អតីតនាយករដ្ឋមន្ដ្រីថៃ យីងឡាក់ ស៊ីណាវ៉ាតត្រា បានសន្យាថាលោកស្រីនឹងតតាំងរឿងក្ដីរបស់លោកស្រីរហូតដល់ទទួលបានយុត្តិធម៌ដែលលោកស្រីត្រូវបានចោទថាបណ្ដោយឲ្យមានអំពើពុករលួយក្នុងគម្រោងទិញស្រូវរបស់រដ្ឋ។
លោកស្រី យីងឡាក់ បានថ្លែងអះអាងដូចនេះនៅក្នុងបទសម្ភាសន៍មួយជាមួយបណ្ដាញផ្សាយព័ត៌មាន CNN កាលពីថ្ងៃមិ្សលមិញ។
លោកស្រីបានថ្លែងអះអាងដូចនេះថា៖ “ខ្ញុំប្រកាន់ជំហរដាច់ខាតតតាំងរឿងក្ដីរបស់ខ្ញុំនេះហើយខ្ញុំត្រូវតែហ៊ានទទួលខុសត្រូវចំពោះការចោទប្រកាន់នេះ។ អ្នកដឹងទេក្រសែភ្នែកគ្រប់គ្នាគឺបាញ់ឆ្ពោះមករកខ្ញុំ។ ដូច្នេះខ្ញុំសូមអះអាងថានឹងមិនចាកចេញទៅណាឡើយ”។
កាលពីខែមករាលោកស្រី យីងឡាក់ បានដាក់សំណើសុំក្រុមប្រឹក្សាយោធាទៅធ្វើទស្សនកិច្ចនៅទ្វីបអឺរ៉ុប ប៉ុន្ដែត្រូវបានពួកយោធាបដិសេធដោយអះអាងថាលោកស្រីកំពុងជាប់បណ្ដឹងនៅតុលាការកំពូលក្នុងករណីនេះ។
លោកស្រី យីងឡាក់ បានបន្ដទៀតថាសំណុំរឿងប្រឆាំងលោកស្រីគឺជារឿងគួរឲ្យចំឡែកណាស់ហើយថាគេមានចេតនាផ្ដន្ទាទោសមកលើលោកស្រី។
លោកស្រី យីងឡាក់ កំពុងជាប់បណ្ដឹងករណីធ្វើឲ្យខាតបង់លុយរបស់កសិករថៃរាប់ពាន់លានបាតហើយបណ្ដឹងនេះកំពុងត្រៀមរៀបចំបើកសវនាការដោយតុលាការកំពូល។
ករណីនេះបើរកកំហុសឃើញលោកស្រីនឹងមានទោស១០ឆ្នាំ។ លោកស្រីយីងឡាក់ជាប្អូនបង្កើតរបស់លោកអតីតនាយករដ្ឋមន្ដ្រី ថាក់ស៊ីន ស៊ីណាវ៉ាតត្រា ដែលត្រូវបានបង្ខំឲ្យនីរទេសខ្លួនដោយសារតែសំណុំរឿងពុករលួយនិងបំពានអំណាចរដ្ឋ៕
ប្រភពៈ AFP