មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញសេចក្ដីថ្លែងការណ៍ស្នើឲ្យរដ្ឋាភិបាលបង្កើតច្បាប់ការពារអ្នកស្រឡាញ់ភេទដូចគ្នាដោយប្រឆាំងពីការរើសអើងគ្រប់បែបយ៉ាងនៅក្នុងប្រទេសកម្ពុជា។
សេចក្ដីថ្លែងការណ៍ចុះថ្ងៃទី០១ ខែមីនា ក្នុងឱកាសនៃទិវាគ្មានការរើសអើង២០១៦ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញផ្សាយនៃសាវតារក្រុមអ្នកស្រឡាញ់ភេទដូចគ្នានិងអំពាវនាវឲ្យរដ្ឋាភិបាលបង្កើតឲ្យមានច្បាប់ប្រឆាំងនឹងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នាឲ្យបានឆាប់រហ័ស។
សេចក្ដីថ្លែងការណ៍លើកឡើងថាបទបញ្ញត្តិនៃច្បាប់នោះគួរតែបញ្ចូលការគោរពឲ្យបានស្មើភាពគា្នចំពោះសិស្ស និស្សិត និង និយោជិកដែលស្រឡាញ់ភេទដូចគ្នានៅគ្រប់កម្រិតនៃគ្រឹះស្ថានអប់រំ ផ្ដល់សេវាថែទាំសុខភាព និងចែងឲ្យច្បាស់ចំពោះជនណាដែលបំពានលើច្បាប់នេះ។
មន្រ្តីសម្របសម្រួលគម្រោងនិន្នាការភេទនិងអត្តសញ្ញាណយេនឌ័រនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក នួន ស៊ីដារ៉ា បានលើកឡើងថាអ្នកស្រឡាញ់ភេទដូចគ្នាទទួលរងការរើសអើងខ្លាំងពីសំណាក់បុគ្គលឯកជននិងតួអង្គរដ្ឋដូចជានគរបាលជាដើម។ ហើយប្រទេសកម្ពុជាមិនទាន់មានច្បាប់ការពារអ្នកស្រលាញ់ភេទដូចគ្នានោះទេដែលបណ្ដាលឲ្យមានការលំបាកក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងទៅលើអ្នកស្រលាញ់ភេទដូចគ្នា។
ក្នុងសេចក្ដីថ្លែងការណ៍ដដែលបានដកស្រង់សំដីលោក ផៃ ស៊ីផាន មកបញ្ជាក់ថារដ្ឋាភិបាលគាំទ្រចំពោះអ្នកស្រឡាញ់ភេទដូចគ្នា។ លោកថ្លែងថា៖ “សង្គមកម្ពុជាមិនរើសអើងនឹងអ្នកស្រឡាញ់ភេទដូចគ្នាទេ…..គ្មានច្បាប់រើសអើងប្រឆាំងនឹងពួកគេ”។
របាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្រោមចំណងជើងថា “ការសម្លុតអ្នកស្រឡាញ់ភេទដូចគ្នានៅតាមសាលារៀនក្នុងប្រទេសកម្ពុជា” បានបង្ហាញថា៦៣ភាគរយនៃអ្នកឆ្លើយសំណួរគឺពួកគេបានរងការសម្លុតនៅតាមសាលារៀនដោយសារតែពួកគេជាអ្នកស្រលាញ់ភេទដូចគ្នា។ ការសិក្សាស្រាវជ្រាវបង្ហាញថាតួអង្គរដ្ឋក៏មានកំហុសញឹកញាប់ផងដែរ។ ហើយការរើសអើងភេទនេះមិនត្រឹមតែកើតចេញពីមិត្តរួមសាលានោះទេ រួមទាំងពីសំណាក់គ្រូ និងមន្រ្តីនគរបាលផងដែរ៕