ជាមួយការសារភាពថាពិតជាបានលែងប្ដីដូចព័ត៌មានល្ហិចល្ហៀង តារាកំប្លែងនាងអ៊ីតក៏បានរំឭកឡើងវិញពីដើមចមពិតប្រាកដនិងលើកឡើងពីការសុំលែងរបស់ស្វាមីដោយលែងលាក់បាំងផងដែរ។ អ្វីដែលនាងហួសចិត្តបំផុតគឺក្រៅពីប្ដីសុំលែងហើយ ថែមទាំងកំណត់ឲ្យនាងប្រគល់សឹងអស់ពីខ្លួន ជាថ្នូរនឹងការបានកូនយកមកចិញ្ចឹមផ្ដាច់មុខ។
បើទោះជាដំណឹងលែងលះប្ដីរបស់តារាស្រីរូបនេះ ត្រូវគេដឹងឮខ្ទរខ្ទារច្បាស់ការយូរក្រែលមកហើយ ក៏ដើមចមនៃការបែកបាក់នៅតែមានព័ត៌មានដោយឡែកពីគ្នា។ ក្នុងពេលបែកបាក់ភ្លាមៗមនុស្សជាច្រើនបានទម្លាយថា អ្នកទាំងពីរផ្ទុះរឿងប្រច័ណ្ឌគ្នានិងខ្លះថាបណ្ដាលមកពីស្វាមីរបស់នាងដែលត្រូវគេដឹងថាជាគ្រូបង្រៀនថ្នាក់ខ្ពស់នោះ ខ្មាសគេនៅពេលគេចំអន់ថានាងជាតារាដែលមិនដឹងថានៅពេលបាត់មុខពីផ្ទះទៅមិនដឹងថាធ្វើអ្វីកំបាំងភ្នែកប្ដីខ្លះ។ ប្រភពខ្លះបានលើកឡើងថាក្រុមគ្រួសារខាងប្ដីជាអ្នកបញ្ចេះឲ្យស្វាមីនាងទារលែងលះ ទើបនាំឲ្យអ្នកទាំងពីរចេះតែកើតរឿងក្នុងផ្ទះ ហើយឈានដល់ដាច់ដោចគ្នាកាលពីដើមឆ្នាំ២០១៦នេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ នាង សេន ចន្តា ហៅអ៊ីត បានទទួលស្គាល់ថារវាងនាងនិងស្វាមី គឺពិតជាស្វាមីជាអ្នកសុំលែងមែន ប៉ុន្តែដើមចមនៃចំណោទបញ្ហាមិនមែនដោយសារការបញ្ចេះរបស់ចាស់ទុំ ឬដោយសារស្វាមី ឬនាងមានអ្នកទី៣នោះទេ។ នាងនិយាយថា៖ “ប្ដីប្រពន្ធតារាភាគច្រើនគេលែងគ្នាដោយសារអ្នកនេះមានស្រីអ្នកនោះមានប្រុស ពួកខ្ញុំគឺរឿងហ្នឹងអត់មានទេ ប៉ុន្តែបើតាមខ្ញុំមើល ប្ដីខ្ញុំតាំងពីមានបានមកថាបែកធ្វេងខុសពីមុនម្មង បើនិយាយពីដើរផឹកគឺលែងស្គាល់ផ្ទះ ហើយតាំងពីបានមុខរបរវង់ភ្លេងមួយហ្នឹង កុំថាប្រពន្ធយ៉ាងម៉េច កូនយ៉ាងម៉េចគាត់អត់ខ្វល់ ចង់ប្រពន្ធកូនធ្វើអីធ្វើទៅ ទៅណាទៅណា ថាលើសពីអ្នកដទៃទៀត ថាខ្ញុំក៏អត់យល់ពីគាត់ដែរ!”។
នាងថាស្វាមីរបស់ខ្លួនក្រោយពីបានគ្រប់គ្រងវង់តន្ត្រីគឺទស្សនៈនិងពាក្យសម្ដីមិនដូចមុនទាំងស្រុង ដោយឲ្យតែនាងនិយាយអីតិចតួច គឺដឹងតែក្ដៅក្រហាយនិយាយមិនត្រូវគ្នា ហើយសុំលែងដដែលជាដដែល។
