ក្រសួងមហាផ្ទៃណែនាំឲ្យគិតគូរដល់ជនពិការពេលសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ

ក្រសួងមហាផ្ទៃណែនាំទៅអភិបាលរាជធានីខេត្តទាំងអស់បញ្ចូលការគិតគូរដល់ជនពិការក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជនពិការក្នុងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈទាំងនោះ។

ក្នុងលិខិតចុះថ្ងៃទី២៤ ខែមីនា ផ្ញើជូនអភិបាលនៃគណៈអភិបាលរាជធានីខេត្ត ក្រសួងមហាផ្ទៃលើកឡើងថា ដើម្បីផ្ដល់នូវភាពងាយស្រួលដល់អ្នកដែលមានពិការភាពគ្រប់ប្រភេទនៅថ្នាក់ក្រោមជាតិ និងក្នុងគោលបំណងដើម្បីជួយសម្រួលដល់ពួកគាត់ក្នុងការប្រើប្រាស់សេវាហេដ្ឋារចនាសម្ព័ន្ធសាធារណៈដោយភាពងាយស្រួល ក្រសួងស្នើឲ្យអភិបាលគ្រប់រាជធានីខេត្តបញ្ចូលការគិតគូរដល់ជនពិការគ្រប់ប្រភេទ ពេលមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅក្នុងមូលដ្ឋានរបស់ខ្លួន រួមទាំងបន្ទប់ទឹកសម្រាប់ជនពិការ ស្របតាមច្បាប់ស្ដីពីជនពិការ និងស្ដត់ដាជាសកលសម្រាប់ជនពិការ។

ក្រសួងមហាផ្ទៃក៏បានបញ្ជាឲ្យអភិបាលរាជធានីខេត្តអនុវត្តសេចក្ដីណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីឆ្នាំ២០១៦នេះតទៅ។

យោងតាមរបាយការណ៍របស់អង្គការជនពិការកម្ពុជា បច្ចុប្បន្នមានជនពិការប្រមាណជា១៥ភាគរយនៃប្រជាជនសរុបជាង១៤លាននាក់ឬស្មើនឹងជាង២លាននាក់។ តួលេខនេះច្រើនជាងតួលេខរដ្ឋាភិបាលអះអាងថាកម្ពុជាមានជនពិការត្រឹមតែ២,១ភាគរយ ឬស្មើនឹងប្រមាណ៣សែននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