ពលរដ្ឋតំបន់បឹងកក់៧គ្រួសារដែលអះអាងថាមិនទាន់ទទួលបានសំណងបានដាក់ពាក្យបណ្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយដោយប្តឹងអភិបាលរាជធានីលោក ប៉ា សុជាតិវង្ស និងមន្រ្តីខ្លះទៀតពីបទអំពើពុករលួយក្នុងការដោះស្រាយដីធ្លី។
តំណាងប្រជាពលរដ្ឋទាំង៧គ្រួសារលោក ដួង ឈើត បានលើកឡើងថាអភិបាលក្រុងលោក ប៉ា សុជាតិវង្ស និងមន្រ្តីសាលារាជធានីបានធ្វើការដោះស្រាយទំលាស់ដីធ្លីមិនស្នើរភាពគ្នាដោយមានអ្នកខ្លះបានទទួលសំណងសមរម្យ ឯពួកគាត់ទទួលបានសំណងតិចតួចដែលមិនអាចទទួលយកបាន។ លោកបន្ថែមថាការដោះស្រាយមិនសមរម្យបែបនេះអាចបណ្ដាលមកពីបក្សពួកនិយមនិងពុករលួយដែលអង្គភាពប្រឆាំងអំពើរពុករលួយគួរពិនិត្យមើល។
លោកបន្ថែមថា៖ “បាទធម្មតាអយុត្តិធម៌ដែលអាចកើតមានបានចុះត្រាតែមានអំពើពុករលួយ បក្សពួកនិយម ស៊ីសំណូកសូកប៉ាន់ពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួនអីហ្នឹង”។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋទាំង៧គ្រួសារដែលអះអាងថាមានដីទំហំ៣២០០ម៉ែត្រការ៉េហើយមិនទាន់ទទួលបានសំណងអ្នកស្រី លី ចាន់ណារី បានលើកឡើងថាកន្លងមកសាលារាជធានីបានដោះស្រាយផ្ដល់សំណងដល់ពួកគាត់ដែរតែមិនអាចទទួលយកបាន។ អ្នកស្រីបានស្នើឲ្យអង្គភាពប្រឆាំងអំពើពុករស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុការដោះស្រាយនេះផងដែរ។
វីអូឌីមិនអាចទាក់ទងប្រធានអង្គភាពប្រឆាំងអំពើរពុករលួយលោក ឱម យិនទៀង បាននៅឡើយទេ។ ឯមន្រ្តីទទួលពាក្យបណ្ដឹងនៃអង្គភាពប្រឆាំងអំពើរពុករលួយម្នាក់និយាយថាលោកមិនអាចប្រាប់ពីចំណាត់ការលើពាក្យបណ្ដឹងបានទេ ព្រោះវាជាការដោះស្រាយរបស់មន្រ្តីថ្នាក់លើ។
ទាក់ទងនឹងបញ្ហានេះដែរអ្នកនាំពាក្យសាលារាជធានីលោក ឡុង ឌីម៉ង់ មិនបានឆ្លើយឲ្យចំបញ្ហាដែលពលរដ្ឋចោទប្រកាន់នេះទេ។ ប៉ុន្តែមុនពេលបិទទូរស័ព្ទលោកលើកឡើងថាបើមានអំពើពុករលួយនោះវាជាការដោះស្រាយរបស់អង្គភាពប្រឆាំងអំពើពុករលួយចំណែកឯសាលារាជធានីហ្នឹងនៅតែបន្តការដោះស្រាយទំនាស់ដីធ្លីតាមគោលការណ៍ដដែល។
លោកលើកឡើងថា៖ “អាហ្នឹងទុកឲ្យគាត់គិតជាមួយ ACU ទៅណា ខ្ញុំអត់មានអត្ថាធិប្បាយទេចំណុចហ្នឹងហើយអ្វីដែលកិច្ចការយើងធ្វើយើងនៅធ្វើដដែលបាទ”។
ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅស្ថានលោក សៀ ភារម្យ យល់ថាការដាក់ពាក្យបណ្តឹងទៅកាន់អង្គភាពប្រឆាំងអំពើរពុករលួយបែបនេះវាជាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការស្វែងរកអន្តរាគមន៍ដោះស្រាយផ្នែកផ្លូវច្បាប់។ លោកបន្ថែមថាទាក់ទងនឹងជម្លោះដីធ្លីនេះសាលារាជធានីគួរតែបន្តការចរចារដោះស្រាយរកចំណុចកណ្ដាលដើម្បីឲ្យទទួលយកបានទាំងពលរដ្ឋនិងអាជ្ញាធរ។
លោកបន្ថែមថា៖ “យើងឃើញថាខាងសាលារាជធានីក៏បានព្យាយាមចរចាជាមួយបងប្អូនប្រជាពលរដ្ឋដែលនៅសេសសល់ដែរ។ ប៉ុន្តែដោយសារតែទាក់ទងនឹងដំណោះស្រាយហ្នឹងវាមិនស៊ីគ្នាដោយសារតែប្រជាពលរដ្ឋគាត់ទាមទារឲ្យបានដីរបស់គាត់មកវិញយ៉ាងហោចណាស់៥៣ភាគរយ ហើយសាររាជធានីភ្នំពេញគាត់បានផ្ដល់ឲ្យម្នាក់មួយប្លង់ដីឬក៏ពីរប្លង់ដីស្មើរនឹង ៧២ម៉ែត្រការ៉េឬក៏១៤៤ម៉ែត្រការ៉េអីហ្នឹង”។
គួរបញ្ជាក់ថាពលរដ្ឋដែលរងការបណ្ដេញចេញពីលំនៅស្ថានតាំងឆ្នាំ២០០៧ទាំង៧គ្រួសារនោះអះអាងថាដីរបស់ពួកគាត់មានទំហំសរុបជិតមួយហិកតាដែលមិនទាន់មានដំណោះស្រាយ ហើយពួកគាត់ទាមទារសំណងឲ្យបាន៥៣ភាគរយ។ ទោះបីជាយ៉ាងណាពួកគេអះអាងថាអាជ្ញាធរបានដោះស្រាយសំណងដល់ពួកគាត់ត្រឹមតែជាង១០ភាគរយ ទើបពួកគាត់មិនអាចទទួលយកបាននោះទេ៕