នាងអ៊ីតបង្ហើបប្រាប់ថាតូចចិត្តខ្លាំងណាស់ដែលក្នុងពេលក្រតស៊ូត្រដាបត្រដួសទាំងប្ដីទាំងប្រពន្ធ ឌុបគ្នាទៅច្រៀងការទាំងលំបាក ប៉ុន្តែដល់ពេលមានបាន ក៏ស្រាប់តែថ្ងៃណាក៏ប្ដឹងទារលែង ហើយជជែកលើកណាក៏បំបាក់ទឹកចិត្តរបស់នាង ធ្វើឲ្យនាងទៅដល់ផ្ទះក៏ចង់ដួលសន្លប់រាល់លើកព្រោះតែហត់នឿយកាយនឹងដើរកំប្លែងជាមួយនាយក្រូចជាបងប្រុសហើយ ក៏ត្រូវហត់ចិត្តព្រោះស្វាមីទៀត។ នាងនិយាយថា៖ “រឿងស្រីខ្ញុំដឹងថាគាត់អត់មានទេ ខ្ញុំក៏អត់យល់ដែរ ព្រោះតាំងពីមានបានមកគឺថ្ងៃណាក៏គាត់ដើរបាត់ៗដែរ ទោះមានអាហ្វែវង់ភ្លេងក៏បាត់អត់ក៏បាត់ ហើយថានិយាយចុះបើបាន គឺហ៊ានតែនិយាយគឺទារតែលែង ខ្ញុំមិនលាក់ទេពួកខ្ញុំសម្រេចចិត្តលែងគ្នា គឺដោយសារតែគាត់ទារខ្ញុំលែងដដែលៗអញ្ចឹង ទើបចាស់ទុំគាត់សម្រុះសម្រួលលែងកើត ក៏ឈប់គិតរឿងខ្មាស់គេ ហើយលែងតែម្ដងទៅ!”។
នាងថាក្នុងពេលលែងលះស្វាមីកំណត់ទារយកមុខរបរវង់ភ្លេង និងទ្រព្យរបស់ស្ទើរទាំងអស់ ដែលជាញើសឈាមប្រឹងរកភាគច្រើនរបស់នាង ជាថ្នូរនឹងការប្រគល់កូនស្រីឲ្យនាងគ្រប់គ្រង។ នាងនិយាយថា៖ “ប្ដីខ្ញុំចម្លែកម្មង គឺគាត់ទារខ្ញុំលែងហើយ ថែមទាំងទារយកមុខរបរវង់ភ្លេង(មួយវង់) រថយន្តហាយលែនឌ័រមួយគ្រឿង រថយន្តពីរតោនកន្លះសម្រាប់ដឹកភ្លេងមួយគ្រឿង ម៉ូតូមួយគ្រឿង ខ្សែ.កមាស១តម្លឹង ខ្សែដៃ ចិញ្ចៀនទៅទាំងអស់ ដោយគាត់និយាយថា ខ្ញុំនិងកូនខ្ញុំមានលទ្ធភាពជាងគាត់ អ៊ីចឹងគាត់សុំយកទាំងអស់(ទ្រព្យ) បើខ្ញុំយកកូន!”។ នាងសារភាពថានៅសល់តែសំបកខ្លួនប៉ុណ្ណោះ ដោយសារផ្ទះជួលគេ ហើយបើផ្ទះនៅស្រុកគឺជារបស់ឪពុកម្ដាយ។
គួរបញ្ជាក់ផងដែរថាស្វាមីរបស់នាងអ៊ីត គឺជាគ្រូបង្រៀននៅវិទ្យាល័យខេត្តកំពង់ស្ពឺ ដោយអ្នកទំាងពីររៀបការជាមួយគ្នាកាលពីឆ្នាំ២០០៣និងបានលែងគ្នាកាលពីថ្ងៃទី១ ខែមករា ក្នុងឆ្នាំ២០១៦។ អ្នកទាំងពីរបន្សល់ទុកកូនស្រីម្នាក់វ័យ១៣ឆ្នាំ ដែលក្នុងពេលបច្ចុប្បន្នក៏ជាតារាកំប្លែងក្នុងវង់កំប្លែងលោកតារបស់ទូរទស្សន៍CTNផងដែរ។ នាងអ៊ីត បញ្ជាក់ថាឲ្យតែនឹកដល់រឿងប្ដីទារលែង ហើយបានប្រកាសយកទ្រព្យទៅទាំងអស់ បានធ្វើឲ្យនាងតូចចិត្តយ៉ាងខ្លាំង។ នាងបញ្ជាក់ជាចុងក្រោយថាមកទល់ពេលនេះអតីតស្វាមីរបស់នាងមិនបានជាប់ពាក់ព័ន្ធនឹងនារីណាម្នាក់នោះទេ តែក្រោយមកទៀតអាចនឹងមានភរិយាថ្មីគឺនាងមិនដឹងនោះទេ៕