បែបបទនៃការ​ស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ​និង​ផ្ទេរមរតក​

សព្វថ្ងៃនេះមានប្រជាពលរដ្ឋខ្លះ​​នៅមិនទាន់ដឹងពីបែបបទនៃការស្នើសុំធ្វើ​ប័ណ្ណកម្មសិទ្ធិអចលនទ្រព្យនិង​របៀប​នៃការផ្ទេរមរតកនៅឡើយទេ។

ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញមួយចំនួនដែលបានសម្ភាសន៍ ពួកគេបាន​លើកឡើងពីរបៀបនៃការស្នើសុំ​ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីនិង​ការផ្ទេរមរតកនោះ។

ប្រជាពលរដ្ឋ​នៅខណ្ឌទួលគោក រាជធានីភ្នំពេញ លោក សុខ រិទ្ធី បានរៀ​បរាប់ប្រាប់អ្នក​យក​ព័ត៌មាន​VODនៅមន្ទីររៀប​ចំដែនដីនគររូប​នីយកម្ម សំណង់ និង​សុរិយោដីរាជធានីភ្នំពេញ​​ថាក្រោយពីលោកបានទិញផ្ទះពីអ្នកជិតខាងលោកបានមក​ស្នើសុំផ្ទេរ​កម្មសិទ្ធិពីមន្ទីរសុរិយោដី​ដាក់ឈ្មោះលោក​(ដីមាន​ប្លង់រឹង)។ ប៉ុន្តែលោកថានីតិវិធីនៃការ​ផ្ទេរកម្មសិទ្ធីដីធ្លីពីអ្នកលក់ទៅអ្នកទិញមានភាពងាយស្រួលជាងមុនដោយលោកអះអាង​ថាចាប់ពីមន្ត្រីសង្កាត់ ខណ្ឌ ដល់​មន្ត្រីនៅមន្ទីរសុរិយោដីបាន​បង្កភាពងាយស្រួល​ក្នុង​ការ​ជួយផ្តល់​ព័ត៌មាន​និង​ឯកសារ​ជូន​គាត់ក្នុង​ការ​រៀប​ចំឯកសារបង់ពន្ធជូន​រដ្ឋ​។ លោកបន្តថា៖ ឯកសារ​យើងមក​មន្ទីរសុរិយោដីក្រុងទៅគេ​មាន​ទំរង់បែបបទរបស់គេពេលដែលយើងមកទៅនេះជា​ឯកសាររបស់ដែលគេបញ្ឈឲ្យ​យើង យើងត្រូវ​ការ​បំពេញហ្វម(form)ណាឬក៏យើង​ចង់​យក​ ទិញ​ ឬក៏ទិញផ្តាច់ ឬក៏បំពេញ​បង់ពន្ធ​ប្រថាប់ត្រា ឬក៏ធ្វើ​អ្វីផ្សេងៗទៀត​យើង​មាន​ទំរង់ទំាងអស់ ហើយយើងបំពេញទៅ យើង​ដាក់ទៅខាង​រដ្ឋបាល​ one window Service ដាក់ចូ​លកន្លែង​ហ្នឹង​ទៅ ហើយ​គេ​បំពេញទំរង់ឲ្យ​យើង ហើយ​យើងចូលទៅបង់លុយ​ខាង​នេះទៅ(បង់នៅក្នុង​ one window Service)

នៅពេល​សួរ​ថា តើការ​ស្នើសុំផ្ទេរកម្មសិទ្ធិអចលនទ្រព្យនេះត្រូវចំណាយ​ប្រាក់ប៉ុន្មាន​? លោករិទ្ធីថាលោកត្រូវបង់ពន្ធជូនរដ្ឋគឺ​ថ្លៃប្រថាប់ត្រា៤ភាគរយនៃតម្លៃដីសរុប​។

