អ្នកច្បាប់ខ្លះថាពិបាកយល់ពីចំណាត់ការរបស់ស្ថាប័នរដ្ឋទៅលើលោក កឹម សុខា

លោក​កឹម សុខា​ ក្នុង​ពិធី​ចុះ​ជួប​សកម្មជន នៅ​ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២០​ខែ​មីនា​នេះ​(រូបថតពី​ហ្វេស​ប៊ុក​លោក​ កឹម សុខា)

អ្នកច្បាប់មួយចំនួនបង្ហាញការយល់ឃើញប្រហាក់ប្រហែលគ្នាថាចំណាត់ការនានារបស់ស្ថាប័នរដ្ឋទៅលើ​មេដឹកនាំប​​​ក្ស​ប្រឆាំងពួកគេថាហាក់ពិបាកយល់ដោយអះអាងថាការអនុវត្តច្បាប់ច្រើន​ធ្វើឡើងទៅ​តាម​ការប​កស្រាយ។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីមាននិស្សិតមួយក្រុមដែលអះអាងថាមិនជាប់ពាក់ព័​ន្ធនឹង​រឿង​ន​យោ​បា​យបានដាក់ញត្តិ​ទៅ​រដ្ឋ​សភានិងពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយប្តឹងប្រធាន​​ស្តីទី​​គ​ណ​បក្ស​​សង្គ្រោះ​ជាតិលោ​​ក កឹម សុខា ដោយ​ពួកគេចោទថាមេដឹកនាំ​បក្សប្រឆាំងរូបនោះមានស្នេ​ហា​លួច​លាក់និងជាប់​​ពា​​​ក់​​ព័ន្ធនឹងអំពើពុករ​លួ​យសំអាង​ទៅលើខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទដែល​​គេ​​បានបញ្ចេញតាមបណ្តាញសង្គម។

បណ្តឹងនោះក្រុមនិស្សិតបានសំអាងលើខ្សែអាត់សំឡេងបែកធ្លាយមួយដែលគេយកមកបង្ហោះតាមប​ណ្តា​​ញសង្គមដោយ​ចោទថាជាសំឡេងលោក កឹម សុខា សន្ទនា​ស្នេហាលួចលាក់ជាមួយនា​​រីវ័យ​អា​​យុ​២៥ឆ្នាំម្នាក់និងសន្យាទិញផ្ទះនិងដីឲ្យ។

ពាក្យបណ្តឹងរបស់ក្រុមនិស្សិតនោះហាក់មានប្រសិទ្ធិភាពដោយគេសង្គេតឃើញរដ្ឋសភាបាន​ចេញលិ​ខិត​​ឲ្យ​លោ​ក កឹម សុខា បក​ស្រាយទៅនឹងការទាមទាររបស់ក្រុមនិស្សិត។

រីឯអ​ង្គភាពប្រឆាំងអំពើពុករលួយបានអនុញ្ញាតឲ្យក្រុមនិស្សិតទាំងនោះមកស្តាប់ការពន្យល់នៅស្នាក់ការរបស់​ខ្លួនថា​តើ​គួរ​ចាត់វិធានការទៅលើពាក្យបណ្តឹងនោះឬក៏យ៉ាងណា។

មេធាវីនិងជាសាស្ត្រាចារ្យបង្រៀនច្បាប់លោក ស សូវាន ពន្យល់ថាមេដឹកនាំនៅប​ណ្តាលប្រ​ទេស​មួ​​យ​ចំនួនលើពិភពលោក ដូចជាប្រទេសបារាំងនិងប្រទេសអង់គ្លេសក៏ធ្លាប់មានអា​ស្រូវផ្លូវភេទជាមួ​យ​លេ​​ខា​របស់ខ្លួនដែរ។

មេធាវី​រូបនោះបន្តថាក្រោយពីបែកធ្លាយរឿងអាស្រូវផ្លូវភេទនេះមេដឹកនាំខ្លះស​ម្រេច​ចុះចេ​ញពីតំ​​ណែ​ង​និងមេដឹកនាំ​ខ្លះទៀតមិនប្រឈ​មនឹ​ងផ្លូវ​ច្បាប់​ទេ​អាស្រ័យលើច្បាប់នៃប្រទេសរបស់ពួកគេ​ដែ​លបា​នច​ងក្រងឡើង។

