លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានលើកឡើងជាថ្មីថាអ្នកនយោបាយខ្លះបានមើលងាយតម្លៃសញ្ញាបត្រនៅកម្ពុជា ហើយលោកអំពាវនាវឲ្យគ្រូបង្រៀនពង្រឹងសមត្ថភាពខ្លួនដើម្បីលុបបំបាត់នូវការមាក់ងាយនេះ។
ក្នុងពិធីចែកសញ្ញាបត្រដល់គ្រូបញ្ចប់ការសិក្សាគរុកោសល្យដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន សែន បានលើកឡើងជាថ្មីថាអ្នកនយោបាយមួយចំនួនបានមើលងាយសញ្ញាបត្រនៅស្រុកខ្មែរថាគ្មានតម្លៃ។ លោកបន្តថាអ្នកដែលរៀននៅក្រៅប្រទេសមិនប្រាកដថាពូកែជាងអ្នករៀននៅក្នុងស្រុកនោះទេ។ លោកនាយករដ្ឋមន្រ្តីទទួលស្គាល់ថាអ្នករៀននៅក្រៅស្រុកអាចប្រើប្រាស់ភាសាបានល្អជាងអ្នកក្នុងស្រុក ប៉ុន្តែលោកបានប្រៀបធៀបថា”កុំថាឡើយមនុស្ស ឆ្កែក៏ចេះភាសាដែរ”។ លោកចាត់ទុកការលើកឡើងរបស់អ្នកនយោបាយថាសញ្ញាបត្រស្រុកខ្មែរគ្មានតម្លៃជា”ការឈឺចាប់មួយ”។
លោកមានប្រសាសន៍ថា៖ “អ្វីដែលជាការមាក់ងាយ ការប្រមាថថាសញ្ញាបត្រនៅកម្ពុជាគ្មានតម្លៃ គឺនឹងត្រូវលុបបំបាត់តាមរយៈនៃការខិតខំពង្រឹងគុណភាពរបស់យើង ព្រោះយើងទទួលការប្រមាថយ៉ាងធ្ងន់ពីសំណាក់អ្នកនយោបាយខ្លះថាសញ្ញាបត្រនៅក្នុងប្រទេសរបស់យើង គ្មានតម្លៃ”។
កាលពីខែតុលា ឆ្នាំ២០១៥ លោក ហ៊ុន សែន បានអះអាងថាប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី កំពុងកេងចំណេញនយោបាយតាមរយៈការលើកឡើងថា”សញ្ញាបត្រស្រុកខ្មែរគ្មានតម្លៃ” ដោយលោកចាត់ទុកថានេះជា”ការមើលស្រាលដល់ការខិតខំសិក្សារបស់សិស្សានុសិស្ស”។
កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ នៅពេលប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមដែលទើបតែបានបញ្ចប់វគ្គសិក្សាជំនាញកុំព្យូទ័រនិងភាសាអង់គេ្លសរយៈពេល៣ខែ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដែលគ្រប់គ្រងដោយគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងថា៖ “ចេះតែចែកសញ្ញាបត្រព្រោងព្រាត ប៉ុនសញ្ញាបត្រយកទៅធ្វើអី យកទៅបិទជញ្ជាំងផ្ទះ ពេញជញ្ជាំងផ្ទះ តែរកការធ្វើមិនបាន។ វាខូចតម្លៃទាំងអស់ ខូចតម្លៃទាំងសញ្ញាបត្រ ខូចតម្លៃទាំងសាកលវិទ្យាល័យ ខូចតម្លៃទាំងគ្រូ ខូចតម្លៃទាំងអ្នកចែកសញ្ញាបត្រ”។ លោកបន្តថា៖ “សញ្ញាបត្រនៅស្រុកខ្មែរភាគច្រើនអត់មានតម្លៃ ប្រព័ន្ធសិក្សាអប់រំនៅស្រុកយើងទន់ខ្សោយជាទីបំផុត”៕