អតីតអនុប្រធានាធិបតីស៊ីមបាវ៉េលោកស្រី Joice Mujuru បានឱ្យដឹងកាលពីថ្ងៃអង្គារថា លោកស្រីបានចាប់ផ្តើមគណបក្សនយោបាយថ្មីមួយ ដើម្បីប្រកួតប្រជែងមេដឹកនាំជើងចាស់គឺលោកប្រធានាធិបតី Robert Mugabe។
ភ្នាក់ងារព័ត៌មាន Reuter បានរាយការណ៍ថា លោកស្រី Mujuru បានថ្លែងឲ្យដឹងពីការបង្កើតគណបក្សឈ្មោះ ប្រជាពលរដ្ឋស៊ីមបាវ៉េជាចម្បង (Zimbabwe People First)នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ ដែលនោះគឺជាការថ្លែងជាសាធារណៈដំបូងរបស់លោកស្រី បន្ទាប់ពីត្រូវបានបណ្ដេញចេញពីតំណែងនៅក្នុងឆ្នាំ២០១៤។
លោកស្រីមានប្រសាសន៍ថា៖ “យើងមិនមែនប្រយុទ្ធប្រឆាំងជាមួយនឹងបុរសម្នាក់នោះទេ ប៉ុន្តែគឺប្រព័ន្ធ ប្រព័ន្ធមួយដែលមិនយុត្តិធម៌”។
លោកស្រី Joice Jujuru ដែលមានវ័យ៦០ឆ្នាំ បានបម្រើការជាអនុប្រធានាធិបតីរបស់លោក Mugabe អស់រយៈពេល១ទសវត្ស មុនពេលដែលស្រីត្រូវបានបណ្ដេញចេញពីតំណែងនៅក្នុងរដ្ឋាភិបាល និងនៅក្នុងគណបក្ស កាលពីខែធ្នូ ឆ្នាំ២០១៤ ដោយលោកស្រីត្រូវបានចោទថាមានឧបាយកលសម្ងាត់ចង់បណ្ដេញលោក Mugabe ចេញពីអំណាច។
ពិធីសម្ពោធគណបក្សរបស់លោកស្រី Mujuru មានការចូលរួមពីអតីតរដ្ឋមន្រ្តីយ៉ាងតិចបួននាក់ដែលត្រូវបានលោកមូហ្គាបេបណ្ដេញចេញ និងអ្នកការទូតលោកខាងលិចមួយចំនួនផងដែរ។
គេនៅមិនទាន់ច្បាស់នៅឡើយទេថាតើលោកស្រី Mujuru នឹងទទួលបានការគាំទ្រកម្រិតណា ហើយថាតើកម្រិតនៃការគាំត្រនោះនឹងគ្រប់គ្រាន់ដើម្បីកាត់បន្ថយការក្ដោបក្ដាប់អំណាចយ៉ាងណែនរបស់លោក មូហ្គាបេ បានយ៉ាងណា។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោកប្រធានាធិបតីលោក Robert Mugabe ដែលកាន់អំណាចយូរជាងគេនៅលើពិភពលោក បានធ្វើពិធីប្រារព្វខួបកំណើតអាយុ៩២ឆ្នាំរបស់លោក ដោយសន្យាថាបន្តកាន់អំណាចរហូតដល់ស្លាប់៕
ប្រភព៖ Channel News Asia