រដ្ឋាភិបាលអាមេរិកចាត់ទុកថា មីយ៉ាន់ម៉ា ជាប្រទេសដែលមានការធ្វើទុក្ខបុកម្នេញលើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា កាន់សាសនាឥស្លាម តែថាមិនទាន់ឈានដល់បទឧក្រិដ្ឋប្រល័យពូជសាសន៍ទេ។
នៅក្នុងរបាយការណ៍ដែលក្រសួងការបរទេសអាមេរិកផ្ញើទៅរដ្ឋសភាបានបញ្ជាក់ថាពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងករណីរដ្ឋាភិបាលមីយ៉ាន់ម៉ាដែលបានធ្វើទុក្ខបុកម្នេញលើការរស់នៅរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ ទោះយ៉ាងណារបាយការណ៍នេះបញ្ជាក់ថា ពួកគេមិនចាត់ទុក្ខថាជាអំពើសម្លាប់រង្គៀលធំធេងឬបទឧក្រិដ្ឋប្រល័យពូជសាសន៍នោះទេ។ នេះបើតាមប្រភពសារព័ត៌មាន Channel News Asia។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក John Kirby ថ្លែងថានៅពេលដែលពួកគេរកមិនឃើញពីការធ្វើទុក្ខបុកម្នេញអ្វីផ្សេងទៀតនោះ គឺមិនអាចចាត់ទុកថាជាអំពើប្រល័យពូជសាសន៍នោះទេ។
ជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមរាប់ម៉ឺននាក់បានរត់គេចខ្លួនពីការធ្វើទុក្ខបុកម្នេញចេញពីតំបន់ភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ាតាំងមានហិង្សាសាសនាកើតឡើងកាលពីឆ្នាំ២០១២ ករណីនេះសហគមន៍អន្តរជាតិជំរុញឲ្យមានការស៊ើបអង្កេតដោយពួកគេចោទថាជាអំពើប្រល័យពូជសាសន៍មានភស្តុតាងយ៉ាងច្បាស់។
កាលពីថ្ងៃចន្ទម្សិលមិញ អង្គការសហប្រជាជាតិនិងសហភាពអឺរ៉ុបថ្លែងថាពួកគេសង្ឃឹមលើរដ្ឋាភិបាលថ្មីកើតចេញពីគណបក្សប្រឆាំងរបស់លោកស្រី អ៊ុង សានស៊ូជី នឹងធ្វើឲ្យស្ថានភាពប្រសើរឡើងក្នុងការចូលរួមទប់ស្កាត់ ចំនួនជនអន្តោប្រវេសន៍ទៅក្នុងប្រទេសថៃនិងប្រទេសផ្សេងៗទៀត។
គណបក្សសម័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យនឹងដឹកនាំរដ្ឋាភិបាលថ្មីចាប់ពីថ្ងៃទី១ ខែមេសា ខាងមុខនេះ ប៉ុន្តែគណបក្សនេះក៏ទទួលការរិះគន់ដែរថាបានលើកឡើងតិចតួចអំពីគោលនយោបាយដោះស្រាយចំពោះស្ថានភាពជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាដែលកំពុងរស់នៅក្នុងជំរុំប្រមាណ១៤០ ០០០នាក់នៅក្នុងរដ្ឋរ៉ាឃីន៕