ប៉ុន្តែលោក ស សូវាន ពន្យល់ទៀតថាការទៅមានស្នេហាលួចលាក់ដោយស្ម័គ្គចិត្តលោកថានៅកម្ពុជាគ្មានច្បាប់​សម្រាប់ដាក់ទោសទណ្ឌទេ។ ប៉ុន្តែលោកថាការអនុវត្តច្បាប់នៅកម្ពុជាធ្វើឡើង​តាមការប​កស្រា​យដែលលោកថាករណីនេះ ជា​ការពិបាកយល់នៅកម្ពុជា។

លោក ស សូវាន ឲ្យដឹងទៀតថាករណីចោទប្រកាន់លោក កឹម សុខា វិញលោកថាព្រះរាជអាជ្ញាទេដែល​ត្រូវ​សកម្មមុន និស្សិតដើម្បីស្វែងរកមុខអ្នកដែលលួចបញ្ចេញសំឡេងរំលោភលើសិទ្ធិបុគ្គលនោះមកផ្តន្ទាទោ​សទើប​អាចឈាន​ទៅចាត់វិធានការលើលោក កឹម សុខា បាន។

លោកថា៖ “ច្បាប់ហ្នឹងខ្ញុំមិនចង់និយាយទេនៅស្រុកខ្មែវាទៅជាគ្រូទាយបើច្បាប់ខ្ញុំជម្រាបគឺត្រូវលោ​កព្រះរា​ជអាជ្ញានេះដែល​ខ្លួនទទួលខុសត្រូវសណ្តាប់ធ្លាប់សាធារណៈនេះវែកមុខថាអ្នកណា​ទៅផ្សាយអារឿងអាថ​កំបាំងតេ​លេហ្វូនអីហ្នឹង។ ព្រះ​រាជអាជ្ញាហ្នឹងអត់ធ្វើការអីទាំងអស់ឲ្យគាត់ធ្វើការបន្តិចមើលអាហ្នឹងបានថារកអ្ន​កផ្សព្វ​ផ្សាយ​ហ្នឹង​ហើ​យ ថាអ្នកឯងមាន​សិទ្ធិអីទៅផ្សាយរឿងអាថកំបាំងរបស់គេទោះបីមន្ត្រី​ថ្នាក់គណ​បក្សណាក៏ដោយរឿ​ងឯ​​​កជ​នរបស់គេយើងទៅស្ទាក់ហែកហួរ របស់​គេវាអត់ត្រូវច្បាប់។ ដល់អត់ត្រូវច្បាប់ត្រូវ​អ្នកហ្នឹ​ងទ​ទួ​​លខុ​សត្រូវសិនបានទៅសួរគេថាមែនមិនមែននោះ”។

លោក ស សូវាន ឲ្យដឹងទៀតថាករណីចោទប្រកាន់ថាពុករលួយវិញលោកពន្យល់ថា បើមេដឹកនាំប​ក្ស​ប្រ​​​ឆាំងរូ​បនោះ ប្រើប្រាស់ទ្រព្យសម្បត្តិផ្លាល់ខ្លួន​ចំណាយ​លើ​ស្រី​​ស្នេហ៍​ដូចការចោទប្រកាន់ លោក​ថា​មិនមែនក្រុ​មនិ​ស្សិ​តជាអ្នកចេញមុខទេ លោកថាគឺក្រុម​គ្រួ​សាលោក កឹម សុខា ទេដែ​លមា​​នសិ​ទ្ធិចេ​ញ​មុ​ខប្តឹង។

លោកបន្តថា៖ “គេចោទគាត់ថាយកលុយទៅឲ្យស្រីហ្នឹងវាមានតែប្រពន្ធគាត់គេ គាត់ប្តឹងគាត់ផ្តល់ បើប្រពន្ធ​គេមិនប្តឹងយើងទៅឈឺក្បាលអី។ គាត់យកលុយប្រាក់ខែគាត់៣ឬ៤ពាន់ហ្នឹង(ដុល្លារ)ខ្ញុំមិន​ដឹង​ប្រាក់ខែគាត់​ប៉ុន្មានទេ​តំណាងរាស្ត្រគាត់ហ្នឹង ហើយគាត់ប្រធានស្អីៗ ហើយបើគាត់យ​កលុយគណប​ក្សគាត់​​អាហ្នឹងគេរករឿងហើយ”។

មេធាវីម្នាក់ទៀតគឺលោក គីម សុជាតិ ពន្យល់ផ្លូវច្បាប់ថាស្នេហាគ្មានការដាក់សម្ពាធដើម្បីបង្ខិតបង្ខំមិនស្ថិតក្នុង​យុត្ថាធិការផ្លូវច្បាប់ទេ ប៉ុន្តែលោកថាជាកំហុសផ្នែកសីលធម៌។

