រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន ឲ្យដឹងថាក្រសួងនឹងដាក់បញ្ចូលការសរសេរតាមអានសម្រាប់ការប្រឡងសញ្ញាបត្រឌីប្លូម(ថ្នាក់ទី៩)នៅឆ្នាំ២០១៦នេះ។
ក្នុងពេលចូលរួមទិវាជាតិអំណាន១១មីនានេះ លោក ហង់ ជួន ណារ៉ុន មានប្រសាសន៍ថាក្រសួងនឹងចេញសេចក្ដីណែនាំឲ្យមានការបញ្ចូលមុខវិជ្ជាសរសេរតាមអាននិងតែងសេចក្ដីទៅក្នុងការប្រឡងថ្នាក់ទី៩ឆ្នាំនេះនិងដើម្បីពិនិត្យឡើងវិញអំពីចលនាអក្សរសិល្បិ៍ខ្មែរ ដើម្បីឲ្យសិស្សបង្កើនការអានឲ្យបានច្រើន។
លោកមានប្រសាសន៍ថា៖ “ក្រសួងនឹងចេញសេចក្ដីណែនាំមួយគឺថាទីមួយនៅពេលយើយប្រឡងថ្នាក់ទី៩ឆ្នាំនេះគឺថាមានការសរសេរតាមអាននិងសរសេរតែងសេចក្ដី ដើម្បីឲ្យសិស្សនឹងអានឲ្យច្រើន ហើយសរសេរឲ្យបានត្រឹមត្រូវ”។
បើតាមអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន ការប្រឡងថ្នាក់ទី៩ក្នុងឆ្នាំនេះនឹងប្រព្រឹត្ដទៅនៅខែសីហា ឆ្នាំ២០១៦។
គួរបញ្ជាក់ថាកាលពីខែធ្នូ ឆ្នាំ២០១៥ ក្រសួងអប់រំបានចេញសេចក្ដីណែនាំមួយឲ្យបង្រៀនសរសេរតាមអាន នៅមធ្យមសិក្សាបឋមភូមិ ថ្នាក់ទី៧ ទី៨និងទី៩សម្រាប់ឆ្នាំសិក្សា២០១៥-២០១៦៕