អង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំងបានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាន់ជំហរជំទាស់នឹងវត្តមានរបស់កូនប្រុសនាយករដ្ឋមន្រ្តី គឺលោក ហ៊ុន ម៉ាណែត ដែលត្រូវបានអញ្ជើញចូលរួមកម្មវិធីចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា។
នេះជាការឆ្លើយតបទៅនឹងលោក ហ៊ុន ម៉ាណែត ដែលបានលើកឡើងកាលពីសប្តាហ៍មុនថាដំណើរទស្សនកិច្ចរបស់លោកទៅអាមេរិកមិនមែនជារឿងនយោបាយនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារនេះ អង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំងបានលើកឡើងថាភាពចម្រូងចម្រាសដែលកំពុងតែកើតមានទ្បើងនេះ គឺមិនមែនជារឿងនយោបាយនោះទេ ប៉ុន្តែជា”រឿងភាពថ្លៃថ្នូរជាមនុស្សនិងសេចក្តីគោរពចំពោះអ្នកដែលត្រូវបានបង្ខំឲ្យក្លាយជាជនរងគ្រោះដោយសាររបបឃោរឃៅនេះ”។ ពួកគេបញ្ជាក់ថា៖ “សារដែលបងប្អូនយើងបានផ្ញើនោះគឺច្បាស់ណាស់ថាពលរដ្ឋខ្មែរ-អាមេរិកាំងនឹងមិនស្វាគមន៍ហើយទទួលយកកូនប្រុសនៃជនផ្តាច់ការដែលជាអ្នកគាំទ្រនូវគោលនយោបាយគាបសង្កត់របស់ឪពុកគាត់នោះបានទ្បើយ”។
អង្គការសម្ព័ន្ធខ្មែរអាមេរិកកាំងបានបន្ថែមថា៖ “ប្រាកដណាស់គាត់មិនមែនជាអ្នកនយោបាយទេ ប៉ុន្តែគាត់ជាជនជិះជាន់មិនអាចប្រកែកបាន។ សារជាថ្មីម្តងទៀត រឿងនេះគឺជារឿងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិនិងសេចក្តីគោរពដែលគណបក្សកាន់អំណាចមិនបានផ្តល់ជូនពួកគេជាយូរមកហើយ”។
ពួកគេបានឲ្យដឹងទៀតថាការជំទាស់នឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត មិនមែនជារឿងនយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិនោះទេ តែជារឿងដែលពលរដ្ឋខ្មែរ-អាមេរិកាំងផ្តល់តម្លៃដល់សេរីភាព យុត្តិធម៌និងលទ្ធិប្រជាធិបតេយ្យ។ ពួកគេបញ្ជាក់ថា៖ “យើងសូមនិយាយថាមិនស្វាគមន៍ជនផ្តាច់ការណាមួយទ្បើយ”។
កាលពីថ្ងៃអាទិត្យ លោក ហ៊ុន ម៉ាណែត បានបកស្រាយថាការសម្រេចចិត្តចូលរួមកម្មវិធីចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិចដែលនឹងរៀបចំដោយពលរដ្ឋខ្មែរអាមេរិកកាំងនៅថ្ងៃទី១០ខែមេសាខាងមុខ មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ ដោយលោកស្នើឲ្យមានការអញ្ជើញតំណាងពីគណបក្សប្រឆាំងចូលរួមផងដែរ។
លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ “មិនសំខាន់ថាបងប្អូនម្ខាងៗមានហេតុផលយ៉ាងណានោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺវាបង្ហាញឲ្យឃើញនូវការបែកបាក់សាមគ្គីរវាងខ្មែរនិងខ្មែរ ក្នុងពេលមួយដែលយើងគួររួបរួមគ្នា មិនប្រកាន់គ្នាដើម្បីធ្វើការរួមគ្នាលើកស្ទួយជាតិរបស់យើង តាមរយៈការរួមគ្នាបង្ហាញអំពីវប្បធម៌និងអរិយធម៌ដ៏ឧត្តុងឧត្តមរបស់ខ្មែរយើង ឲ្យប្រជាជនអាមេរិកាំងនិងជាតិសាសន៍ដទៃទៀតបានឃើញ”។
លោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសនិងជាមេបញ្ជាការរងកងទ័ពជើងគោក។
គួររំឭកថាប្រជាពលរដ្ឋខ្មែរអាមេរិកកាំងជាង២០០នាក់រស់នៅទីក្រុងឡុងប៊ិច កាលពីថ្ងៃសុក្រសប្តាហ៍មុន បានជួបពិភាក្សាជាមួយអ្នករៀបចំកម្មវិធីចូលឆ្នាំខ្មែរ ដោយពួកគេមួយចំនួនបានសម្តែងការខឹងសម្បានឹងក្រុមការងាររៀបចំដែលអញ្ជើញកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមកម្មវិធីចូលឆ្នាំខ្មែរ។
លោក ស្ទីវ ម៉េង(Steve Meng) តំណាងគណៈកម្មការបុរីកម្ពុជា(Cambodia Town)បានលើកឡើងថាក្រុមការងារបានអញ្ជើញលោក ហ៊ុន ម៉ាណែត មកមែន តែមិនទាន់ដឹងថាតើលោកនឹងអាចអញ្ជើញចូលរួមនោះទេ។ លោកបន្តថាលោកអញ្ជើញតំណាងមកពីស្ថាប័នផ្សេងៗនៅកម្ពុជាមិនមែនតែលោក ហ៊ុន ម៉ាណែត នោះទេ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំឯកភាពគ្នាទាំងអស់គ្នាទាំងសមាជិកទាំងអស់ហ្នឹង ហៅទាំងអស់ គ្រប់ស្ថាប័នទាំងអស់ មិនថាស្រុកខ្មែរទេ ស្រុកណាក៏ហៅមកដែរបង តាំងពីក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ហើយនិងគ្រប់ប៉ុស្តិ៍TV(ទូរទស្សន៍)នៅស្រុកខ្មែរទាំងអស់។ ក៏ប៉ុន្តែបងត្រូវដឹងថាស្រុកខ្មែរយើង ហៅមកមែន ប៉ុន្តែមិនបានមកទេ ត្រូវសម្ភាសន៍ជាមួយទូតអាកាំងទៀត បានអាចមក។ ដូច្នេះពេលនេះឥឡូវ ហៅអញ្ជើញមកមែន តែមិនទាន់ដឹងដំណឹងថាពួកគេអញ្ជើញមក មិនទាន់ដឹងនៅឡើយទេ ព្រោះវីហ្សាមិនទាន់ដឹង”៕