ក្រសួងការងារ រំឭកម្ចាស់សហគ្រាស និងគ្រឹះស្ថានកាត់ដេរនានាឲ្យយកចិត្តទុកដាក់ថែទាំសុខភាពកម្មករខណៈ កម្ពុជានឹងជួបអាកាសធាតុក្តៅហួតហែងខ្លាំងនៅរដូវប្រាំងនេះ នឹងអាចធ្វើឲ្យកម្មករដួលសន្លប់បាន បើខ្វះការប្រុងប្រយ័ត្នលើវិធានការទប់ស្កាត់កម្តៅនៅកន្លែងធ្វើការ។
នៅថ្ងៃទី១៧ ខែមីនា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេក្តីជូនដំណឹងមួយ រំឭកដល់ម្ចាស់សហគ្រាស ជាពិសេសគ្រឹះស្ថានកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើង ឲ្យបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ការឡើងកម្តៅនេះបង្ការកុំឲ្យកម្មករដួលសន្លប់ជាយថាហេតុ។ ក្រសួងការងារបានរំឭកពីវិធានការណ៍៩ចំណុចដូចជា ត្រួតពិនិត្យនិងបើកឲ្យដំណើរការខ្យល់ ចេញចូលក្នុងរោងចក្រមួយម៉ោងមុនពេលកម្មករចូលធ្វើការ។
ត្រូវដាក់ឲ្យមានឧបករណ៍វាស់ស្ទង់កំដៅនៅកន្លែងធ្វើការ ដើម្បីតាមដានការវិវត្តកំដៅ ត្រូវបើកទ្វារបង្អួចឲ្យធំទូលាយ និង បន្ថែមកង្ហារបញ្ចូលខ្យល់។ ត្រូវរៀបចំឲ្យមានប្រព័ន្ធស្រោចទឹកលើតំបូលអគារ ឲ្យបាន២ដងក្នុងមួយថ្ងៃ។
នៅក្នុងសេចក្ដីប្រកាសដដែលក្រសួងការងារក៏ណែនាំឲ្យមានការផ្ដល់ទឹកស្អាតសម្រាប់កម្មករបរិភោគគ្រប់គ្រាន់ ត្រួតពិនិត្យប្រចាំនូវប្រព័ន្ធបង្ការអគ្គីភ័យ និងរៀបចំនូវការប្រើប្រាស់សារធាតុគីមីដែលអាចឆាបឆេះឲ្យនៅដោយឡែកផងដែរ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានសារទរទៅនឹងសេចក្តីជូនដំណឹងរបស់ក្រសួងការងារនេះ។
ប៉ុន្តែលោកថា ដើម្បីឲ្យការងារនោះ មានប្រសិទ្ធិភាព លោកថាក្រសួងការងារត្រូវមានវិធានការ មួយទៀតគឺតាមដានក្រុមអធិការកិច្ច ដែលចុះពិនិត្យផ្ទា់ល់ ជាមួយម្ចាស់សហគ្រាសថា តើការអំពាវនាវ និងការជំរុញរបស់ក្រសួងនោះ ត្រូវបានគេយកទៅអនុវត្តឬក៏យ៉ាងណា។
បើតាមលោក អាត់ ធន់ ថាកន្លងទៅនៅពេលដែលកម្ពុជាមិនទាន់ជួបអាកាសធាតុក្តៅហួតហែងដូចរដូងប្រាំងនេះផង លោកថាមានកម្មករប្រមាណជាង ១៨០០នាក់ក្នុងមួយឆ្នាំបានដួលសន្លប់ ដោយសារតែកំដៅខ្លាំងនៅក្នុងរោងចក្រ កង្វះខ្យល់អ៊ុកស៊ីសែន បញ្ហាធូលី សារធាតុគីមី និង កង្វះអាហារជាដើម៕