រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលខ្នាតខ្លីៗចូលទៅក្នុងសមុទ្រភាគអាគ្នេយ៍នៅថ្ងៃព្រហស្បតិ៍នេះជាការឆ្លើយតបនឹងការប្រកាសដាក់ទណ្ឌជាថ្មីទៀតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Moon Sang-Gyun ថ្លែងថាតាមការតាមដានរបស់ពួកគេគឺកូរ៉េខាងជើងបានបាញ់មីស៊ីលខ្លីៗជាបន្តបន្ទាប់គឺក្រោយប៉ុន្មានម៉ោងដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានប្រកាសដាក់ទណ្ឌកម្មលើប្រទេសនេះ។ លោកបន្តថាពេលនេះកូរ៉េខាងត្បូងកំពុងតាមដាននិងវិភាគលើការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ នេះបើតាមសារព័ត៌មាន Channel News Asia។
លោក Moon Sang-Gyun បញ្ជាក់ថាគ្រាប់នោះបានបាញ់ទៅសមុទ្រខាងកើតឬសមុទ្រជប៉ុននៅម៉ោងប្រមាណ១០ព្រឹកម៉ោងនៅតំបន់នោះ។
សមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ប្រទេសនៃអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីព្រាងរបស់អាមេរិកដែលមានការគាំទ្រពីចិនដោយសម្រេចរឹតបន្តឹងនាំចេញទំនិញនិងបន្ថែមការត្រួតពិនិត្យលើប្រទេសកូរ៉េខាងជើង។
ប្រធានាធិបតីអាមេរិកបានសម្តែងការស្វាគមន៍ចំពោះការដាក់សម្ពាធនេះចំពោះទីក្រុងព្យុងយ៉ាងដែលបានសាកល្បងអាវុធនុយក្លេអ៊ែលើកទី៤របស់ខ្លួនកាលពីថ្ងៃទី៦ខែមករានិងបាញ់រ៉ុកែតកាលពីថ្ងៃទី៧ខែកុម្ភៈ៕