រដ្ឋមន្ត្រីក្រសួងអប់រំម៉ាឡេស៊ីបានប្រកាសនៅថ្ងៃចន្ទនេះថា សាលានៅភាគខាងជើងក្នុងរដ្ឋ Kedah និង Perlis នឹងបិទទ្វារចំនួនពីរថ្ងៃនៅថ្ងៃអង្គារស្អែក និងថ្ងៃពុធ ដោយសារតែរលកកម្ដៅស្ងួត។
កាសែត The Star របស់ម៉ាឡេស៊ីបានចុះផ្សាយថា រដ្ឋមន្ត្រីក្រសួងអប់រំលោក Seri Mahdzir Khalid បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅថ្ងៃពុធក្រសួងនឹងសម្រេចចិត្តម្ដងទៀតថាតើសាលានឹងនៅតែបន្តបិទទ្វារទៀតឬយ៉ាងណា ដោយលោកថា ប្រសិនបើសីតុណ្ហភាពឡើងលើសពី៣៩អង់សាសេ៣ថ្ងៃជាប់គ្នា នោះសាលានឹងនៅតែបន្តបិទ។
ប្រទេសម៉ាឡេស៊ីកំពុងជួបប្រទះបញ្ហាអាកាសធាតុក្ដីហើយស្ងួត ដោយនាយកដ្ឋានឧតុនិយមបានព្យាករណ៍ថា ស្ថានភាពនេះនឹងនៅតែបន្តរហូតដល់ខែឧសភា ឬមិថុនាខាងមុខ។
យោងតាមសារព័ត៌មាន Channel News Asia លោក Seri Mahdzir Khalid បានមានប្រសាសន៍ថា ទោះបីជាមានក្ដីបាម្ភថា សិស្សសាលានឹងខកខានថ្នាក់រៀនរបស់ពួកគេក៏ដោយ ក៏ឪពុកម្ដាយជាច្រើនគឺចង់ឲ្យកូនរបស់ពួកគេស្ថិតក្នុងសីតុណ្ហភាពត្រជាក់នៅផ្ទះជាជាងចេញក្រៅដើម្បីទៅរៀន។
កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីក្រសយងធនធានធម្មជាតិ និងបរិស្ថានបានប្រកាសពីគោលការណ៍ណែនាំថា សាលាអាចបិទទ្វារបានប្រសិនបើសីតុណ្ហភាពឡើងលើស៣៧អង់សាសេក្នុងរយៈពេលច្រើនជាង៧២ម៉ោង៕