សហគមន៍ពុទ្ធសាសនានៅថៃមានជម្លោះរង្គោះរង្គើជុំវិញបញ្ហាតែងតាំងនិងផ្លាស់ប្តូរថ្នាក់ដឹកនាំធ្វើឲ្យមានការចោទជាសំនួរជជែកគ្នាពីតួនាទីនៃព្រះសង្គនិងវត្តអារាមនៅក្នុងសង្គមមួយនេះ។
នៅដើមសប្តាហ៍នេះមណ្ឌលមជ្ឈមណ្ឌលការពារពុទ្ធសាសនារបស់ថៃបានថ្លែងថារដ្ឋអំណាចមិនគួរជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ព្រះសង្ឃនោះទេដែលការលើកឡើងនេះបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃលោកឧត្តសេនីយ៍ប្រយុទ្ធ ចាន់អូចា បានពន្យារពេលក្នុងការតែងតាំងមេដឹកនាំពុទ្ធសាសនាកាលពីថ្ងៃទី១៥ខែកុម្ភៈចំពោះបេក្ខជនដែលគេជ្រើសរើសនោះគឺសម្តេចព្រះមហា រ៉ាត់ចាមាញ៉ាឡាចាន។ នេះបើតាមសារព័ត៌មាន Channel News Asia។
សម្រាប់សម្តេច ចូង ជាព្រះសង្ឃដែលត្រូវបានគេតែងតាំងជាមេដឹកនាំកំពូលនៃក្រុមប្រឹក្សាសង្ឃទោះជាយ៉ាងណាបច្ចុប្បន្នព្រះសង្ឃអង្គនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ចពាក់ព័ន្ធនឹងសកម្មភាពគេចពន្ធខុសច្បាប់ ប៉ុន្តែមិនបានបញ្ជាក់គេចពន្ធអ្វីនោះទេ។
ជុំវិញការផ្អាកក្នុងការតែងតាំងនេះធ្វើឲ្យមានការតវ៉ាជាទ្រង់ទ្រាយធំរបស់ព្រះសង្ឃពុទ្ធសាសនាដែលក្រុមព្រះសង្ឃចោទថារដ្ឋាភិបាលយោធាបានប្រើអំណាចនយោបាយត្រួតត្រាក្នុងស្ថាប័នរបស់សង្ឃពិសេសក្រុមប្រឹក្សាកំពូលនៃព្រះសង្ឃរបស់ថៃ។
ការតវ៉ានៅពេលនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពុទ្ធសាសនានៅថៃដែលកាលពីអតីតកាលព្រះសង្ឃត្រូវបានគេមើលឃើញថាដើរតួជាគ្រូបង្រៀនជាអ្នកដឹកនាំសហគមន៍ ហើយការតវ៉ាពេលនេះក៏ទាមទារឲ្យមានការដាក់បញ្ចូលពុទ្ធសាសនាជាសាសនារបស់ជាតិដែលត្រូវចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
ចលនានៃការតវ៉ានេះបានជ្រាបចូលក្នុងជម្រៅចិត្តនិងបេះដូងរបស់ក្រុមយុវជនជំនាន់ថ្មីហើយពួកគាំទ្រក្នុងការតវ៉ានេះ។
ព្រះសង្ឃ ផាសូរា ផានតាមាណូ ដាំមាកាយា អ្នកគ្រប់គ្រងវត្តមួយមានថេរដីកាថាការងាររបស់យើងគឺផ្តល់នូវចំណេះដឹងតាមរយៈការធ្វើសមាធិនិងធ្វើយ៉ាងណាឲ្យក្លាយជាពុទ្ធសាសនិកល្អដែលនេះវាមានការទំនាក់ទំនងទៅនឹងពិភពលោកដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ។ ព្រះអង្គបន្តថាក្នុងរយៈពេល៥០ឆ្នាំកន្លងទៅនេះ ប្រទេសថៃមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័សដូចប្រទេសនានាលើពិភពលោកដែរតែថាមានការធ្លាក់ចុះនូវផ្នែកផ្លូវចិត្តនិងស្មារតី។
បច្ចុប្បន្នប្រទេសថៃមានព្រះសង្ឃប្រមាណ៣០០ ០០០អង្គ ហើយប្រជាពលរដ្ឋប្រមាណ៩០ភាគរយនៃប្រទេសនេះជាអ្នកកាន់សាសនាព្រះពុទ្ធ៕