ក្រសួងរៀបចំដែនដីឲ្យដឹងថាខ្លួននៅមានបញ្ហាប្រឈមមួយចំនួនចំពោះការអនុវត្តការងារកន្លងមកដោយសារតែមានម្ចាស់សំណង់មួយចំនួនបានសាងសង់សំណង់អគារដោយមិនបានសុំការអនុញ្ញាតឬម្ចាស់សំណង់អគារខ្លះបានសង់សំណង់របស់ខ្លួនហួសពីអ្វីដែលមន្ត្រីមានសមត្ថកិច្ចបានអនុញ្ញាតដែលក្រសួងថាបានធ្វើឲ្យបាត់សោភ័ណ្ឌទីក្រុងនិងសុវត្ថិភាពសាធារណៈជាដើម។
នៅក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥និងទិសដៅពី២០១៦ ដែលបានផ្សព្វផ្សាយនៅថ្ងៃចន្ទនេះ ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ឲ្យដឹងថាក្រសួងនៅមានចំណុចប្រឈមមួយចំនួនដោយម្ចាស់សំណង់មួយចំនួនបានសាងសង់សំណង់របស់ខ្លួនដោយគ្មានការអនុញ្ញាតនិងអ្នកខ្លះបានសាងសង់មុនបានទទួលលិខិតអនុញ្ញាតនិងមានខ្លះទៀតបានសាងសង់ហួសពីអ្វីដែលស្ថាប័នមានសមត្ថកិច្ចបានអនុញ្ញាត។ បើតាមរបាយការណ៍នេះ ក្រសួងចាត់ទុកករណីទាំងនេះថាបង្កឲ្យមានទំនាស់ជាមួយអ្នកជិតខាង ប៉ះពាល់សោភ័ណ្ឌទីក្រុង ក៏ដូចជាសុវត្ថិភាពសាធារណៈជាដើម។
របាយការណ៍ដដែលឲ្យដឹងទៀតថាម្ចាស់សំណង់មួយចំនួនមិនព្រមកែលម្អនិងកែតម្រូវទៅតាមសេចក្តីណែនាំរបស់ក្រសួង ដែលក្រសួងថាបានធ្វើឲ្យមានការរំលោភដីសាធារណៈ ឬទ្រង់ទ្រាយអគារមិនត្រូវស្តង់ដារជាដើម។ របាយការណ៍បន្តថាមិនតែប៉ុណ្ណោះ ម្ចាស់សំណង់អគារខ្លះមិនបានដាក់សំណាញ់សុវត្ថិភាព ឬរបងហ៊ុំព័ទ្ធការដ្ឋានឲ្យបានត្រឹមត្រូវឬបានធ្វើរបងរំលោភលើដីសាធារណៈ ដែលក្រសួងថាបានធ្វើឲ្យខូចរបៀបរៀបរយសាធារណៈ។
បើតាមរបាយការណ៍ ក្នុងឆ្នាំ២០១៥ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសមានចំនួន២៣០៥គម្រោងដែលគិតជាទឹកប្រាក់មានចំនួន៣៣៣៨លានដុល្លារអាមេរិក កើនលើសឆ្នាំ២០១៤ ចំនួន៣៣,១៤ភាគរយ។
វីអូឌី(VOD)មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងដែនដី លោក សេង ឡូត បាននៅឡើយដោយលោកថាលោកកំពុងស្ថិតក្នុងសន្និបាតរបស់ក្រសួង។ ទោះយ៉ាងណា របាយការណ៍របស់ក្រសួងឲ្យដឹងដែរថាក្រសួងកំពុងតែខិតខំដោះស្រាយបញ្ហាទាំងនេះ ដោយបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។
នាយកប្រតិបតិ្តសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថាសំណង់អគារមួយចំនួនត្រូវបានសាងសង់ដោយរំលោភលើចំណីផ្លូវសាធារណៈ ហើយមិនមានមន្ត្រីមានសមត្ថកិច្ចចុះទៅហាមឃាត់ឬអន្តរាគមន៍នោះទេ។ លោកថាក្រសួងត្រូវមានវិធានការទប់ស្តាក់ករណីនេះឲ្យបានម៉ឺងម៉ាត់និងមានតម្លាភាព ដើម្បីចៀសវាងការរំលោភលើដីសាធារណៈ។
លោកបន្ថែមថា៖ “ត្រូវតែមានអន្តរាគមន៍ឬក៏ការត្រួតពិនិត្យជាប្រចាំ ទៅលើសំណង់ទាំងលាយទាំងនៅរាជធានី និងខេត្ត ធ្វើយ៉ាងម៉េចដើម្បីធានាថាវាមិនមានចលនា ឬវារំលោភដល់សណ្តាប់ធ្នាប់សាធារណៈ”។
គួរបញ្ជាក់ថា កន្លងទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ធ្លាប់បានបញ្ជាឲ្យរុះរើសំណង់អគាររបស់កាស៊ីណូណាហ្គាវើល ដែលលោកថាសំណង់នោះបានសាងសង់ដោយខុសច្បាប់និងធ្វើឲ្យខូចសោភ័ណ្ឌភាពទីក្រុង។ ជាមួយគ្នានេះដែរ សំណង់អគារនៅក្បែរស្តាតអូឡាំពិក ក៏បានបង្កឲ្យអ្នកធ្វើដំណើរឆ្លងកាត់ក្បែរនោះស្លាប់ម្នាក់ ដោយសារធា្លក់ដែកលើនិងអ្នកធ្វើដំណើរម្នាក់រងរបួសដោយសាររបងហ៊ុំព័ទ្ធអគារសំណង់រលំលើផងដែរ៕