឆ្នាំ​២០០៨ ក្រោយក្រុមហ៊ុននេះទទួលបានដីសម្បទានសេដ្ឋកិច្ចពី​រដ្ឋាភិបាលនៅតំបន់នោះ ដើម្បីដាំដំណាំអំពៅ។

តំណាងពលរដ្ឋរូបនេះបន្តថា ក្រោយ​ក្រុមហ៊ុនស្ករអំពៅគ្រប់គ្រងដីជម្លោះរយៈពេ​ល៧​ឆ្នាំ ពោល​គឺ​នៅឆ្នាំ២០១៥ ក្រុម​ហ៊ុនមួយ​នេះបានក្ស័យ​ធន និង​ប្រគល់ដីនោះឱ្យរដ្ឋវិញ ហើយនៅឆ្នាំ២០១៧ អាជ្ញាធរខេត្តបានវាស់វែងដីនោះឱ្យពលរដ្ឋចំនួន៣២៩គ្រួសារវិញ ដោយបានចេញសាលកបត្រជូនពលរដ្ឋផងដែរ ប៉ុន្តែមិនទាន់បានចេញបណ្ណកម្មសិទ្ធិ ខណៈពលរដ្ឋចំនួន៣៨២​គ្រួសារទៀត រហូតមកដល់​ពេលនេះ អាជ្ញាធរនៅ​មិនទាន់បានចុះវាស់វែងដី​ជូនពួកគេនៅឡើយទេ។

លោកបន្ថែមថា៖ «អ៊ីចឹងខ្ញុំមកថ្ងៃ[ថ្ងៃទី២៦ ខែមករា]នេះ សុំឱ្យក្រសួងហ្នឹង ទី១ ពន្លឿន​ការ​ដោះស្រាយដោយចេញបណ្ណកម្មសិទ្ធិ ហើយទី២ សុំឱ្យខាងក្រសួងហ្នឹងពន្លឿនការដោះស្រាយដោយផ្តល់ដីជូនប្រជាពលរដ្ឋចំនួន ៣៨២គ្រួសារទៀត ឱ្យពួក​គាត់​បាន​ដី​សម្រាប់បង្កបង្កើនផលដូចពលរដ្ឋផ្សេងទៀតដែរ»

ពលរដ្ឋម្នាក់ទៀត​​នៅភូមិខ្ទំ ឃុំកូនក្រៀល លោក ថាន ញ៉យ អះអាង​ថា គ្រួសារលោកមានដី ១៥ហិកតា ជាដី​កេរពី​ដូន​តា​មក ដោយ​​​​បា​​នអាស្រ័យ​ផល​តាំង​ពី​មុន​សម័យ​សង្គ្រាម និង​បានផ្អាកការអាស្រ័យផល​នៅ​សម័យ​សង្គ្រាម ហើយបានចូលមកអាស្រ័យផលវិញនៅឆ្នាំ១៩៩៨ ក្រោយចប់សង្គ្រាម។ លោកថា ការអាស្រ័យផលដោយធ្វើស្រែ និងធ្វើចម្ការ ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៧ គឺពុំមានបញ្ហាអ្វីនោះទេ ប៉ុន្តែចាប់ពីឆ្នាំ២០០៨ ដល់​ឆ្នាំ២០១៤ គឺដីនោះត្រូវបានក្រុមហ៊ុនស្ករអំពៅ​ រំលោភយក និងគ្រប់គ្រងដោយក្រុមហ៊ុននេះ​ផង​ដែរ។

