នៅទីបំផុតគូស្នេហ៍តារាសិល្បៈ២ដួងគឺ គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា បានឈានដល់អាពាហ៍ពិពាហ៍ជាផ្លូវការជាមួយគ្នាហើយកាលពីថ្ងៃទី១៤ ខែមីនា ដោយមានភ្ញៀវកិត្តិយសយ៉ាងកុះករចូលរួមអបអរ។ អ្វីដែលគេចាប់អារម្មណ៍ គឺអ្នកទាំងពីរត្រូវបានអ្នកនាងយ៉ាន លីនដា អតីតភរិយារបស់លោកយ៉ែម សំអូន បានផ្ដល់កាដូឲ្យយ៉ាងពិសេសគឺការធ្វើដំណើរទៅក្រេបទឹកឃ្មុំនៅកោះម៉ាឌីវរយៈពេល៣យប់៤ថ្ងៃឲ្យអ្នកទាំងពីរ ធ្វើជាចំណងដៃក្នុងថ្ងៃអាពាហ៍ពិពាហ៍។
នៅលើទំព័រហ្វេសប៊ុករបស់អ្នកនាងយ៉ាន លីនដា អ្នកនាងបានបង្ហោះវីដេអូរយៈពេលជិត៣នាទីនៅថ្ងៃទី១៤ ខែមីនា ត្រូវនឹងថ្ងៃរៀបអាពាហ៍ពិពាហ៍ របស់តារាសម្ដែងនាង គង់ ច័ន្ទស្រីមុំ និងលោកគឹម សីហា នៅក្នុងប្រទេសកម្ពុជា។ អ្នកនាងបញ្ជាក់ថាគឺជារឿងសោកស្ដាយដែលអ្នកនាងមិនអាចមកចូលរួមក្នុងមង្គលរបស់តារាទាំងពីរ ដោយសូម្បីតែអ្នកទាំងពីរគឺតារាសិល្បៈជំនាន់ក្រោយដែលមានទឹកចិត្តចំពោះអ្នកនាងនៅគ្រប់កាលៈទេសៈ។ ក្នុងពាក្យសម្ដីជូនពរ ប៉ុន្តែគេកត់សម្គាល់ថាអ្នកនាងយ៉ាន លីនដា មិនសូវស្រស់ថ្លានោះទេ ដោយពេលខ្លះក៏បង្ហាញទឹកមុខស្រពាប់ស្រពោននិងបន្លឺសំឡេងមួយៗដែលមិនខុសពីមនុស្សមានទុក្ខ។
អ្នកនាងយ៉ាន លីនដា និយាយថា៖ “បងសូមជូនពរដល់ប្អូនទាំងពីរក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ប្អូន សូមឲ្យប្អូនទាំងពីរជួបតែសុខសុភមង្គល ការស្រឡាញ់កើនឡើងៗ ស្រឡាញ់គ្នាថែរក្សាគ្នា ដល់ចាស់កោងខ្នង បងពិតជាសោកស្ដាយណាស់ដែលថ្ងៃនេះបងមិនបានទៅចូលរួមក្នុងថ្ងៃពិសេសរបស់ប្អូន បងជឿជាក់ថាប្អូនប្រាកដជា ជាកូនក្រមុំដ៏ស្រស់ស្អាត និងជាកូនកំលោះដ៏ស្រស់សង្ហា…គឺជាគូស្វាមីមួយដែលគួរឲ្យស្រឡាញ់!”។
បន្ថែមពីលើសារជូនពរដ៏មានអត្ថន័យ អ្នកនាងក៏បានប្រកាសនៅក្នុងវីដេអូឃ្លីបនោះថាខ្លួនបានត្រៀមកាដូយ៉ាងពិសេសជូនដល់កូនក្រមុំនិងកូនកំលោះទាំងពីរជាថ្នូរដែលអ្នកនាងមិនអាចមកចូលរួមមង្គលការនៅក្នុងប្រទេសកម្ពុជាបាន។ អ្នកនាងនិយាយថា៖ “ដោយសារបងមានបញ្ហាផ្ទាល់ខ្លួនទើបបងមិនអាចទៅចូលរួម ប៉ុន្តែបងក៏បានត្រៀមនូវកាដូអាពាហ៍ពិពាហ៍ដល់ប្អូនទាំងពីរផងដែរ(ដកដង្ហើម)…បងធ្លាប់ឮថាប្អូនទាំងពីរចង់ស្គាល់កោះម៉ាឌីវ ដូច្នេះកាដូដែលបងបានត្រៀម គឺការក្រេបទឹកឃ្មុំរបស់ប្អូនទាំងពីរនៅកោះម៉ាឌីវតែម្ដង រយៈពេល៣យប់៤ថ្ងៃ!”