កាលពីល្ងាចថ្ងៃទី១០ មីនា មុននេះ តារាចម្រៀងប្រចាំផលិតកម្មM លោកសន វិជ្ជបុត្រ បានចាកចេញពីប្រទេសកម្ពុជាទៅច្រៀងនៅក្នុងប្រទេសអូស្រ្តាលី ដែលអមដោយតារាចម្រៀងចំនួន៤នាក់ផ្សេងទៀតនិងមានការជូនដំណើរពីតារាសិល្បៈដល់ព្រលានយន្តហោះជាច្រើនរូប។ នេះគឺជាដំណើរចេញច្រៀងក្នុងន័យស្ម័គ្រចិត្តបន្ថែមមួយទៀត ដោយមិនយកកម្រៃសូម្បីមួយរៀលពីច្រៀងរាំរបស់ខ្លួន បន្ទាប់ពីលោកបានធ្វើគំរូយកចំណូលពីសិល្បៈស្ទើរទាំងអស់ផ្ដល់ឲ្យដល់មន្ទីរពេទ្យគន្ធបុប្ផានិងជួយជនក្រីក្រមួយចំនួន។
លោក សន វិជ្ជបុត្រ បានអះអាងថាលោកចេញទៅច្រៀងនៅអូស្រ្តាលីលើកនេះ មិនត្រឹមតែមិនយកតម្លៃខ្លួនប៉ុណ្ណោះទេ គឺថែមទាំងបានចំណាយលើការរៀបចំតុបតែងសម្លៀកបំពាក់និងសម្ភារៈមួយចំនួន ដើម្បីឲ្យការសម្ដែងរបស់ខ្លួនទទួលបានការចាប់អារម្មណ៍សម្រាប់អ្នករៀបចំកម្មវិធីនោះផង។ លោកថាការធ្វើដំណើររបស់ខ្លួន គឺការឆ្លើយតបនឹងការអញ្ជើញរបស់ប្រធានសមាគមខ្មែរនៅអូស្រ្តាលីដែលចង់ប្រគំតន្ត្រីលក់សំបុត្រហើយប្រមូលប្រាក់មកជួយដល់និស្សិតក្រីក្រនិងក្មេងៗកំព្រានៅកម្ពុជា។ លោកនៅតែរក្សាជំហរសន្សំប្រាក់ដែលបានពីការផ្ដល់ធីបរបស់ពលរដ្ឋខ្មែរដែលចូលទស្សនាការប្រគំតន្ត្រីរបស់ខ្លួននៅប្រទេសអូស្ត្រាលី យកមកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមួយផ្នែកប្រើសម្រាប់បរិច្ចាគដល់ក្មេងក្រីក្រ ក្រោយពេលដែលលោកត្រលប់មកកាន់កម្ពុជាវិញ។ លោកថាការសម្ដែងរបស់ខ្លួនគឺមានរយៈពេល៤០ថ្ងៃ ដោយត្រូវត្រលប់មកវិញនៅអំឡុងថ្ងៃទី១៨ឬ១៩ ខែមេសាខាងមុខ គឺក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែរ។
លោកថាមិនមានគម្រោងបន្តការសម្ដែងនៅក្នុងប្រទេសអូស្រ្តាលីឲ្យលើសកំណត់ទៀតទេ ដោយសារតែខ្លួនក៏ត្រូវត្រៀមខ្លួនលើគម្រោងចេញសម្ដែងនៅក្នុងប្រទេសសហរដ្ឋអាមេរិកក្នុងពេលខាងមុខដូចគ្នា។ គម្រោងនៃការសម្ដែងរបស់លោក ត្រូវបានអ្នកធានាបញ្ជាក់ថាធ្វើឡើង៦លើក នៅរដ្ឋចំនួន៣គឺម៊ែលប៊ន ស៊ីដនី និងអាដឺឡែន។ យ៉ាងណាក៏ដោយប្រសិនបើលក់សំបុត្រក្នុងកម្មវិធីច្រៀងរាំទទួលបានជោគជ័យ លោកថាការប្រគំតន្ត្រីអាចនឹងត្រូវបន្ថែមរហូតដល់៨លើកទម្រាំដល់ថ្ងៃវិលវិញ ដោយសារតែក្នុងមួយសប្ដាហ៍គឺអាចសម្ដែង២ថ្ងៃទៀងសប្ដាហ៍។

