កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានបើកការជជែកគ្នានៅថ្ងៃសុក្រនេះដើម្បីស្វែងរកលទ្ធភាពក្នុងការរៀបចំប្រព័ន្ធការពារមីស៊ីលត្រៀមប្រឆាំងការវាយប្រហារពីកូរ៉េខាងជើងខណៈសង្គ្រាមពាក្យសម្តីចេះកើនឡើង។
ទោះយ៉ាងណាគម្រោងការរៀបចំប្រព័ន្ធការពារមីស៊ីលពីកូរ៉េខាងជើងនិងការត្រៀមវាយបករបស់សម្ព័ន្ធអាមេរិកនិងកូរ៉េខាងត្បូងនេះត្រូវបានភាគីចិនប្រកាសជំទាស់យ៉ាងខ្លាំង។ នេះបើតាមសារព័ត៌មាន Channel News Asia។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងថ្លែងថាការចាប់ផ្តើមជជែកគ្នានេះគឺផ្តោតសំខាន់ដើម្បីការពារសុវត្ថិភាពក្នុងតំបន់ដូចជាកំណត់ពីតម្លៃនៃការចំណាយពេលវេលាដែលត្រូវចាប់ផ្តើមនៅពេលដែលមានបញ្ហាប្រឈមខ្លាំង។
ពួកគេបញ្ជាក់ថាប្រព័ន្ធនៃការចាប់គ្រាប់មីស៊ីលឆ្លងទ្វីបរបស់សត្រូវនោះពួកគេនឹងប្រើក្នុងដំណាក់កាលចុងក្រោយ។
ទីក្រុងវ៉ាស៊ីនតោននិងសេអ៊ូលបានប្រកាសពីការចូលរួមរបស់ពួកគេក្នុងការជជែកដើម្បីត្រៀមចំពោះករណីដូចទីក្រុងព្យុងយ៉ាងបានបាញ់រ៉ុកែតខ្នាតវែងកាលពីថ្ងៃទី៧ខែកុម្ភៈនិងតាមដានករណីបាញ់មីស៊ីលឆ្លងទ្វីប។
ការជួបប្រជុំជាលើកដំបូងរបស់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនេះមានការជំទាស់យ៉ាងខ្លាំងពីចិននិងរុស្ស៊ី។ ទីក្រុងប៉េកាំងព្រមានថាការដាក់ពង្រាយឧបករណ៍ចាប់មីស៊ីលនិងត្រៀមឆ្លើយតបជាមួយកូរ៉េខាងជើងនេះគឺអាចឈានដល់ការបំផ្លាញទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងក្រុងសេអ៊ូល។
ការជំទាស់របស់ចិននៅពេលនេះដោយសារតែចិនយល់ថាបើអាមេរិកនិងកូរ៉េខាងត្បូងរៀបចំប្រព័ន្ធចាប់ឬការពារមីស៊ីលរបស់កូរ៉េខាងជើងនោះឧបករណ៍របស់អាមេរិកនិងកូរ៉េខាងត្បូងអាចដានតាមដំណើរការអាវុធនុយក្លេអ៊ែរបស់ចិនព្រោះថាឧបករណ៍នោះវាអាចស៊ើបការបានឆ្ងាយរហូតដល់ដែនដីនៃទីក្រុងសៀននៅភាគពាយ័ព្យប្រទេសចិន៕