រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានិងដៃគូអភិវឌ្ឍន៍មួយចំនួនទៀតគ្រោងរៀបចំឲ្យមានបណ្ណាល័យនិងបន្ទប់អានបន្ថែមនៅតាមសាលារៀននិងសហគមន៍ ដោយថាដើម្បីជំរុញឲ្យប្រជាជនកម្ពុជាមានទម្លាប់អានសៀវភៅដូចទៅនឹងប្រជាជននៅបណ្តាប្រទេសអភិវឌ្ឍន៍នានា។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន ថ្លែងក្នុងវេទិកាជាតិអំណានលើកទី១នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅថ្ងៃសុក្រនេះថាតាមការស្រាវជ្រាវ ប្រជាពលរដ្ឋកម្ពុជាមិនទាន់មានទម្លាប់ល្អក្នុងការអានសៀវភៅនោះទេ ផ្ទុយពីប្រជាពលរដ្ឋរបស់ប្រទេសរីកចម្រើននានា។
ដើម្បីជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាមានទម្លាប់ល្អក្នុងការអានសៀវភៅ លោក ហង់ ជួន ណារ៉ុន ថាក្រសួងរៀបចំឲ្យមានការផ្សព្វផ្សាយនិងបំផុសចលនាអាននៅតាមសាលារៀននិងសហគមន៍ ដោយលោកបញ្ជាក់ថាក្រសួងនិងដៃគូអភិវឌ្ឍន៍មួយចំនួន សហការគ្នាបង្កើនការតែងនិពន្ធសៀវភៅសម្រាប់សិក្សានុសិស្ស ការបង្កើតបណ្ណាល័យនៅតាមសាលារៀននិងសហគមន៍ជាដើម។
លោកបន្ថែមថា៖ “លើកទឹកចិត្ត សហការជាមួយដៃគូផ្សេងទៀតឲ្យមានបណ្ណាល័យ រៀបចំស្តង់ដារបណ្ណាល័យ បោះពុម្ពសៀវភៅឲ្យបានច្រើន យើងអំពាវនាវឲ្យសប្បុរសជនចូលរួមចំណែកផងដែររៀបចំហការជាមួយដៃគូជាតិអន្តរជាតិ អង្គការសង្គមស៊ីវិល ដើម្បីរៀបចំបណ្ណាល័យសៀវភៅនិងរៀបចំពេល១ម៉ោងដើម្បីឲ្យសិស្សអាន”។
ទន្ទឹមនឹងផែនការបង្កើតបណ្ណាល័យនេះ លោក ហង់ ជួន ណារ៉ុន ថាចាប់ពីឆ្នាំ២០១៧តទៅក្រសួងក៏រៀបចំឲ្យមានការប្រឡងប្រណាំងការអាន ការនិទានរឿងនិងការតែងនិពន្ធផងដែរ ដោយលោកថាដើម្បីបណ្តុះការអាននិងវប្បធម៌អាន។
តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោកស្រី អាន ឡឺម៉ែត្រ មានប្រសាសន៍ក្នុងទិវាជាតិអំណានថា ក្មេងជំទង់និងស្រ្តីវ័យក្មេងប្រហែលជា១៧៥លាននាក់នៅលើពិភពលោកមិនអាចអានអក្សរបាន។ លោកស្រីថាដោយសារតែឃើញបញ្ហានេះ ទើបអង្គការយូណេស្កូខិតខំជួយជំរុញឲ្យក្មេងៗអាចចេះអានបាន។ លោកស្រីបន្តថាអក្ខរកម្មជួយឲ្យមនុស្សមានមធ្យោបាយបង្កើនចំណេះដឹងនិងព្រឹងស្មារតីរបស់ខ្លួនបានតាមរយៈការអាន។
កញ្ញា ប្រាជ្ញ កញ្ចនា និស្សិតឆ្នាំទី៣ផ្នែកអក្សរសាស្រ្តខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានប្រសាសន៍ថាការអានធ្វើឲ្យកញ្ញាបានដឹងពីស្ថានភាពសង្គមរបស់ប្រទេសកម្ពុជាក៏ដូចជាប្រទេសដទៃ។ កញ្ញាថា កញ្ញាចំណាយពេលប្រហែល៣ម៉ោងក្នុងមួយថ្ងៃសម្រាប់ការអានសៀវភៅ ពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តនិងអក្សរសាស្រ្ត។ កញ្ញាបន្ថែមថា៖ “ការអានអាចឲ្យយើងមានភាពជឿនលឿនច្រើននិងខ្ញុំគិតថាការអានធ្វើឲ្យខ្ញុំជោគជ័យក្នុងជីវិតផងដែរ…ជោគជ័យថាបើខ្ញុំបានអានច្រើនខ្ញុំនិងដឹងពីសង្គមក្នុងស្រុកនិងក្រៅស្រុក”។
គួរបញ្ជាក់ថារដ្ឋាភិបាលកាលពីខែកញ្ញា ឆ្នាំ២០១៥ បានចេញអនុក្រឹត្យមួយស្តីពីទិវាជាតិអំណាននិងអនុញ្ញាតឲ្យក្រសួងអប់រំរៀបចំទិវានេះចាប់ពីឆ្នាំ២០១៦នេះតទៅ ដោយកំណត់យកថ្ងៃទី១១ ខែមីនា ជាថ្ងៃសម្រាប់រៀបចំពិធីនេះ។ លោក ហង់ ជួន ណារ៉ុន ឲ្យដឹងថារដ្ឋាភិបាលរើសយកថ្ងៃទៅ១១ មីនា ដើម្បីរៀបចំពិធីនេះ ដោយសារតែថ្ងៃនេះជាថ្ងៃកំណើតរបស់សម្តេចព្រះសង្ឃរាជជួន ណាត ដែលជាអ្នកជួយរៀបរៀងឲ្យមានវចនានុក្រមខ្មែរ៕