បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណៈរដ្ឋលោក Donald Trump បានដណ្ដើមជ័យជម្នះចំនួន៣រដ្ឋថែមទៀតហើយចុងក្រោយនេះគឺរដ្ឋ Nevada ដែលធ្វើឲ្យជ័យជម្នះរបស់លោកកាន់តែរឹងមាំដើម្បីឈានទៅដល់ការតែងតាំងចេញពីគណបក្សសំរាប់ការប្រកួតប្រជែងតំណែងប្រធានាធិបតីជាមួយគណបក្សប្រជាធិបតេយ្យ។
មហាសេដ្ឋីរូបនេះបានឈ្នះឆ្នោតនៅរដ្ឋចំនួន៣នៅដំណាក់កាលចុងក្រោយនេះគឺរដ្ឋ New Hampshire រដ្ឋ South Carolina និងរដ្ឋ Nevada ដែលធ្វើឲ្យគូប្រកួតសមាជិកព្រឹទ្ធិសភា Marco Rubio និង Ted Cruz ស្ថិតក្នុងតំណែងប្រទាញប្រទូងគ្នា។ ពួកមន្ដ្រីគណបក្សសាធារណរដ្ឋក៏បានទទួលស្គាល់ជ័យជម្នះរបស់លោក Donald Trump ភ្លាមៗនៅពេលដែលការរាប់សន្លឹកឆ្នោតនៅរដ្ឋ Nevada ចប់សព្វគ្រប់។
បេក្ខជន Donald Trump ទោះបីចាញ់ឆ្នោតនៅរដ្ឋ Iowa ក៏ដោយប៉ុន្ដែជ័យជម្នះរបស់មហាសេដ្ឋីរូបនេះមានភាពរឹងមាំជាងបេក្ខជនដទៃទៀតដែលនឹងធ្វើឲ្យបេក្ខភាពរបស់គាត់អាចត្រូវបានគណបក្សយកមកធ្វើការពិនិត្យនិងសំរេច។
តែនៅជាមួយគ្នានេះបេក្ខជន២រូបមកពីគណបក្សប្រជាធិបតេយ្យគឺលោកស្រី Hilary Clinton អតីតរដ្ឋមន្ដ្រីការបរទេសនិងសមាជិកព្រឹទ្ធិសភា Bernie Sanders ក៏មានសំលេងប្រកៀកៗគ្នាយ៉ាងខ្លាំងដែលពួកគេបានឆ្លងកាត់ការបោះឆ្នោតនៅរដ្ឋទាំងនេះ។
អាមេរិកនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី៨វិច្ឆិកាដែលជាការជ្រើសរើសតំណែងប្រធានាធិបតីលើកទី៤៥ជំនួសលោក ប៉ារ៉ាក់ អូបាម៉ា ដែលចូលនិវត្តន៍៕
ប្រភព:BBC