សាក្សីសំខាន់ៗចំនួន ៦រូប ដែលត្រូវបានតុលាការកោះហៅ មកផ្តល់សក្ខីកម្មសម្រាប់សវនាការលើកទី៥៩នេះ មានអ្នកនយោបាយ សហគមន៍ដីធ្លី និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីឱ្យចូលឆ្លើយបំភ្លឺក្នុងសំណុំរឿង «សន្ទិដ្ឋិភាពត្រូវរ៉ូវដោយសម្ងាត់ជាមួយភ្នាក់ងារបរទេសឬជនបរទេស» ចង់ផ្តួលរំលំរដ្ឋាភិបាល ខណៈការសាកសួរដេញដោលលើអង្គហេតុបដិវត្តន៍ពណ៌ ភាគីក្នុងរឿងក្តីនៅមិនទាន់បានបិទបញ្ចប់នៅឡើយ។
នៅព្រឹកថ្ងៃទី០៥ ខែតុលានេះ គេសង្កេតឃើញសាក្សី ៦រូប ដែលត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺរួមមាន លោក គង់ គាំឧត្តម ទីប្រឹក្សាជាន់ខ្ពស់ គណបក្សភ្លើងទៀន លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាអតីតសហសេវិកជាមួយនឹងលោក កឹម សុខា កាលនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ខឿន វីរ៉ាត់ មន្រ្តីសង្កាត់គណបក្សភ្លើងទៀន និងលោក សេង សុវណ្ណា អតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ។
លោក គង់ គាំ ដែលមានវ័យ ៨១ឆ្នាំទៅហើយ បានជម្រាបអង្គសវនាការថា អំឡុងពេលនៃការធ្វើបាតុកម្មរបស់គណបក្សសង្រ្គោះជាតិកាលពីឆ្នាំ២០១៣ លោកនៅជា ឧត្តមទីប្រឹក្សាជាន់ខ្ពស់ របស់គណបក្សមួយនេះនៅឡើយ ហើយក៏ជាប្រធានគណបក្សសមរង្ស៊ីមុននឹងដូរមកជា គណបក្សភ្លើងទៀន ដូចពេលបច្ចុប្បន្ននេះ។
ឆ្លើយនឹងសំណួរបស់តំណាងអយ្យការ អ្នកនយោបាយចាស់វស្សារូបនេះ បញ្ជាក់ថា លោកដឹងថាលោក ហូរ វ៉ាន់ គឺជាអ្នកទទួលខុសត្រូវក្នុងការរៀបចំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យពេលនោះ។ ជាងនេះទៀតលោកក៏បានឮថា លោក ហូរ វ៉ាន់ បានប្រកាសអ្នកធ្វើបាតុកម្មនៅផ្លូវវេងស្រេង គឺជាពួកយើង ដែលមានន័យថា ជាអ្នកមកធ្វើបាតុកម្មគាំទ្រគណបក្សសង្រ្គោះជាតិដែរ។
នៅពេលដែលតំណាងអយ្យការសួរថា តើសកម្មភាពរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំងធ្វើបាតុកម្មក្រៅពីទីលានប្រជាធិបតេយ្យតើធ្វើដើម្បីអ្វីដែរ? លោកមានដឹងដែរទេ? ឆ្លើយពីកៅអីស្ថិតនៅជួរមុខគេដែលមានក្បាលមេក្រូអមជាមួយផង លោក គង់ គាំ បញ្ជាក់ថា ការធ្វើបាតុកម្មកាលណោះគឺទាមទារឱ្យនាយករដ្ឋមន្រ្តីចុះចេញពីអំណាច និងទាមទារលទ្ធផលឆ្នោត។
មានសំណួរផ្សេងទៀតដូចជា ទាក់ទងចលនាផ្កាឈូក និងថ្ងៃច័ន្ទពណ៌ខ្មៅជាដើម ត្រូវបាន លោក គង់ គាំ បដិសេធថា លោកមិនបានដឹងរឿងទាំងនេះទេ។ ក៏ប៉ុន្តែលោកបានឃើញមានថ្នាក់ដឹកនាំខ្លះពាក់អាវពណ៌ខ្មៅនេះដែរ ចំពោះអត្ថន័យយ៉ាងណានោះលោកមិនដឹងច្បាស់ឡើយ។
