បើគ្មានអ្វីប្រែប្រួលទេ ចាប់ពីដើមខែក្រោយនេះទៅអាមេរិក នឹងចាប់ផ្តើមអនុវត្តវិធានការដំឡើងពន្ធទៅលើទំនិញនាំចូលរបស់ចិន មានទឹកប្រាក់ដល់ទៅជាង៥០ពាន់លានដុល្លារ ។
ជាការឆ្លើយតបភ្លាមៗមហាអំណាចចិន ក៏បានប្រកាសអនុវត្តន៍ការដំឡើងពន្ធលើទំនិញអាមេរិក គិតជាទឹកប្រាក់ ៥០ពាន់លានដុល្លារដូចគ្នា។
ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិននេះ ធ្វើឲ្យពិភពលោកព្រួយបាម្ភថា វាអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចសកល។ ដូចគ្នានេះដែរ នៅសប្តាហ៍មុន នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានយកពិធីប្រកាសគោរមងារដល់មន្ត្រីនៅរាជបណ្ឌិតសភាកម្ពុជា ឲ្សសិក្សាពីផលប៉ះពាល់នានាដល់កម្ពុជាផងដែរ ។
លោក ហ៊ុន សែន រំឭកថា បើសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើងមែន លោកថាវាជាល្បែងចាញ់ៗ។ ប៉ុន្តែមេដឹកនាំកម្ពុជារូបនេះ បានបង្ហាញការព្រួយបារម្ភថា ជម្លោះពាណិជ្ជកម្មនេះ មិនមែនជាបញ្ហាតូចតាចទេ ថាជាបញ្ហាប្រឈមដ៏ធំសម្រាប់សេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់ ។
តើជំលោះសេដ្ឋកិច្ចរវាងអាមេរិកនិងចិនប៉ះពាល់ដល់កម្ពុជាឬទេ?
បើគេក្រឡេកមើលជ្រុងមួយរបស់កម្ពុជា ថ្វីត្បិតតែអ្នកតាមដានធ្លាប់ពន្យល់ថា ទីផ្សារនាំចេញរបស់កម្ពុជា មានសម្លៀកបំពាក់កាត់ដេរ និងផលិតផលកសិកម្ម កម្ពុជាបានពឹងផ្អែកស្ទើរទាំងស្រុង ទៅលើទីផ្សារនៃប្រទេសលោកសេរីក៏ដោយ ប៉ុន្តែរបត់នយោបាយនៅពេលនេះ ហាក់បានបង្កើនភាពមិនសូវចុះសម្រុងផ្នែកការទូត ជាមួយប្រទេសលោកសេរី តែបានបង្កើនភាពល្អប្រសើរ ជាមួយមហាអំណាចកុម្មុយនីស្តចិន។
បណ្ឌិតសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភា របស់រដ្ឋាភិបាល លោក គី សេរីវឌ្ឍន៍ ពន្យល់ថា បើសង្គ្រាមពាណិជ្ជកម្មនៃប្រទេសមហាអំណាចទាំងពីរនេះ ផ្ទុះឡើងមែន លោកថា កម្ពុជានឹងប៉ះពាល់មុនគេផ្នែកអចលនទ្រព្យ មានដីធ្លីជាដើម។ លោកវិភាគថា បើសហភាពអឺរុប យកបញ្ហាកម្ពុជា ភ្ជាប់ទៅនឹងទំនោរនយោបាយងាកទៅចិន ទៀតនោះ វិស័យកាត់ដេរ ក៏រងផលប៉ះពាល់ដែរ។
បណ្ឌិតសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភា របស់រដ្ឋាភិបាល លោក គី សេរីវឌ្ឍន៍
អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ ពន្យល់ប្រហាក់ប្រហែលដែរថា ជម្លោះពាណិជ្ជកម្ម រវាងអាមេរិក និងចិននេះ មិនមែនប៉ះពាល់ដល់កម្ពុជាត្រឹមតែផ្នែកអចលនទ្រព្យនិងវិស័យកាត់ដេរប៉ុណ្ណោះទេ លោកថាវិស័យទេសចរណ៍ក៏រងផលប៉ះពាល់ដែរ ដោយសារ អ្នកវិនិយោគភាគច្រើនមកពីប្រទេសចិន។
លោកថា៖«សេដ្ឋកិច្ចយើងពឹងផ្អែកខ្លាំងការវិនិយោគពីបរទេស ពិសេសពីប្រទេសចិន។ អញ្ចឹងបើសិនវាកើតឡើងបញ្ហារបស់ចិន ជាធម្មតាគេត្រូវការផ្តោតការយកចិត្តទុកដាក់ ស្រោចស្រង់សេដ្ឋកិច្ចរបស់គេ អញ្ចឹងយើងក្លាយជាប្រទេសដែលបន្ទាប់បន្សំក្នុងការយកចិត្តទុកដាក់ស្រោចស្រង់ស្ថានការណ៍»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍនិងជាអ្នកវិភាគនយោបាយ លោក បណ្ឌិត មាស នី វិភាគថា វិធានការរបស់អាមេរិក អាចជាទិសដៅពីរ ទី១ជារឿងសេដ្ឋកិច្ច និងទី២ជារឿងនយោបាយ ដើម្បីកាត់បន្ថយឥទ្ធិរបស់មហាអំណាចចិន។
លោក មាស នី វិភាគទៀតថា បើបញ្ហានេះកើតឡើងមែន ជារឿងធ្ងន់ធ្ងរជាងការដែលអាមេរិក គ្រាន់តែកាត់បន្ថយជំនួយខ្លះៗដល់កម្ពុជា ដោយថា ចិនថ្វីតែមកវិនិយោគនៅកម្ពុជា ប៉ុន្តែនាំផលិតផលរបស់ពួកគេនាំទៅលក់នៅទីផ្សារប្រទេសលោកសេរី។ លោកវិភាគថា បើអាមេរិកកាត់បន្ថយឥទ្ធិពលចិនបាន បញ្ហាប្រជាធិបតេយ្យនៅកម្ពុជានឹងត្រូវស្តារឡើងវិញ។
អ្នកវិភាគនយោបាយរូបនេះ វិភាគទៀតថា សង្គ្រាមពាណិជ្ជកម្មពិភពលោកនេះ កម្ពុជានឹងរងគ្រោះមុនគេ បើរដ្ឋាភិបាល ជ្រើសរើសយកផ្លូវដើរ តាមរយៈយកប្រភពគាំទ្រតែមួយ ទាំងវិនិយោគ ទាំងការកម្ចី និងទាំងនយោបាយផងនោះ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍនិងជាអ្នកវិភាគនយោបាយ លោក បណ្ឌិត មាស នី
បើទោះបីជាអ្នកវិភាគថា ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិននេះ បង្កបញ្ហាជាសកល និងអាចប៉ះពាល់ដល់កម្ពុជាក៏ដោយ ប៉ុន្តែថាការស្តារប្រជាធិបតេយ្យនៅកម្ពុជា អាស្រ័យលើឆន្ទៈនយោបាយ ថាតើពួកគេបានគិតពីប្រយោជន៍ជាតិកម្រិតណា។