កម្មកររាប់រយនាក់បម្រើការងារនៅរោងចក្រ ហ្វឺស ហ្គាវ័ន្ត ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោមនៅថ្ងៃនេះបាន ប្រមូលផ្តុំគ្នាមុខផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងក្រុងតាខ្មៅ ក្រោយពួកគេទទួលបានសំណងពីក្រសួងការងារតិចតួចពេក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣០ឧសភា បានស្តីបន្ទោសទៅរដ្ឋមន្ត្រីក្រសួងការងារករណីនៅតែមានកម្មករតវ៉ាទាក់ទិនថៅកែរត់ចោលមិនទូទាត់សំណងតាមច្បាប់ ខណៈរដ្ឋាភិបាលបានបញ្ចេញប្រាក់ជាង៤លានដុល្លារឲ្យដោះស្រាយរួចមកហើយនោះ។
ក្រោយការស្តីបន្ទោសនោះ ក្រសួងការងារនៅថ្ងៃនេះ បានយកប្រាក់បុរេប្រទានបន្ថែមទៀតទៅដោះស្រាយសំណងជូនកម្មករបម្រើការងារនៅរោងចក្រហ្វឺស ហ្គាវ័ន្តដើម្បីបញ្ចប់វិវាទ។
កម្មករផ្នែកដេរដែលអះអាងថា បម្រើការងារនៅរោងចក្រ ហ្វឺស ហ្គាវ័ន្ត៧ឆ្នាំហើយនោះ អ្នកស្រី យិន យឿន ប្រាប់វីអូឌីថា អ្នកស្រីមិនពេញចិត្តចំពោះសំណងដែលក្រសួងការងារផ្តល់នេះទេ ដោយថា សំណងនោះមានចំនួនតិចតួចពេក។
អ្នកស្រីបន្ថែមថា«បើគិតតាមច្បាប់ការងារខ្ញុំត្រូវបានច្រើនជាងហ្នឹងព្រោះខ្ញុំធ្វើការ៧ឆ្នាំមិនត្រូវបាន៧០០ដុល្លារហ្នឹងទេ យើងយកទៅបើមិនយកវាជួបផលលំបាកច្រើនណាស់»។
ប្រធានសហជីព ស៊ីខាឌូ ប្រចាំរោងចក្រ ហ្វឺស ហ្គាវ័ន្ត លោក ឃឹម មករា មានប្រសាសន៍ថា សំណងដែលកម្មករទទួលបាននេះ ជាប្រាក់បុរេប្រទានរបស់រដ្ឋាភិបាល ដោយក្រសួងការងារមិនបានទូទាត់តាមច្បាប់ឡើយ។
លោក ឃឹម មករា ប្រធានសហជីព ស៊ីខាឌូ ប្រចាំរោងចក្រ ហ្វឺស ហ្គាវ័ន្ត
គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅក្រុមមុខសញ្ញា លោក ប្រាក់ ចាន់ធឿន មានប្រសាសន៍ថា ការដោះស្រាយសំណងជូនកម្មករនេះ គឺធ្វើឡើងស្របតាមច្បាប់ និងគោលនយោបាយដោះស្រាយរបស់រដ្ឋាភិបាល។
លោក ប្រាក់ ចាន់ធឿន គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅក្រុមមុខសញ្ញា
លោក ប្រាក់ ចាន់ធឿន ឲ្យដឹងថា ថវិកាដែលរដ្ឋាភិបាលយកមកទូទាត់ជូនកម្មករនៅរោងចក្រ ហ្វឺស ហ្គាវ័ន្តនេះ មានទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារ សម្រាប់ដោះស្រាយសំណងជូនកម្មករជាង៥០០នាក់។
រោងចក្រ ហ្វឺស ហ្គាវ័ន្ត មានថៅកែជាជនកូរ៉េខាងត្បូង ឈ្មោះលោកស្រី ឆា ក្យុង ហ៊ី ។ កម្មករនៅរោងចក្រនេះបានផ្ទុះការតវ៉ាតាំងពីអំឡុងខែមករាមកម្លេះ ដោយសាថៅកែ បើកប្រាក់ឈ្នួលឲ្យពួកគេមិនទៀងទាត់៕