ក្រុមគ្រួសាររបស់សកម្មជនមាតាធម្មជាតិ៣នាក់ដែលកំពុងជាប់ពន្ធនាគារនៅថ្ងៃចន្ទនេះបានស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តីនិងស្ថាប័នពាក់ព័ន្ធ ឲ្យដោះលែងស្វាមីនិងកូន ដោយអះអាងថាការចោទប្រកាន់របស់តុលាការខេត្តកោះកុងធ្វើឡើងទាំងអយុត្តិធម៌។
សកម្មជនចលនាមាតាធម្មជាតិ៣នាក់ រួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ដោយចោទប្រកាន់ពីបទគំរាមកំហែងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ។
ភរិយារបស់លោក ស៊ីម សំណាង ដែលកំពុងជាប់ឃុំ គឺអ្នកស្រី ថា សុភា ប្រាប់ថា នៅព្រឹកថ្ងៃចន្ទនេះ អ្នកស្រី និងម្តាយរបស់សកម្មជន២នាក់ផ្សេងទៀតបានដាក់លិខិតសុំអន្តរាគមន៍ពីខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌ ដើម្បីជួយដោះលែងស្វាមីអ្នកស្រី។ អ្នកស្រីបន្តថាស្វាមីរបស់អ្នកស្រីនិងសកម្មជនមាតាធម្មជាតិ២នាក់ទៀតមិនបានធ្វើខុសដូចការចោទប្រកាន់របស់តុលាការនោះទេ។
អ្នកស្រីមានប្រសាសន៍ថា៖ “គាត់គ្រាន់តែការពារសម្បត្តិរបស់ជាតិដែលជួយសហគមន៍នៅតាមតំបន់ដែលរងគ្រោះហ្នឹង បែរជាចាប់គាត់ចឹងវាអយុត្តិធម៌ណាស់បង។ អ្នកដែលថែរធម្មជាតិ សម្បត្តិធម្មជាតិបើនៅប្រទេសគេ គេលើកតម្កើងគេគាំទ្រ តែសម្រាប់ប្រទេសរបស់យើងវិញបែរជាត្រូវបានរងទុក្ខចឹង គឺអយុត្តិធម៌ណាស់បង”។
អ្នកស្រីរំពឹងថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអាចជួយអន្តរាគមន៍ដោះលែងស្វាមីអ្នកស្រីនិងសកម្មជន២នាក់ផ្សេងទៀត ក្រោយក្រសួងទាំងពីរបានបដិសេធមិនទទួលយកលិខិតរបស់អ្នកស្រី។
មេធាវីការពារក្តីសកម្មជនទាំង៣នាក់ គឺលោកស្រី សាម សុគន្ធា មានប្រសាសន៍ថារឿងក្តីរបស់សកម្មជនមាតាធម្មជាតិទាំង៣រូបនេះតុលាការបានបញ្ចប់ការស៊ើបសួររួចហើយ។ លោកស្រីបន្តថាតុលាការមិនទាន់កំណត់ពេលជាក់លាក់ក្នុងការជំនុំជម្រះនៅឡើយ តែលោកស្រីរំពឹងថាកូនក្តីរបស់លោកស្រីនឹងត្រូវបានដោះលែង។
អ្នកស្រីមានប្រសាសន៍ថា៖ “ដោយសារតែកូនក្តីខ្ញុំគាត់អះអាងថាគាត់អត់បានធ្វើអីខុស ហើយតាមខ្ញុំការពារគាត់កន្លងមកឃើញថាកាត់ពិតជាមិនបានអ្វីអីខុសដូចការចោទប្រកាន់មែន។ អញ្ចឹងខ្ញុំសង្ឃឹមថាដល់ពេលចវនាការតុលាការនឹងលើកលែងការចោទប្រកាន់គាត់”។
គួរបញ្ជាក់ថាសកម្មជនចលនាមាតាធម្មជាតិ៣នាក់ត្រូវបានព្រះរាជអាជ្ញា ប៊ូ ប៊ុនហាំង បានចោទប្រកាន់តាមមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌពីបទគំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយ។ បើតាមមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌ អំពើគំរាមកំហែងតាមមធ្យោបាយណាក៏ដោយថានឹងប្រព្រឹត្តការបំផ្លិចបំផ្លាញ ការធ្វើឲ្យទ្រុឌទ្រោមឬការធ្វើឲ្យខូចខាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី២ទៅ៤លានរៀល ប្រសិនបើការគំរាមកំហែងនេះមានភ្ជាប់បញ្ជាឲ្យបំពេញឬមិនបំពេញកិច្ចអ្វីមួយ។
គួររំឮកថាការចាប់ខ្លួនសកម្មជនទាំងបីនាក់នេះ ធ្វើឡើងក្រោយពីពួកគេបានបើកយុទ្ធនាការរារាំងសាឡងបូមខ្សាច់របស់ក្រុមហ៊ុនវៀតណាមចំនួន២ គឺឈ្មោះInternational Rainbowនិងក្រុមហ៊ុនDirect Access ដោយអះអាងថាការបូមខ្សាច់នេះធ្វើឲ្យប៉ះពាល់លំនៅឋានប្រជាជនដែលរស់នៅក្បែរព្រែក ព្រមទាំងធ្វើឲ្យប៉ះពាល់ជម្រកមច្ឆជាតិនឹងការនេសាទត្រីរបស់ប្រជាជន។ សង្គមស៊ីវិលបានស្នើឲ្យដោះលែងពួកគេទាំងបីនាក់នោះ៕