បើទោះបែបណា គេសង្កេតឃើញពេលផ្តល់សក្ខីកម្មលោក គង់ គាំ បានជម្រាបអង្គជំនុំជម្រះថា ការធ្វើបាតុកម្មនេះជាលក្ខណៈទ្រង់ទ្រាយធំនៃបដិវត្តន៍ក្រៅសំឡេងឆ្នោត។ បន្ថែមពីលើនេះ គណបក្សប្រឆាំងក៏ធ្លាប់មានទំនាក់ទំនងជាមួយអង្គការអន្តរជាតិក្នុងការបណ្តុះបណ្តាលពីប្រជាធិបតេយ្យដែរដូចជា អង្គការ IRI អង្គការ NDI និងអង្គការ ខុនរ៉ាដ ជាដើម។ មិនតែប៉ុណ្ណោះ ក្នុងពេលដែលគណបក្សនយោបាយទាំង២ រួមបញ្ចូលកម្លាំងគ្នា ទៅជាគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១២ ក៏អង្គការខុនរ៉ាដនេះ បានផ្តល់ទីតាំងនៃកិច្ចប្រជុំដែរនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
យ៉ាងនេះក្តី គេសង្កេតឃើញថា នៅពេលលោកបានផ្តល់សក្ខីកម្មតបទៅនឹងសំណួរសហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា វិញ លោក គង់ គាំ បែរជាឆ្លើយផ្សេងពីនេះទៅវិញ។ រាល់សក្ខីកម្មដែលលោកបានផ្តល់គឺបដិសេធថា បាតុកម្មរបស់គណបក្សសង្រ្គោះជាតិរៀបចំឡើងតែនៅទីលានប្រជាធិបតេយ្យ ហើយកិច្ចការដទៃទៀតមិនមានបរទេសណាផ្តល់យោបល់ ឬក៏នៅពីក្រោយទេជាដើម។
តាមរយៈការសួរបញ្ជាក់ពីសហមេធាវី លោក អាង ឧត្តម ដែលជាមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា លោក គង់ គាំ បានរក្សារាល់ចម្លើយរបស់ខ្លួនដែលបានឆ្លើយនៅចំពោះមុខ ចៅក្រមស៊ើបសួរ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ដោយលើកឡើងថា លោកមិនជឿមានអង្គការផ្តល់មូលនិធិទេ តែបើជួយតាមរយៈវគ្គបណ្តុះបណ្តាលគឺមាន។
មនុស្សដែលស្និទ្ធនឹងលោក កឹម សុខា គឺលោក ហ៊ុន កុសល បានប្រាប់ក្រុមអ្នកកាសែត នៅមុខបរិវេណតុលាការថា ការផ្តល់សក្ខីកម្មដោយអ្នកនយោបាយចាស់វស្សារូបនេះ មានចំណុចខ្លះគឺបែរជាព្យាយាមដាក់បន្ទុកប្រឆាំងលោក កឹម សុខា ទៅវិញ។ បើតាមលោក ហ៊ុន កុសល លោកហាក់ស្រងាកចិត្ត នៅពេលដែលឮថា សកម្មភាពធ្វើបាតុកម្មកាលណោះ ជាបាតុកម្មរៀបចំឡើងដោយគណបក្សសង្រ្គោះជាតិ ហើយមានទម្រង់ជាបដិវត្តន៍ទៅទៀត។
លោក ហ៊ុន កុសល ថ្លែងថា៖ «មើលទៅ ជារូបភាពមួយ ដូចដែលគាត់លើកឡើងថា សកម្មភាពបាតុកម្មក្រៅពីទាមទាររាប់សន្លឹកឆ្នោតហ្នឹងគឺជា សកម្មភាពបដិវត្តន៍។ អាហ្នឹងវាជាការឆ្លើយតបមួយដែលដាក់បន្ទុកធ្ងន់ធ្ងរមែនទែន ហើយខ្ញុំចូលរួមសវនាការជាច្រើនលើកច្រើនសារ ឯកឧត្តមប្រធាន កឹម សុខា គាត់បានបញ្ជាក់ច្បាស់លាស់ណាស់ លោកទទួលស្គាល់តែចំពោះសកម្មភាពដែលនៅទីលានប្រជាធិបតេយ្យទេ។ម្យ៉ាងវិញទៀត សាក្សីដូចលោកតា គង់ គាំ គាត់ឆ្លើយហាក់ដូចវង្វេងមិនសូវមានការចង់ចាំច្បាស់លាស់។ ខ្ញុំយល់ថា សាក្សីនេះមិនស្របនឹងគោលការណ៍គណបក្សសង្រ្គោះជាតិទេ»។
សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា បានលើកឡើងថា សម្រាប់ភាគីចុងចម្លើយមិនដែលបានដាក់សាក្សីដោះបន្ទុកទេ គឺ មានតែភស្តុតាង និងឯកសារមួយចំនួន ដោយឡែកសាក្សីដែលកំពុងផ្តល់សក្ខីកម្មនេះ គឺជាសមត្ថកិច្ចរបស់តុលាការ ជាអ្នកកោះហៅទាំងអស់។