ពលរដ្ឋរូបនេះបន្តថា ក្រោយក្រុមហ៊ុនក្ស័យ​ធន និង​ដក​ចេញ​ទៅវិញ​នៅ​ឆ្នាំ២០១៥ គ្រួសារលោកបានចូលទៅអាស្រ័យផលលើជម្លោះនោះម្តងទៀត ហើយអាជ្ញាធរបានវាស់វែងឱ្យគ្រួសារលោកតែ ២ហិកតាប៉ុណ្ណោះ ប៉ុន្តែពុំទាន់បានចេញបណ្ណកម្មសិទ្ធិឱ្យនៅឡើយទេ។ លោកថា ការពន្យារពេលចេញបណ្ណកម្មករ និងការយឺតយ៉ាវវាស់វែងដីធ្លីជូនពលរដ្ឋនេះធ្វើឱ្យពួកគាត់បារម្ភ​ពីសុវត្ថិ​​ភាពដីធ្លី និងគ្មានដីសម្រាប់បង្ក​បង្កើនផល។

លោកបន្ថែមថា៖ «ដីអត់មានបណ្ណកម្មសិទ្ធិ អ៊ីចឹងវាអត់មានសុវត្ថិ​ភាព​សម្រាប់​យើង​អាស្រ័យ​ផល។ សព្វថ្ងៃ វាពិបាកអ៊ីចឹង។បើយើងមានបណ្ណ ឬប្លង់កម្មសិទ្ធិ​ទៅ យើងមានទម្ងន់​ក្នុងការប្រើប្រាស់នៅលើដីនោះ»។

មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ុល សុខ​យស បាន​ចេញមកជួបជាមួយប្រជាពលរដ្ឋ និងបានទទួលសំណើពលរដ្ឋជាថ្មីទៀត ដោយ​សន្យាយកសំណើនោះដាក់ជូនថ្នាក់លើ​ពិនិត្យ។

លោកបន្ថែមថា៖ «ឥលូវខ្ញុំសន្យាចុះ ថាខ្ញុំនឹងផ្តល់ព័ត៌មានត្រលប់បងប្អូនប្រជាពលរដ្ឋវិញ ក្រោយពីថ្នាក់ដឹកនាំគាត់ពិនិត្យលើសំណើ​នេះ។ [ថា]តើយោបល់ថ្នាក់ដឹកនាំសម្រេចយ៉ាងម៉េច​ យើង​នឹង​ផ្តល់​ព័ត៌មានត្រលប់ទៅវិញ»។

អភិបាលខេត្តឧត្ដរមានជ័យ លោក ប៉ែន កុសល មានប្រសាសន៍នៅថ្ងៃសុក្រនេះ​​ថា លោកមិនទាន់ទទួលបានព័ត៌មានជុំវិញបញ្ហា​នេះ​ទេ ប៉ុន្តែលោកនឹងឱ្យមន្ត្រីស្រាវជ្រាវករណីនេះ ដើម្បីឈានទៅរកការដោះស្រាយ។

មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុកប្រចាំខេត្តឧត្ដរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន អង្គរ ស៊ូហ្គឺ ធ្លាប់​ទទួល​បាន​ដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅខេត្តឧត្ដរមានជ័យ ដើម្បីដាំដំណាំ​អំពៅ ប៉ុន្តែបានបញ្ចប់ទៅវិញនៅឆ្នាំ២០១៥។ មន្ត្រីការពារសិទ្ធិមនុស្សរូបនេះបន្តថា ក្រោយក្រុមហ៊ុន​បញ្ចប់​ទៅ​វិញ គឺប្រជាពលរដ្ឋមួយចំនួន​បាន​ចូលទៅអាស្រ័យផលលើដីរបស់ខ្លួនវិញ ប៉ុន្តែ​ត្រូវបានអាជ្ញាធរហាមឃាត់ និងចោទប្រកាន់ពលរដ្ឋចូលទៅទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់ទៅវិញ។

លោក ស្រី ណារ៉េន យល់ថា ករណីពលរដ្ឋទៅរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិឱ្យជួយដោះស្រាយ និង​ស្នើចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគេ ដោយសារពួកគេកំពុងខ្វះដីធ្លីធ្វើកសិកម្ម និងបារម្ភពីសុវត្ថិ​ភាពដីធ្លីរបស់ពួកគេ។

