អង្គការមួយធ្វើការផ្នែកការពារសិទ្ធិមនុស្ស ទទូចឲ្យរដ្ឋាភិបាលបង្កើនការផ្សព្វផ្សាយច្បាប់ស្ដីពី ការទប់ស្កាត់ការប្រើហិង្សាលើស្ដ្រីឲ្យបានទូលំទូលាយបន្ថែមទៀត ដោយអះអាងថា ច្បាប់នេះមិនទាន់មានការអនុវត្ដឲ្យបានពេញលេញនៅឡើយ។
ការស្នើសុំនេះ ធ្វើឡើងនៅក្នុងពិធីតាំងពិពណ៌រូបថត ស្ដីពីការប្រើហិង្សាលើស្ដ្រីនៅក្នុងគ្រួសារ ដែលរៀបចំដោយអង្គការលីកាដូ នៅក្នុងខេត្ដសៀមរាប នាល្ងាចថ្ងៃសៅរិ៍ទី២១ខែកុម្ភៈនេះ។
ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ លោកស្រី ពុង ឈីវកេក មានប្រសាសន៍ថា ច្បាប់ស្ដីពីការទប់ស្កាត់ការប្រើហឹង្សាលើស្ដ្រីដែលរដ្ឋាភិបាលអនុមត្ដិនៅឆ្នាំ២០០៥នោះ មិនទាន់បានផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សាធារណៈជនទូទៅនៅឡើយទេ ដែលលោកស្រីថា ភាពរខ្វះខាតព័ត៌មាននេះ ធ្វើឲ្យអំពើហឹង្សាក្នុងគ្រួសារបន្ដកើតមានគួរឲ្យព្រួយបារម្ភ។ លោកស្រីទទួចឲ្យរដ្ឋាភិបាល បង្កើនការផ្សព្វផ្សាយច្បាប់នេះឲ្យបានគ្រប់ជ្រុងជ្រោយតាមបណ្ដាញសារព័ត៌មានរបស់រដ្ឋាភិបាល ដើម្បីឲ្យបានដល់សារធារណៈជនបន្ថែមទៀត ពិសេសចំពោះសិស្សានុសិស្សនៅតាមបណ្ដាអនុវិទ្យាល័យ វិទ្យាល័យ ឬសាកលវិទ្យាល័យ ដើម្បីឲ្យពួកគាត់យល់ដឹងពីបញ្ហានេះ រួចហើយពន្យល់ដល់ក្រុមគ្រួសារពួកគាត់។
លោកស្រី ពុង ឈីវកេក បន្ដថា ការហិង្សានៅក្នុងគ្រួសារអាចកើតមានដល់តំណរកូនចៅ របស់ពួកគេបន្ដទៀត បើសិនគ្មានការយល់ដឹងពីច្បាប់នេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួងគ្មានស្ថិតិពិតប្រាកដពីការប្រើហិង្សា នៅក្នុងគ្រួសារលើស្ដ្រីឲ្យបានច្បាស់លាស់នៅឡើយទេ។ លោកបន្ដថា ចំណែក ការស្នើឲ្យមានការផ្សព្វផ្សាយតាមបណ្ដាញផ្សព្វផ្សារបស់រដ្ឋលើករណីនេះ ជាសិទ្ធិសម្រេចរបស់រដ្ឋាភិបាល។
បើតាមរបាយការណ៍របស់អង្គការលីកាដូរឲ្យដឹងថា ស្ថាប័ននេះ ក្នុងមួយឆ្នាំទទួលពាក្យបណ្ដឹងពីជនរងគ្រោះចំនួន២០០ករណីយ៉ាងតិចក្នុង១ឆ្នាំៗ។ របាយការណ៍បញ្ជាក់ថា ការប្រើហឹង្សានៅលើស្ដ្រីនៅក្នុងប្រទេសកម្ពុជា មិនមានការថយចុះនោះទេ៕