រដ្ឋាភិបាលអះអាងថានឹងធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនពលរដ្ឋដែលនៅសេសសល់ជាង៣លាននាក់ឲ្យបានចប់តាមការគ្រោងទុកដើម្បីឲ្យពួកគេបានយកទៅបោះឆ្នោតនៅអាណត្តិក្រោយនេះ។
ក្រោយពីចូលរួមសន្និបាតការងារក្រសួងមហាផ្ទៃនៅថ្ងៃអង្គារនេះលោក ស ខេង ថ្លែងប្រាប់អ្នកសារព័ត៌មានថាប្រជាពលរដ្ឋជាង៣លាន៦សែននាក់ទៀតមិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណនៅឡើយ។ ប៉ុន្តែលោកថាលោកនឹងជំរុញទៅស្ថាប័នពាក់ព័ន្ធជួយពន្លឿនធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានទំាងអស់គ្នាដើម្បីយកទៅបោះឆ្នោតនៅអាណត្តិក្រោយនេះ។ លោកមានប្រសាសន៍ថា៖ ”នៅសេសសល់មួយចំនួននោះគឺយើងជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធនិយាយរួមអភិបាលខេត្តក៏ដូចជានគរបាលខិតខំពន្លឿនជំរុញការងារនេះបន្តទៀត”។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ យល់ថាបើអាជ្ញាធរនៅតែប្រើនីតិវិធីធ្វើអត្តសញ្ញាណប័ណ្ណដូចសព្វថ្ងៃគឺមានភាពស្មុគស្មាញគឺមិនអាចធ្វើទាន់តាមការគ្រោងទុកនោះទេ។ ប៉ុន្តែលោកថាដើម្បីទទួលបានផលវិជ្ជមាន អាជ្ញាធរពាក់ព័ន្ធត្រូវសហការគ្នាចុះទៅមូលដ្ឋានផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋជាពិសេសតំបន់ដែលពលរដ្ឋផ្លាស់ប្តូរទីលំនៅថ្មី។ លោកបន្តថា៖ “តាមខ្ញុំមើលសម្រាប់រាជធានីភ្នំពេញតំបន់ដែលមានការអភិវឌ្ឍអចលនទ្រព្យច្រើនគួរតែជាចំណុចចាប់អារម្មណ៍ ហើយនិងផ្សព្វផ្សាយឲ្យបានទូលំទូលាយដូចជាការដាក់មេក្រូដូចជាការជូនដំណឹង ទំរង់ជាយុទ្ធនាការនៅតាមភូមិហ្នឹងទៅដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងគាត់អាចមកធ្វើបាន”។
អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃលោក ម៉ៅ ចាន់តារ៉ា ទទួលស្គាល់ថាអាជ្ញាធរមូលដ្ឋានមួយចំនួនធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋមានភាពយឺតយ៉ាវមែនដោយលោកថាដោយសារមានកំហុសបច្ចេកទេសនិងកង្វះខាតមន្ត្រីជំនាញនៅថ្នាក់ក្រោម។ យ៉ាងណាក៏ដោយលោកថាក្រសួងមហាផ្ទៃនឹងធ្វើការតាមដានដោយយកចិត្តទុកដាក់ និងរៀបចំឲ្យមានប្រព័ន្ធទំនាក់ទំនងតាមបែបបច្ចេកវិទ្យាទំនើបជាមួយប្រជាពលរដ្ឋនិងក្រសួងដើម្បីលុបបំបាត់មន្រ្តីអសកម្ម។លោកមានប្រសាសន៍ថា៖ ”អ្នកដែលធ្វើអត្តសញ្ញាណប័ណ្ណលើសពី៣០ថ្ងៃគឺគាត់បានបំពេញបែបបទហើយគាត់អាចចូលមកក្នុងវេបសាយអត្តសញ្ញាណកម្មគាត់និងដឹងថាឥឡូវនេះផែនការរបស់គាត់កំពុងនៅកន្លែងណាហើយមានលេខតេលេហ្វូនសម្រាប់ឲ្យគាត់ទាក់ទង ទី២ទៀតយើងក៏រៀបចំហ្វេសប៊ុករបស់អគ្គនាយកដ្ឋាននេះដើម្បីរៀបចំCommentពាក់ព័ន្ធបញ្ហានេះ យើងដោះបញ្ហាហ្នឹងជូនគាត់ ទី៣ទៀតគេមានរៀបចំ១៣ក្រុងត្រូវតាមដានមើលការបញ្ជូនទិន្នន័យ ការផលិត ហើយនិងការបញ្ជូនអត្តសញ្ញាណប័ណ្ណនេះ នេះគឺដើម្បីកែលំអសេវាសាធារណៈនេះឲ្យវាកាន់តែល្អហើយដើម្បីដេញជើងមន្ត្រីខ្លះដែលគាត់ខិលខូចផង”។
រាជរដ្ឋាភិបាលកម្ពុជាប្រកាសថាការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនឹងត្រូវយកតម្លៃ១ម៉ឺនរៀលចាប់ពីថ្ងៃទី០១ខែកក្កដាឆ្នាំ២០១៤ដោយអះអាងថាដើម្បីជួយសម្រាលការចំណាយដែលជាបន្ទុករបស់រដ្ឋាភិបាល។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃចុះខែកក្កដា២០០៧ប្រជាពលរដ្ឋដែលអាចធ្វើអត្តសញ្ញាណប័ណ្ណបានត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ហើយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាពរយៈពេល១០ឆ្នាំ។ នៅពេលផុតសុពលភាព សាម៉ីខ្លួនត្រូវស្នើសុំធ្វើសារជាថ្មីឡើងវិញ។
បើតាមក្រសួងមហាផ្ទៃឲ្យដឹងថាតាមគម្រោងអ្នកដែលត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណមានជាង១០លាននាក់ ប៉ុន្តែបច្ចុប្បន្ននេះអ្នកដែលសេសសល់មិនទាន់ទៅធ្វើអត្តសញ្ញាណប័ណ្ណមានចំនួន៣លាន៦សែននាក់៕