លោកបន្ថែមថា៖ “ពាក់ព័ន្ធទៅនឹងវប្បធម៌ប្រពៃណីអាហ្នឹងមិនជាប់ពាក់ព័ន្ធនឹងផ្លូវច្បាប់ទេមានន័យថា​ទំនៀមទម្លា​ប់យ៉ាងម៉េ​ច យ៉ាងច្រើនខុសប្រពៃណីខុសបញ្ហាសង្គមតែប៉ុណ្ណឹងទេ ហើយទុក​ឲ្យសង្គមឬក៏​អ្នកដទៃ​ហ្នឹង​គេវាយតម្លៃទៅ អាហ្នឹង​ពាក់ព័ន្ធចំនុចទី១។ ចំនុចទី២ ទាក់ព័ន្ធនឹងវិធានការផ្លូវច្បាប់មានអំពើពុក​រលួយជាអាថបាទ ខ្ញុំគិតថាវិធាន​ការផ្លូវ​ច្បាប់គួរ​តែ​មាន ប៉ុន្តែលុះត្រាតែមានតម្រុយដែលអាចសន្មត់ថាសកម្មភាពហ្នឹងវាជាសកម្មភាពខុសច្បាប់ដែល​ច្បា​ប់​កា​រពារ  អាហ្នឹងបើសកម្មភាពឃើញអញ្ចឹងវាមិនខុសទេ ប៉ុន្តែក្លាចថាអត់មានតម្រុយអីឭតែព័ត៌មាន​ដែ​ល​មិនគិតថាវាជា​អំពើល្មើសកើតឡើង វាជារឿងខ្ញុំមិនខាំមិនទៅលើហ្នឹងទេអាហ្នឹងរឿង​នយោបា​​យរឿ​ងអីទុកឲ្យគេទៅ”។

អ្នក​គ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនិងជាអ្នកប្រឹក្សាច្បាប់នៅអង្គការលីកាដូលោក អំ សំអាត លើកឡើងថាវិធានការនេះ លោកថាជារឿងនយោបាយច្រើនជាងដោយលោកអះអាងថាមានមន្ត្រី​ច្រើនទៀត​ដែលមា​ន​ដី​ស្ទើគ្រប់ខេត្តមានវីឡា​រាប់មិនអស់ដែលលោកថាអង្គភា​ពនេះមិនបានបើកការស៊ើបអង្កេត។

មន្ត្រីសង្គមស៊ីវិលរូបនោះបន្តថាមេដឹកនាំបក្សប្រឆាំងរូបនោះនឹងមិនជាប់ពាក់ព័ន្ធនឹងបទចោទទេ​ បើ​មិន​បាន​យកថវិកា​ជាតិ​មកប្រើប្រាស់ក្នុងករណីចោទប្រកាន់នេះ។

លោកថា៖ “អំពើពុករលួយទាល់តែកិបកេងផលប្រយោជន៍ជាតិយកលុយជាតិទៅធ្វើជាប្រយោ​ជន៍ឯកជន។ ​តែបើលុយរ​បស់​គាត់ចង់ទិញ១០០វិឡាក៏ទិញទៅវាមិនពាក់ព័ន្ធអីនឹងអំពើពុករលួយទេឲ្យតែលុយដែ​លគាត់ទិញហ្នឹ​ងជាលុយស្របច្បាប់ មិន​ប៉ះ​ពាល់ដល់ការកឹមកេងថវិកាជាតិយកមកទិញ”។

យ៉ាងណាក៏ដោយអ្នកតាមដានសង្គមយល់ថាវិធានការទៅលើមន្ត្រីបក្សប្រឆាំងពួកគេថាជាឆាកល្ខោនន​យោ​​បាយមា​នអ្នក​ដឹកនាំរឿងជាមនុស្សដដែលៗដែលពួកគេថាដើម្បីបន្សាបឥទ្ធិពលបក្សប្រឆាំង។

ប៉ុន្តែ​​ពួកគេថាឆាកល្ខោននេះនឹងធ្វើឲ្យបក្សប្រឆាំងកើនប្រជាប្រិយភាពកាន់តែខ្លាំងបើពលរដ្ឋភាគច្រើនចេះតាមដានពី​ទង្វើ​របស់អ្នកនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