លោក ចាន់ ចេន ជាសហមេធាវីម្នាក់ការពារសិទ្ធិឱ្យលោក កឹម សុខា សង្កេតឃើញថា រាល់ការផ្តល់សក្ខីកម្មរបស់លោក គង់ គាំ នេះហាក់មានមន្ទិលសង្ស័យច្រើន។ លោកបន្តថា ទំនងលោកឆ្លើយតបទៅតំណាងអយ្យការអាចមិនបានត្រៀមខ្លួនគ្រប់គ្រាន់ ទើបធ្វើឱ្យចម្លើយរបស់គាត់ វាប្រាស់ចាកឆ្ងាយពីចម្លើយដែលបានផ្តល់ឱ្យសហមេធាវីការពារសិទ្ធិលោក កឹម សុខា និងដូចគ្នាដែរទៅនឹងចម្លើយដែលបានផ្តល់ក្នុងដំណាក់កាលចៅក្រមស៊ើបសួរ។
លោក ចាន់ ចេន ថ្លែងថា៖ «យើងមើលឃើញការគិតនិងចម្លើយរបស់គាត់ ដូចជា វាមិនរលូននិងមិនធម្មតា។ យើងក៏មើលឃើញបែបហ្នឹងដែរ ពីដំបូងគាត់ហាក់ឆ្លើយក្បោះក្បាយតាមសំណួររបស់តំណាងអយ្យការ»។
សំណុំរឿងលោក កឹម សុខា គិតមកដល់ពេលនេះ បានបន្តអូសន្លាយប្រមាណ៥ឆ្នាំមកហើយ ក្រោយលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងពាក់កណ្តាលអាធាត្រ កាលពីដើមខែកញ្ញា ឆ្នាំ២០១៧។
ដោយឡែកលោក យី សុខសាន្ត មន្រ្តីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុដ ដែលឃ្លាំមើលដោយផ្ទាល់ពីសវនាការនេះយល់ឃើញថា សក្ខីកម្មដែលផ្តល់ដោយសាក្សីលុះត្រាតែ សក្ខីកម្មនោះអាចជឿទុកចិត្តបានទើបជាតម្រុយមួយដ៏ត្រឹមត្រូវ សម្រាប់ឱ្យតុលាការពិចារណាក្នុងការសម្រេចសេចក្តី។ ក៏ប៉ុន្តែលោកមើលឃើញថា ការផ្តល់ចម្លើយរបស់លោក គង់ គាំ នេះមើលទៅហាក់មានចំណុចដែលគួរឱ្យសង្ស័យជាច្រើននៅឡើយ។
បើតាមលោក យី សុខសាន្ត ការផ្តល់សក្ខីកម្មដែលស្ថិតនៅក្នុងមន្ទិលបែបនេះវាគួតែជាចម្លើយដែលចាត់ទុកថា មិនអាចជឿទុកចិត្តបាន។
លោក យី សុខសាន្ត ថ្លែងថា៖ «ធម្មតា សាក្សីវាទាល់តែឃើញច្បាស់នឹងភ្នែក ហើយដឹង និងឮផ្ទាល់នឹងត្រចៀក។ ប៉ុន្តែបើសាក្សីគាត់និយាយថា គ្រាន់តែឮគេថា ហើយអត់បានដឹង និងមានពេលខ្លះទៀតគាត់ថា គាត់អត់ដឹង។ជាងនេះទៀត គាត់ទទួលស្គាល់ថា គាត់ទទួលស្គាល់បាតុកម្មនៅទីលានប្រជាធិបតេយ្យមួយទេ ក្រៅពីហ្នឹងគាត់អត់ដឹងទេ។ ក៏ប៉ុន្តែពេលខ្លះ គាត់ឆ្លើយថា ទាំងអស់។ ចំណុចនេះហើយសាក្សីហាក់ផ្តល់ចម្លើយមិនសូវច្បាស់ពាក់ព័ន្ធទៅនឹងរឿងនយោបាយមួយនេះ»។
សម្រាប់សវនាការដែលដំណើរការទៅកាលពីព្រឹកថ្ងៃពុធនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ បានព្រមានឃុំខ្លួនលោក កឹម សុខា បណ្តោះអាសន្នឡើងវិញ។ ការព្រមានបែបនេះរបស់លោកចៅក្រម នៅបន្ទាប់ពី លោក កឹម សុខា បានអះអាងម្តងហើយម្តងទៀតថា មានសំណួរខ្លះដែលតាំងឡើងដោយសមាជិកក្រុមប្រឹក្សាជំនុំជម្រះលោក សេង លាង គឺលោកបានជម្រាបអង្គសវនាការរួចហើយ។ មិនតែប៉ុណ្ណោះលោក កឹម សុខា ក៏បានសួរសំណួរត្រឡប់ទៅចៅក្រមវិញខ្លះដែរ។ ស្ថិតត្រង់ចំណុចនេះហើយដែលលោកចៅក្រមចាត់ទុកថា លោក កឹម សុខា ដាក់បន្ទុក និងព្យាយាមឌឺដងឱ្យតុលាការ។ចំណែកលោក កឹម សុខា បានឆ្លើយតបទៅតុលាការវិញថា លោកមិនបានឌឺដងឱ្យតុលាការ ធាតុពិតសំណួរខ្លះគឺ លោកបានជម្រាបអង្គជំនុំជម្រះរួចហើយមែន៕