លោកបន្ថែមថា៖ «អ៊ីចឹងអាជ្ញាធរគួរតែពន្លឿនការដោះស្រាយ ដោយផ្តល់ដីចំណែក​ណា​មួយ ឬ​ដី​សង្គម​កិច្ច​ ដែល​ធ្វើ​ឱ្យ​ពួកគាត់​អាច​រ​ស់​នៅ​បាន ព្រោះឥ​លូវ​នេះ​ ទាក់​ទង​នឹង​មុខ​របរពួកគាត់ គឺគាត់កំពុងលំបាក ជាពិសេសសេដ្ឋកិច្ច​ប្រចាំថ្ងៃរបស់​ពួកគាត់។ អ៊ីចឹ​ងប្រសិន​ជា​យើង​បណ្តែតបណ្តោយ​ឱ្យ​ការ​ដោះស្រាយ​ហ្នឹង​ចេះតែយឺតយ៉ាវទៅ អាហ្នឹងរឹតតែធ្វើឱ្យពួកគាត់ជួបការលំបាក​ច្រើន ពាក់ព័ន្ធនឹងជីវភាពរបស់ពួកគាត់។ អ៊ីចឹងការសម្រេចចិត្តចុងក្រោយរបស់ពួកគាត់ បើគ្មានដីធ្លីសម្រាប់ធ្វើកសិកម្ម​ សម្រាប់​ដោះស្រាយ​ជីវភាព​ទេ ពួកគាត់នឹងចំណាកស្រុកទាំងប្រថុយប្រថានទៅរកការងារធ្វើនៅក្រៅប្រទេស»។

កាលពីខែមេសា ឆ្នាំ២០១៨ អង្គការសិទ្ធិមនុស្ស “Inclusive Development International” ចេញសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា ប្រជាពលរដ្ឋជាង៣ ០០០​នាក់ នៅខេត្តឧត្ដរមានជ័យ បានប្ដឹងក្រុមហ៊ុនស្ករសរបស់ថៃដ៏ធំមួយឈ្មោះ «ក្រុមហ៊ុនមីត្រផល» ដោយថា ក្រុមហ៊ុននេះបានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្ស ដូចជា ដុតបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរ បណ្ដេញពួកគេចេញពីលំនៅឋានទាំងបង្ខំ កាលពីចន្លោះឆ្នាំ២០០៨ និង២០០៩។

សេចក្តីថ្លែងការណ៍នោះបន្តថា ក្រុមហ៊ុនមីត្រផល ដែលមាន​ក្រុមហ៊ុនដៃគូចំនួន៣ គឺ​ក្រុមហ៊ុនអង្គរស៊ូហ្គឺ (Angkor Sugar) ទន្លេស៊ូហ្គឺខេន (Tonle Sugar) និង ខេន និងស៊ូហ្គឺវ៉ាលី​ (Cane and Sugar Valley) បានទទួលសិទ្ធិលើដីសម្បទានសេដ្ឋកិច្ចចំនួន៣កន្លែង ក្នុងស្រុកសំរោង ស្រុកចុងកាល់ ខេត្ដឧត្តរមានជ័យ ដែលមានផ្ទៃដីទំហំជិត ២ម៉ឺនហិកតា ដើម្បីដាំដំណាំអំពៅ ហើយបង្កើតបានជាជម្លោះ ដោយមានការបណ្ដេញពលរដ្ឋចេញ​ពី​តំបន់នោះ។ ប៉ុន្ដែក្រុមហ៊ុននេះបានបោះបង់ដីសម្បទាននេះវិញនៅឆ្នាំ២០១៥ បន្ទាប់ពីពលរដ្ឋបានដាក់ពាក្យបណ្ដឹងនៅគណៈកម្មាធិការសិទ្ធិមនុស្សថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