ចំណែកអ្នកមានជម្លោះដីធ្លីនៅតំបន់​បឹង​កក់ដែល​​ស្នើសុំផ្ទេរមរតក​ពីឪពុក​ម្តាយមក​កូនឯណោះវិញ​អ្នកស្រី បូវ សោភា បានរៀប​រាប់ថា​ការ​ផ្តល់សេវារបស់រដ្ឋមានភាពល្អប្រសើរ​ជាងមុនដោយ​អ្នកស្រីថាការបំពេញ​បែបបទផ្សេងៗចាប់ពីសង្កាត់ដល់មន្ទីរ​សុរិយោដីមិនត្រូវបានចំណាយ​ថវិកាក្រៅផ្លូវការឬត្រូវ​បានមន្ត្រីទារលុយ​ពីគាត់នោះទេ។ អ្នកស្រីបន្តថា៖ និយាយរួមទៅរហូតមក​ដល់ថ្ងៃនេះមិនទាន់មានខាង​សុរិយោដីទាមទា​របង់ថ្លៃសេវា​ពីគាត់ស្អីផងអត់ទាន់មានទេដោយសារខ្ញុំទើបធ្វើឯកសារ​ហើយខ្ញុំត្រូវ​យកទៅសង្កាត់​តែជាធម្មតាយើង​ដឹង​ស្រាប់ហើយថាកាលដែលយើង​ ទឹកចិត្តដែលយើងជា​អ្នក​ធ្វើ​ឲ្យ​គាត់​នេះជា​ទឹកចិត្តរបស់យើង​មិនសំខាន់គាត់ទារ​យើង​សូម្បីតែនៅខណ្ឌក៏ដោយនៅសុរិយោដីនៅខណ្ឌ​ក៏ដោយនៅកន្លែងណាក៏ដោយ សំខាន់យើង​ជាអ្នកដែលទៅធ្វើ​ យើងមានទឹក​ចិត្តឲ្យ​ទៅខាង​ពួកគាត់​ឬមួយក៏អត់តែប៉ុណ្ណោះនេះ​មិនមែនពួកគាត់ទាមទារ​យើងទេ​​​

មន្ត្រីនៅមន្ទីររៀបចំ​ដែនដីនគររូប​នីយកម្មសំណង់រាជធានីភ្នំពេញបានប្រាប់អ្នកយកព័ត៌មានVODថាចំពោះអ្នកផ្ទេរមរតកពីឪពុកម្តាយមកកូនក្នុងមួយប្លង់ដីត្រូវ​បង់សេវា៦០ម៉ឺនរៀល។ ចំណែកការបង់ពន្ធជូនរដ្ឋ៤ភាគរយមិនបាច់បង់នោះទេ។ ដោយឡែកសម្រាប់​ប្តីឬប្រពន្ធដែលរៀប​ការ​ជាមួយអ្នកដែលទទួលបានមរតកពីឪពុកម្តាយខាងប្រពន្ធឬប្តីពោលហៅថាកូនប្រ​សារនោះ​ត្រូវ​បង់ពន្ធជូនរដ្ឋពាក់កណ្តាលនៃ៤ភាគរយក្នុង​តម្លៃដីសរុប។​

ប៉ុន្តែបើតាមការសាកសួរ​ព័ត៌មានពីមន្ត្រីសង្កាត់ ខណ្ឌ មួយចំនួនឲ្យ​ដឹង​ថាការ​ធ្វើសុំធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ការសុំផ្ទេរកម្មសិទ្ធិពីអ្នកលក់ទៅឲ្យអ្នកទិញ និងផ្ទេរមរតកពីឪពុកម្តាយទៅកូនត្រូវ​ចំណាយ​សេវាអ្នករត់ការ​ក្រៅផ្លូវការចន្លោះពី៣០០ដុល្លារ​ទៅ​៧០០ដុល្លារ​​។

