អង្គការសង្គមស៊ីវិល កម្មកររោងចក្រ ស្ត្រីលក់ស្រាបៀរ សហគមន៍ដីធ្លី ពួកគេបាន ធ្វើយុទ្ធនាការ ជិះកង់ ចេញពីក្រសួងកិច្ចការនារី ឆ្ពោះទៅកាន់មន្ទីររដ្ឋសភា ប៉ុន្តែត្រូវអាជ្ញាធរខណ្ឌមានជ័យមានគ្នាប្រមាណជា៦០នាក់រារាំង។
ការរាំរាំងនោះបាននាំឲ្យមានការប៉ះទង្គិចដោយពាក្យសម្តី នៅគ្រាដែល អាជ្ញាធរព្យាយាមចាប់ក្រៀកយុវជនម្នាក់មិនឲ្យថតរូបនៅកន្លែងតវ៉ា ហើយនាំសំដៅទៅរករថយន្តមួយដែលគេចតចាំមុននៅជិតនោះ។
អ្នកហែក្បួនអះអាងថា គោលបំណងនៃការហែក្បូនទៅកាន់រដ្ឋសភាគឺពួកគេអាចមានឱកាសប្រាប់តំណាងរាស្ត្រ ជំរុញទៅរដ្ឋាភិបាល ឲ្យចាត់វិធានការទប់ស្កាត់អំពើហិង្សាគ្រប់រូបភាពមកលើស្ត្រី និងកុមារ។
ម្យាងវិញទៀត ពួកគេថាចង់ជំរុញឲ្យរដ្ឋាភិបាលបង្កើនចំនួនស្ត្រីចូលក្នុងឆាកនយោបាយឲ្យបានច្រើន សមាមាត្រនឹងចំនួនបុរសដែលពួកគេថាបច្ចុប្បន្ននេះ បញ្ហាស្ត្រីកំពុងប្រឈមទាំងវិស័យការងារ និងវិស័យនយោបាយមិនសូវត្រូវបានដោះស្រាយ។
សកម្មជនដីធ្លីនៅតំបន់បឹងកក់ម្នាក់ក្នុងចំណោមអ្នកចូលរួមជិត២០០នាក់ផ្សេងទៀតគឺអ្នកស្រី បូវ សោភា បង្ហាញការខកចិត្តថា វិធានការរារាំងនេះបានឆ្លុះបញ្ចាំងសេរីភាពបញ្ចេញមតិដោយសន្តិវិធីដែលធានាដោយរដ្ឋធម្មនុញ្ញត្រូវបានរដ្ឋាភិបាលមើលរំលង។
អ្នកស្រី បូវ សោភា យល់ថា ការអនុវត្តច្បាប់បែបនេះបានបន្តការពារតែមន្ត្រីខិលខូច ហើយបានជំរុញឲ្យមានអយុត្តិធម៌កាន់តែខ្លាំងទៅលើជនក្រីក្រ។
អ្នកស្រីមានប្រសាសន៍ថា៖ “យើងមើលឃើញហើយថា អ្នករងគ្រោះតែងក្លាយជាអ្នកទោស ចាស! អ្នកដែលល្មើសច្បាប់បែរជារស់នៅយ៉ាងស្រួល”។

ប្រធានសម្ព័ន្ធសហជីពកម្ពុជាលោកស្រី យ៉ាង សុភ័ណ្ណ ដែលចូលរួមហែក្បូនដែរអះអាងថា ការារាំងនោះ បង្ហាញថា រដ្ឋាភិបាលនៅតែមិនយកចិត្តទុកដាក់ពីទុក្ខលំបាករបស់ស្ត្រីដូចជាអ្នកធ្វើការនៅវិស័យសេវាកំសាន្ត សហគមន៍ដីធ្លី សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងស្ត្រីជាកម្មករក្នុងវិស័យកាត់ដេរជាដើម។
លោក ស្រី យ៉ាង សុភ័ណ្ណ ឲ្យដឹងទៀតថា បើពិនិត្យមើលពីសកម្មភាពចុះរារាំងរបស់អាជ្ញាធរ ស្រ្តីរូបនោះថា រដ្ឋាភិបាលប្រើអំណាចទប់ស្កាត់សេរីភាពបញ្ចេញមតិដោយសន្តិវិធីច្រើនជាងអនុវត្តតាមស្មារតីរដ្ឋធម្មនុញ្ញ។ លោកស្រីថា៖ “វាឆ្លុះបញ្ចាំងថា ប្រទេសកម្ពុជាយើងខ្លួនឯងបានផ្តល់សច្ចាប័នទៅលើអនុសញ្ញាអន្តរជាតិ ច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជាយើងធានាពីសិទ្ធិនារី។ ប៉ុន្តែកន្លែងនេះវានៅតែធ្វើនារីហាក់ដូចជារស់នៅក្រោមគំនាបនៃអំណាចអ្នកមានលុយ អ្នកមានអំណាចនៅក្នុងរបបមួយ បើប្រៀបធៀបនៅក្នុងរោងចក្រវិញ វាហាក់ដូចរស់នៅក្រោមសម្ពាធលក្ខខណ្ឌការងារអាក្រក់”។
