អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ម៉ាហាធា មូហាមេដ បានដាក់ពាក្យប្តឹងទៅតុលាការប្តឹងនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក ណាជីប រ៉ាហ្សាក់ ដោយចោទថាពាក់ព័ន្ធអំពើពុករលួយនិងធ្វើឲ្យគេមើលឃើញរូបភាពមិនល្អដល់មន្ត្រីសាធារណៈទូទៅ។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកច្បាប់លោក ម៉ាហាធា មូហាមេដ ចេញផ្សាយនៅថ្ងៃពុធនេះចោទថាលោក ណាជីប ប្រើតួនាទីរំលោភអំណាចប្រព្រឹត្តអំពើពុករលួយ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ រងការចោទប្រកាន់ថាបានយកលុយគម្រោងអភិវឌ្ឍន៍របស់ជាតិប្រមាណ៦៨០លានដុល្លារបង្វែរចូលក្នុងគណនេយ្យធនាគាររបស់ខ្លួន។ ទោះយ៉ាងណាលោកច្រានចោលការចោទប្រកាន់ហើយលោកបញ្ជាក់ថានៅក្នុងឆ្នាំនេះលោកនឹងបញ្ជាក់ឲ្យសាធារណៈបានដឹងទាំងអស់ពីការចោទប្រកាន់នានា។
នៅក្នុងពាក្យបណ្តឹងលោក ម៉ាហាធា បានចោទលោក ណាជីប ថាបានប្រព្រឹត្តអំពើពុករលួយក្នុងតួនាទីមានចេតនាទាញស្ថានភាពឲ្យកាន់តែអាក្រក់ការរារាំងបន្ទុចបង្អាក់ក្នុងការស៊ើបអង្កេតរបស់មន្ត្រីមានសមត្ថកិច្ចលើករណីនេះ។
លោក ម៉ាហាធា មូហាម៉េដ បច្ចុប្បន្នមានអាយុ៩០ឆ្នាំ លោកជានាយករដ្ឋមន្ត្រីទី៤របស់ម៉ាឡេស៊ីដែលបានដឹកនាំប្រទេសរយៈពេល២២ឆ្នាំគឺពីឆ្នាំ១៩៨១ដល់ឆ្នាំ២០០៣។