អង្គការសង្គមស៊ីវិលចំនួន ២១ បានចេញសេចក្ដីថ្លែងការណ៍រួមស្នើរឲ្យសភា ផ្ដល់ពេលវេលាគ្រប់គ្រាន់ឲ្យសហជីពផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព និងទទួលយកសំណើរដាក់បញ្ចូលក្នុងសេចក្ដីព្រាងច្បាប់នោះ។
សេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី ៦ ខែ មីនា បានលើកឡើងថា រដ្ឋសភាគ្រោងនឹងរៀបចំសិក្ខាសាលាមួយព្រឹកនៅថ្ងៃទី៩ ខែ មីនា ដើម្បីពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ហើយក្នុងរបៀបវារៈបានផ្ដល់ពេលត្រឹមតែកន្លះម៉ោងសម្រាប់ភាគីពាក់ព័ន្ធសួរសំណួរ។ សង្គមស៊ីវិល និង សហជីពទាំងនោះយល់ឃើញថា វាជារយៈពេលតិចតួចបំផុតដែលហាក់គ្មានអត្ថន័យក្នុងការពិគ្រោះយោបល់បង្ហាញពីការព្រួយសម្រាប់សហជីព ដូច្នេះទើបស្នើឲ្យមានការផ្ដល់ពេលវេលាគ្រប់គ្រាន់ក្នុងការផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពឲ្យបានគ្រប់ជ្រុងជ្រោយ។
សេចក្ដីថ្លែងការណ៍ដដែលក៏បានលើកឡើងដែរថា សេចក្ដីព្រាងច្បាប់នេះមានឥទ្ធិពលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់កម្មករនយោជិក សេរីភាពខាងបង្កើតសមាគម ការចរចារជាសមូលហភាព ការប្រមូលផ្ដុំ និងបញ្ចេញមតិ ដែលមិនមានការកែប្រែជាដុំកំភួនបន្ទាប់ពីបក្សនយោបាយទាំងពីរពិភាក្សាជាច្រើនលើក។ ដូច្នេះក្រុមសង្គមស៊ីវិល និង សហជីពក៏ស្នើរដ្ឋសភាទទួលយកសំណើររបស់សហជីពដាក់បញ្ចូលទៅក្នុងសេចក្ដីព្រាងច្បាប់។
អង្គការសង្គមស៊ីវិល និង សហជីពទាំងនោះរួមមានអង្គការលីកាដូ សមាគមអាដហុក សហភាពការងារកម្ពុជា សហភាពចលនាកម្មករកម្ពុជា និងសហជីពផ្សេៗទៀត។
គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពនេះ ត្រូវបានព្រាងដោយក្រសួងការងារ បន្ទាប់ទៅទីស្ដីការគណៈរដ្ឋមន្ត្រី និង ចុងក្រោយបញ្ជូលទៅកាន់រដ្ឋសភា។ សេចក្ដីព្រាងច្បាប់នេះត្រូវបានយកចិត្តទុកដាក់ក្នុងការតស៊ូមតិយ៉ាងខ្លាំងពីសំណាក់អង្គការសង្គមស៊ីវិល និង សហជីព ដោយពួកគេអះអាងថាមានមាត្រាមួយចំនួនដែលជាកង្វល់ក្នុងការចូលរួមសកម្មភាពរបស់កម្មករនយោជិកនាពេលអនាគត៕