ទោះជាយ៉ាងណា អាជ្ញាធរដែលដឹកនាំកម្លាំងចុះរារាំងបានចេញមុខការពាររដ្ឋាភិបាលថា វិធានការទាំងអស់គឺធ្វើឡើងតាមសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ។ លោកថា៖ “សូមបញ្ជាក់ខាងបងប្អូនអ្នកសារព័ត៌មាន រដ្ឋាភិបាលមិនបានហាមឃាត់គាត់ទេ រឿងកិច្ចការងារនេះ គឺយើងបានឲ្យគាត់ធ្វើនៅមុខក្រសួងកិច្ចការនារីមួយផ្នែក ធ្វើនៅអង្គការលីកាដូ ។ ប៉ុន្តែការហែកកង់នេះ បាននិយាយគ្នាម្សិលមិញថា មិនមានការហែកង់ទេ។ ប៉ុន្តែគាត់ហែកង់វាខុសលក្ខខណ្ឌដែលបាននិយាយគ្នានៅសាលាក្រុង”។
លិខិតរបស់សាលារាជធានី ចុះថ្ងៃទី៧ ខែមីនា ផ្ញើជូនប្រធានបណ្តាញកម្មករធ្វើការតាមផ្ទះ អង្គការស៊ីដ និងតំណាងប្រជាពលរដ្ឋបឹងកក់ ដែលជាអ្នកស្នើសុំជិះកង់នោះ គឺសាលារាជធានី មិនឲ្យមានការជិះកង់ជាក្បួនដង្ហែរបស់ប្រជាពលរដ្ឋចំនួនប្រមាណ៣០០នាក់ ដោយអះអាងថា អាចធ្វើឲ្យបះពាល់ដល់សន្តិសុខ និងសណ្ឋាប់ធ្នាប់សាធារណៈ។
អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត ដែលតាមដានករណីនេះ លើកឡើងថា អាជ្ញាធរទំនងជាខ្លាចស្រមោលខ្លួនឯង ដែលលោកថា មិនបានដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព។ លោកថា ការារាំងនោះបង្ហាញពីរូបភាពអាក្រក់ដល់រដ្ឋាភិបាលទៅវិញទេ។
លោកថា៖ “ការខ្លាចស្រមោលនិងបញ្ហាលាបពណ៌នេះហើយដែលធ្វើឲ្យបញ្ហាចេះតែធ្ងន់ធ្ងរ បើយើងព្យាយាមដោះស្រាយ ព្យាយាមសម្រួលធ្វើយ៉ាងណាកុំឲ្យកកស្ទះចរាចរណ៍ ធ្វើយ៉ាងគោរពសិទ្ធិប្រជាពលរដ្ឋ ខ្ញុំគិតថា វាល្អផងទេ សម្រាប់រដ្ឋាភិបាលផង សម្រាប់គណបក្សកាន់អំណាចផង ដែលគេមើលមកថា សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យវាពេញលេញនោះបាទ”។
យ៉ាងណាក៏ដោយ ការប្រឈមមុខដាក់គ្នារវាងក្រុមអ្នកធ្វើយុទ្ធនាការប្រឆាំងនឹងការប្រើហិង្សាគ្រប់រូបភាពលើស្ត្រីនិងកុមារ ប្រារព្វទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ខួបលើក១០៥ ជាមួយអាជ្ញាធរ រាជធានីភ្នំពេញ នោះ មិនបង្កឲ្យមានហិង្សាទេ ដោយក្រុមអ្នកចូលរួមព្រមសម្តែងមតិនៅកន្លែងដែលអាជ្ញាធរចង្អុលប្រាប់៕