តុលាការបានសម្រេចកាត់ទោសបុរសម្នាក់ដាក់ពន្ធនាគារយៈពេលមួយឆ្នាំកន្លះដោយចោទថាបានគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា។
យោងតាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដែលសម្រេចកាលពីថ្ងៃទី២៣ខែកុម្ភៈម្សិលមិញគឺបុរសឈ្មោះ ផង់ សីហា អាយុ២៧ឆ្នាំត្រូវបានចៅក្រមជំនុំជម្រះផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែតែអនុវត្តទោសត្រឹម៦ខែនិងពិន័យមួយលានរៀលពីបទគំរាមកំហែងថានឹងសម្លាប់តាមមាត្រា២៣៣នៃក្រមព្រហ្មទណ្ឌ។
លោក ផង់ សីហា ដែលមានស្រុកកំណើត ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវបាននគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបុរសរូបនេះបានឆ្លងដែនពីប្រទេសថៃចូលក្នុងទឹកដីកម្ពុជាវិញ។
ក្រោយការចាប់ខ្លួនបុរសរូបនេះលោក សុខ ទូច បានអះអាងថាលោកមិនបានប្តឹងឲ្យសមត្ថកិច្ចចាប់ជនដែលជាប់ចោទថា គំរាមសម្លាប់រូបលោកនេះទេ។
បើតាមសាលក្រមបុរសរូបនេះនឹងត្រូវដោះលែងឲ្យមានសេរីភាពវិញនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ។
នៅពេលទាក់ទងទៅកាន់លោក សុខ ទូច អ្នកទទួលទូរសព្ទបានអះអាងថាលោកបណ្ឌិតមិនអាចនិយាយបានទេដោយសារមានបញ្ហាសុខភាព។
ប៉ុន្តែក្រោយមកនៅលើហ្វេសប៊ុករបស់លោក សុខ ទូច បានសរសេរថា “ចំពោះការកាត់ទោសជនម្នាក់ដែលគម្រាមសម្លាប់រូបខ្ញុំគឺជានិតិវិធីរបស់តុលាការរូបខ្ញុំមិនបានប្តឹងគាត់នោះទេទាំងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ។ ប៉ុន្តែក្រោយការកាត់ទោសប្រសិនមានការស្នើសុំពីក្រុមគ្រួសារខ្ញុំនឹងពិនិត្យលទ្ធភាព!”៕