គ្រោះថ្នាក់​ចរាចរណ៍មួយ​​នៅ​អេស្ប៉ាញ​សម្លាប់​និស្សិតចម្រុះ​ជាតិសាសន៍​១៣​នាក់ របួស​៣៤​នាក់​

រថយន្តក្រុង​មួយ​ដឹកនិស្សិតសាកលវិទ្យាល័យចម្រុះ​ជាតិ​សាសន៍​បាន​ជួប​គ្រោះថ្នាក់​កាលពីថ្ងៃអាទិត្យនៅលើផ្លូវ​ហាយវេ​មួយក្នុង​ប្រទេស​អេស្ប៉ាញ (រូបភាពពី Reuters)

រថយន្តក្រុង​មួយ​ដឹកនិស្សិតសាកលវិទ្យាល័យចម្រុះ​ជាតិ​សាសន៍​បាន​ជួប​គ្រោះថ្នាក់​កាលពីថ្ងៃអាទិត្យនៅលើផ្លូវ​ហាយវេ​មួយក្នុង​ប្រទេស​អេស្ប៉ាញ ដោយបាន​សម្លាប់អ្នកដំណើរយ៉ាងហោចណាស់១៣នាក់ និង​៣៤​នាក់​ផ្សេង​ទៀត​បាន​រងរបួស​។

បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC បាន​រាយការណ៍​ថា រថយន្ត​ក្រុង​ដែល​បានជួប​គ្រោះថ្នាក់​នោះ​មាន​ដឹក​មនុស្ស​៥៧​នាក់ ដោយ​ភាគ​ច្រើន​ជា​និស្សិតអន្តរជាតិ​ (Exchange Students) មក​ពី​ប្រទេស​ផ្សេង​ដោយពួកកំពុង​ធ្វើ​ដំណើរ​ប្រឡប់​ពី​ចូល​រួម​ពិធីបុណ្យបាញ់​កាំជ្រួចមួយរបស់​អេស្ប៉ាញ​។

អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនរង​គ្រោះទាំង​អស់​ដែល​បាន​ស្លាប់​គឺ​ជា​និស្សិត​ស្រី​ ក៏​ប៉ុន្តែ​គេ​នៅមិន​ទាន់​បាន​បញ្ជាក់​ពី​សញ្ជាតិ​របស់​ពួកគេ​នៅ​ឡើយ​ទេ​។

និស្សិត​ដែល​ជិះ​នៅ​លើ​រថយន្ត​នោះមាន​​មក​ពី​ប្រទេស​អង់គ្លេស ហុងគ្រី អាល្លឺម៉ង់ ស៊ុយអែត ន័រវេស ស្វ៊ីស សាធារណរដ្ឋឆែក ញូវហ្សេឡែន ប្រទេសអ៊ីតាលី ប្រទេសប៉េរូ ប៊ុលហ្គារី ប្រទេសប៉ូឡូញ អៀរឡង់ ប៉ាឡេស្ទីន ជប៉ុន និងអ៊ុយក្រែន​។

គ្រោះថ្នាក់​នោះ​បាន​កើតឡើង​តំបន់​​Freginals នៅពាក់កណ្ដាល​ទីក្រុង Valencia និង​Barcelona។ ទីតាំង​ដែល​រថយន្ត​នោះ​បាន​ជួប​គ្រោះថ្នាក់​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាកន្លែង​ដែល​មាន​គ្រោះថ្នាក់​ញឹកញាប់​។

អាជ្ញាធរ​អេស្ប៉ាញ​នៅ​មិន​ទាន់​អាច​បញ្ជាក់ពី​មូលហេតុ​ដែល​នាំឲ្យ​មាន​គ្រោះថ្នាក់​នេះ​បាន​នៅឡើយ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា ស្ថានភាព​ផ្លូវ​ស្ថិតនៅ​ក្នុង​លក្ខណៈល្អ​ពេល​ដែល​គ្រោះថ្នាក់​នោះ​កើតឡើង ហើយ​អ្នក​បើកបរ​រថយន្តនោះ​ត្រូវ​គេ​​ពិនិត្យ​ឃើញ​ថា​មិន​ស្រវឹង ឬ​ប្រើប្រាស់​គ្រឿងញៀន​នោះ​ទេ​។

ប្រភព៖ BBC និង​ Reuters

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