នេះជាការសម្ដែងលើកទី១របស់លោកនៅក្នុងប្រទេសអូស្រ្តាលី ប៉ុន្តែសម្រាប់ការទទួលច្រៀងក្នុងគម្រោងសប្បុរសធម៌ ដោយមិនគិតកម្រៃបែបនេះ គឺមានច្រើនលើកមកហើយ ក្នុងអាជីពរបស់លោកគឺជាតារាចម្រៀង។ លោកថាតារាភាគច្រើន ទោះល្បីឬមិនសូវល្បី រមែងទាមទារតម្លៃខ្លួនរាល់ពេលចេញច្រៀងនៅក្រៅប្រទេស បើទោះជាគម្រោងនោះជាការប្រគំតន្ត្រីដើម្បីប្រយោជន៍សង្គមបែបណាក៏ដោយ ក៏ត្រូវតែបានជាថ្នូរប៉ុន្មានរយដុល្លារក្នុងពេលចេញសម្ដែងនោះដែរ ដើម្បីទូទាត់ការចំណាយទិញដូរសម្លៀកបំពាក់និងសម្រាប់ចាយវាយផ្ទាល់ខ្លួននៅលើទឹកដីអូស្រ្តាលី។ ប៉ុន្តែសម្រាប់លោកគឺក្រោយពីស៊ើបដឹងថាសមាគមដែលបានធានាទៅ ត្រូវការប្រមូលប្រាក់យកមកជួយដល់ក្មេងៗក្រីក្រនៅកម្ពុជា ជាពិសេសគឺនិស្សិតខ្វះខាតនិងក្មេងៗកំព្រា ហើយឃើញថាសកម្មភាពរបស់មូលនិធិនេះពិតជាធ្វើដោយប្រាកដ ក៏សម្រេចទទួលច្រៀងដោយមិនយកកម្រៃសូម្បីមួយដុល្លារតែម្ដង។
លោកគ្រោងនឹងផ្ដល់ប្រាក់ធីបមួយចំនែកពីការរកបាន រួមចំណែកជួយដល់សមាគមក្នុងករណីដែលខ្លួនមានឱកាសរកបានសមរម្យនិងក្នុងពេលដែលការប្រគំតន្ត្រីមិនសូវចំណេញដូចការគ្រោងទុកនោះផង។ លោកមានការព្រួយបារម្ភផងដែរ បន្ទាប់ពីការប្រគំតន្ត្រីនៅក្នុងប្រទេសអូស្រ្តាលីនៅអំឡុងមុនចូលឆ្នាំខ្មែរនិងពេលចូលឆ្នាំខ្មែរ គឺមានច្រើនកន្លែង ហើយអាចប្រឈមរឿងមិនសូវមានអ្នកទស្សនាទិញសំបុត្រកុះករ ដែលនាំឲ្យអ្នករៀបចំមិនទទួលបានថវិកាចំណេញច្រើន ក្រោយពីទូទាត់ចំណាយ។ លោកទទូចឲ្យបងប្អូនខ្មែរដែលចង់រួមចំណែកជួយដល់និស្សិតក្រីក្រ និងក្មេងកំព្រានៅកម្ពុជា គាំទ្រចំពោះការប្រគំតន្ត្រីរបស់ខ្លួន ដើម្បីឲ្យសមាគមខ្មែរនៅអូស្រ្តាលី ដែលបានរៀបចំការប្រគំតន្ត្រីសប្បុរសមួយនេះ ទទួលបានផលប្រយោជន៍ពីការប្រឹងប្រែងរបស់ខ្លួន។ លោកនៅតែថារំពឹងខ្ពស់ចំពោះជោគជ័យពីការប្រគំតន្ត្រីនេះ ដោយសារតែការរៀបចំក៏មានការគាំទ្រដោយចៅហាងក្រុងស៊ីដនី ដែលជួយធ្វើឲ្យទំនុកចិត្តរបស់បងប្អូនខ្មែរចង់ជួយគាំទ្រ។
លោក សន វិជ្ជបុត្រ ប្រាប់ថា តារាចម្រៀង៤រូបដែលបានរួមដំណើរជាមួយលោក ២រូបមកពីផលិតកម្មM ដូចគ្នា និង២រូបទៀតគឺជាតារានៅក្រៅផលិតកម្ម។ តារាទាំង៥លោកថាសុទ្ធតែស្ម័គ្រចិត្តទៅច្រៀងនៅអូស្រ្តាលីដោយមិនយកកម្រៃដូចគ្នា ដោយគ្រាន់តែតារាទាំងនោះមិនបានប្រកាសថាប្រាក់ចំណូលដែលខ្លួនរកបាន គឺនឹងយកមកចាយលើគម្រោងសប្បុរសធម៌ដូចគ្នានឹងលោកសន វិជ្ជបុត្រ៕