។ អ្នកនាងបានលើកបង្ហាញនូវកញ្ចប់ដំណើរកម្សាន្តទៅកោះម៉ាឌីវ បង្ហាញនៅក្នុងវីដេអូឃ្លីប ដែលខ្លួនបានទិញធ្វើជាកាដូដល់តារាសម្ដែងគង់ ច័ន្ទស្រីមុំ និងលោកគឹម សីហា។ យ៉ាងណាក៏ដោយ អ្នកនាងមិនបានបញ្ជាក់ឲ្យដឹងពីតម្លៃ ពីកាលបរិច្ឆេទសម្រាប់ឲ្យកូនកំលោះកូនក្រមុំចេញដំណើរនិងប្រាប់ឲ្យដឹងថាកញ្ចប់កាដូដែលខ្លួនធ្វើជាកាដូនេះ នឹងធ្លាក់មកដល់ស្រុកខ្មែរ(ពីអូស្រ្តាលី)នៅថ្ងៃណាឲ្យប្រាកដនោះទេ ក្នុងពេលដែលការទាក់ទងសុំការអត្ថាធិប្បាយបន្ថែម ក៏មិនត្រូវបាន អ្នកនាងយ៉ាន លីនដា ឆ្លើយតប។
ពាក់ព័ន្ធនឹងការផ្ដល់កាដូដ៏កម្រនេះ អ្នកនាងយ៉ាន លីដា បញ្ជាក់ថាគឺជាដោយសារតែតារាសម្ដែងទាំងពីរគឺជាប្អូនដ៏ល្អនៅក្នុងសិល្បៈនិងដោយសារតែនាងក៏ចង់សម្រេចគោលបំណងចង់ទៅលេងកោះម៉ាឌីវរបស់គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា នាពេលកន្លងមកនោះផង។ អ្នកនាងនិយាយថា៖ “នេះគឺជាកាដូដែលបងស្រីម្នាក់នេះបានត្រៀមជូន បងពិតជាអរគុណដល់ប្អូនទាំងពីរដែលកន្លងមកទាំងការស្រឡាញ់ ការគោរព ការរាប់អាន ប្អូនពិតជាស្មោះអស់ពីដួងចិត្ត មិនថាបងនៅទីណាទេ បងនៅស្រុកខ្មែរ បងនៅអូស្រ្តាលី គឺប្អូនទាំងពីរតែងតែបារម្ភពីបងសួរសុខទុក្ខបង!”។

នៅចុងបញ្ចប់វីដេអូឃ្លីប អ្នកនាងយ៉ាន លីនដា បានអះអាងថាកញ្ចប់ដំណើរកម្សាន្តទៅកោះម៉ាឌីវរយៈពេល៣យប់៤ថ្ងៃរបស់ខ្លួនពិតជាធ្វើឲ្យតារាសម្ដែងគង់ ច័ន្ទស្រីមុំ និងស្វាមីទទួលបានអនុស្សាវរីយ៍កាន់តែផ្អែមល្ហែម ហើយនឹងធ្វើឲ្យចងចាំទឹកចិត្តរបស់ខ្លួនអស់មួយជីវិត ដែលអ្នកនាងបញ្ជាក់ថាគឺទោះជាអ្នកនាងនិងគូស្នេហ៍ទាំងពីរនេះរស់នៅឆ្ងាយគ្នាក៏នៅតែរាប់អានគ្នា។
គួរបញ្ជាក់ផងដែរថាតារាសម្ដែងគង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា គឺជាអតីតបេក្ខភាពក្នុងកម្មវិធី Freshie ដែលស្រឡាញ់គ្នាបើកចំហរយូរឆ្នាំមកហើយ។ អ្នកទាំងពីរបានចូលរោងជ័យកាលពីថ្ងៃទី១៤ មីនា ក្នុងឆ្នាំ២០១៦នេះនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយបានប្រកាសថាចំនួនភ្ញៀវកិត្តិយសប្រមាណ៧០០ត្រូវបានអញ្ជើញឲ្យចូលរួម។ មង្គលរបស់អ្នកទាំងពីរត្រូវគេឃើញតុបតែងលម្អដោយផ្កាស្រស់និងរៀបចំយ៉ាងប្រណីតមិនចាញ់មង្គលការរបស់អ្នកមានទ្រព្យស្ដុកភាគច្រើននោះទេ។
គង់ ច័ន្ទស្រីមុំ ធ្លាប់បានបញ្ជាក់ថាគ្រោងចំណាយប្រមាណ១០ម៉ឺនដុល្លារសម្រាប់ពិធីនេះ។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថាប្ដីប្រពន្ធទាំងពីរនឹងចាកចេញទៅក្រេបទឹកឃ្មុំតាមការរៀបចំកាដូពិសេសរបស់អ្នកនាងយ៉ាន លីនដា នៅថ្ងៃណាទេក្រោយចប់មង្គលការ៕