ក្នុងការបោះឆ្នោតបឋមដ៏សំខាន់មួយកាលពីថ្ងៃអង្គារ ឬ“Super Tuesday 2” លោកស្រី Hillary Clinton របស់គណបក្សប្រជាធិបតេយ្យ និងលោក Donald Trump របស់គណបក្សសាធារណរដ្ឋទទួលបានជ័យជម្នះស្នូលក្នុងការប្រណាំងប្រជែងសម្រាប់ជាបេក្ខជនប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនៅក្នុងបក្សរៀងខ្លួន។
បណ្ដាញផ្សាយព័ត៌មាន BBC បានផ្សាយថាលោក Trump បានយកឈ្នះនៅក្នុងរដ្ឋចំនួន៣រួមមានរដ្ឋ Florida រដ្ឋ Illinoi និងរដ្ឋ North California។ សម្រាប់រដ្ឋ Ohio ជ័យជម្នះបានទៅលើបេក្ខជនរបស់គណបក្សសាធារណរដ្ឋម្នាក់ទៀតគឺលោក John Kasich។
ចំណែកក្នុងគណបក្សប្រជាធិបតេយ្យវិញ លោកស្រី Hillary Clinton ទទួលបានជ័យជម្នះនៅក្នុងរដ្ឋចំនួន៤គឺរដ្ឋ Florida រដ្ឋ Ohio រដ្ឋ Illinoi និងរដ្ឋ North California។ ឯលទ្ធផលនៅក្នុងរដ្ឋ Missouri នៅមិនទាន់សម្រេចនៅឡើយទេទាំងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ដោយសំឡេងគាំទ្រមានការប្រកៀកប្រកិតគ្នាខ្លាំង។
ការបោះឆ្នោតកាលពីថ្ងៃអង្គារ ឬ”Super Tuesday 2” គឺជាការបោះឆ្នោតដ៏សំខាន់មួយនៅក្នុងការរកសំឡេងគាំទ្រក្នុងបក្សសម្រាប់បេក្ខភាពប្រធានាធិបតីដោយពលរដ្ឋនៅរដ្ឋចំនួន៥ទៅបោះឆ្នោតក្នុងថ្ងៃតែមួយ។

គួរបញ្ជាក់ថាក្នុងការបោះឆ្នោតបឋមដ៏សំខាន់ជាង Super Tuesday កាលពីថ្ងៃទី១ ខែមីនា លោក Trump និងលោកស្រី Clinton ក៏បានទទួលការគាំទ្រច្រើនជាងគេផងដែរដោយក្នុងចំណោមរដ្ឋចំនួន១១ពួកគេឈ្នះក្នុងរដ្ឋចំនួន៧ដូចគ្នា។
ដើម្បីទទួលបានបេក្ខភាពប្រធានាធិបតីក្នុងគណបក្សប្រជាធិបតេយ្យត្រូវការប្រតិភូចំនួន២៣៨៣ ចំណែកក្នុងគណបក្សសាធារណរដ្ឋត្រូវការចំនួន១២៣៧ប្រតិភូ។
មកដល់ពេលនេះ លោកស្រី Clinton ជាបេក្ខជននាំមុខគេរបស់គណបក្សប្រជាធិបតេយ្យដោយទទួលបាន១៥៦១ប្រតិភូ នៅខ្វះ៨២២ប្រតិភូ តាមពីក្រោយដោយលោក Bernie Sanders ដែលបច្ចុប្បន្នមាន៨០០ប្រតិភូ នៅខ្វះ១៥៨៣។ ចំណែកក្នុងគណបក្សសាធារណរដ្ឋសេដ្ឋីអចលនទ្រព្យលោក Trump នាំមុខគេដោយទទួលបាន៦២១ប្រតិភូ នៅខ្វះ៦១៦ តាមពីក្រោយដោយលោក Cruz ដែលទទួលបាន៣៩៦ប្រតិភូ នៅខ្វះ៨៤១។
អាមេរិកនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី៨ ខែវិច្ឆិកា ដែលជាការជ្រើសរើសតំណែងប្រធានាធិបតីលើកទី៤៥ជំនួសលោក ប៉ារ៉ាក់ អូបាម៉ា ដែលនឹងចូលនិវត្តន៍៕
ប្រភព៖ BBC