អ្នកនាំពាក្យ​ក្រសួង​ដែនដីនគររូប​នីយកម្ម សំណង់ រាជធានីភ្នំពេញ លោក ឡៅ ទិព្វសីហា សុំមិនអត្ថាធិប្បាយជុំវិញការស្នើសុំធ្វើ​ប័ណ្ណកម្មសិទ្ធិអចលនទ្រព្យនិង​របៀប​នៃការផ្ទេរមរតកនេះទេ ដោយលោកអះអាងថាក្រសួងបានធ្វើប្រតិភូមិកម្មអំណាច​ទៅឲ្យ​​មន្ទីរ​រួច​ហើយ។ VODមិនអាចសុំការពន្យល់ពី​ប្រធានមន្ទីរ​រៀប​ចំដែនដីនគររូប​នីយកម្ម សំណង់ និង​សុរិយោ​ដី​រាជធានីភ្នំពេញ​​លោក សារិន វណ្ណា បានទេ​។

មេធាវីលោក សំ សុគង់ បានពន្យល់ពីរបៀប​នៃការ​ស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ​តាមនីតិវិធីច្បាប់​ថា ការ​ផ្ទេរកម្មសិទ្ធិលើអចលនទ្រព្យនិង​ផ្ទេរមរតកពីឪពុកម្តាយទៅកូននោះមានពីករណី។ ករណីទី១ ការស្នើសុំ​ធ្វើប័ណ្ណ​ដាច់ដោយឡែកឬដាច់​​ដោយ​ដុំគឺម្ចាស់ដីស្នើសុំធ្វើដោយខ្លួនឯង និងករណីទី២​ ការសុំធ្វើប័ណ្ណកម្មសិទ្ធិ​​ជា​ប្រព័ន្ធដែល​អាជ្ញាធរដែនដីជាអ្នកចុះធ្វើឲ្យ​ក្នុងមួយ​ភូមិ/ឃុំជា​ដើម​។

លោក សំ សុគង់ បញ្ជាក់ថារបៀប​នៃការធ្វើប័ណ្ណកាន់កាប់អចលនទ្រព្យ​ឬហៅថាធ្វើប្លង់កម្មសិទ្ធិប្រជាពលរដ្ឋម្ចាស់ដីនោះត្រូវ​ភ្ជាប់ឯកសារមួយចំនួន​ដូចជា ​អត្តសញ្ញាណប័ណ្ណ សំបុត្របញ្ជាក់កំណើត សំបុត្រអាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ​ និង​ឯកសារមួយចំនួនទៀតយកទៅបង្ហាញអាជ្ញាធរមូលដ្ឋាន។ លោកបន្ថែមថា៖ អាជ្ញាធរមូលដ្ឋានភូមិ ឃុំ​ គាត់ជាអាជ្ញាធរដែនដីនៅជិតប្រជាពលរដ្ឋក៏ដូចជា​នៅជិត​ដីដែលគាត់​ស្នើសុំធ្វើប័ណ្ណដើម្បីបញ្ជាក់ឲ្យបានច្បាស់ពីអាជ្ញាធរ​ថ្នាក់ក្រោមហើយបានទៅថ្នាក់លើទៅងាយ​ស្រួលក្នុង​ការ​ធ្វើប័ណ្ណកម្មសិទ្ធិ​​ជូនទៅប្រជាពលរដ្ឋ​​​

ថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅ​មន្ត្រី​ក្រសួង​ដែនដីនគររូប​នីយកម្ម​ សំណង់ និង​ស្ថាប័ន​ពាក់ព័ន្ធទំាងអស់​ត្រូវ​បំរើប្រជាពលរដ្ឋ​ក្នុង​ការ​ផ្ទេរមរតកពីឪពុកម្តាយមក​កូន​។ លោកបញ្ជាក់ថាការ​ផ្ទេរមរតកនេះមិនតម្រូវ​ឲ្យ​បង់​ពន្ធចូល​រដ្ឋ៤ភាគរយនៃតម្លៃដីសរុបដូចពីមុនទៀតទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered