ស្រ្តីម្នាក់ដែលគេស្គាល់ថាជាសកម្មជនការពារព្រៃឡង់បានរងរបួសជើងធ្ងន់ដោយគេអះអាងថាមានជនល្មើសលបលួយកាប់ ខណៈក្រុមយុវជនកំពុងដេកក្នុងអង្រឹងពេលចុះល្បាតព្រៃឈើកាលពីចុងសប្តាហ៍មុននេះ។
កញ្ញា ផន សុភក្រ្ត បានអះអាងថានាងរងរបួសធ្ងន់ចំជើងខាងឆ្វេងបន្ទាប់ពីមានជនមិនស្គាល់អត្តសញ្ញាណលបកាប់នៅពេលដែលនាងសម្រាកលង់លក់នៅម៉ោង១និង៣០នាទីនាយប់ថ្ងៃទី២៦ឈានចូលថ្ងៃទី២៧ ខែមីនា។ កញ្ញាបន្ថែមថាករណីនេះបានកើតឡើងនៅពេលក្រុមល្បាតព្រៃរបស់កញ្ញាចុះបង្ក្រាបក្រុមអ្នកប្រព្រឹត្តបទល្មើសព្រៃឈើនិងចាប់ដកហូតយកម៉ាស៊ីនអារឈើបានមួយចំនួននៅចំណុចអូតាជើង ភូមិបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
កញ្ញាបន្ថែមថា៖ “ពួកខ្ញុំចុះទៅបង្រ្កាបបទល្មើសចាប់ម៉ាស៊ីនបាន១៤ម៉ាស៊ីន ហើយធម្មតានៅពេលដែលយើងចាប់បទល្មើស ជនល្មើសមិនដែលសប្បាយចិត្តជាមួយយើងនោះទេ។ ប៉ុន្តែរាល់ដងអត់ដែលចឹងទេដល់ពេលមកវគ្គនេះ គេមកមែនទែនហ្មង។ ខ្ញុំល្បាតរាល់ដងនិយាយចំទៅតាំងពីឆ្នាំ២០១៤អត់មានចឹងទេគ្រាន់តែមានគំរាមដែរ តែអត់ទាន់ធ្វើដល់ពេលនេះដៃដល់ហ្មង”។
អ្នកសម្របសមស្រួលបណ្ដាញសហគមន៍ព្រៃឡង់ខេត្តក្រចេះ លោក ផៃ ប៉ុនលាំង មានប្រសាសន៍ថាការលបកាប់ប្រហារទាំងកណ្ដាលអធ្រាតនេះជាការគំរាមកំហែងដែលគួរឲ្យព្រួយបារម្ភមួយដល់ក្រុមអ្នកដើរល្បាតព្រៃឈើ។ លោកបន្ថែមថាករណីនេះក្រុមលោកនឹងដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរឲ្យវែកមុខរកជនដៃដល់មកផ្ដន្ទាទោស។
លោកបន្ថែមថា៖ “ខ្ញុំគិតថាទង្វើនេះមកពីបទល្មើសប្រហែលជាមានបញ្ហាអ្វីផ្សេងដែលកើតឡើងនៅពេលដែលយើងចាប់គាត់អត់មានតដៃជាមួយយើងទេ ដល់ពេលយើងសម្រាកយប់បានគាត់លប់ធ្វើឃាត អានេះអាចជាភាពអាថ៌កំបាំងជាមួយនឹងអ្នករកស៊ីមួយចំនួនដែរ”។
ទាក់ទងនឹងបញ្ហានេះនាយកផ្នែកនៃអធិការស្រុកសំបូរលោក ស្រី វណ្ណា មានប្រសាសន៍ថាអាជ្ញាធរក៏បានដឹងពីករណីនេះដែរ។ លោកបន្ថែមថាអាជ្ញាធរកំពុងតែធ្វើការស្រាវជ្រាវបន្ថែមដើម្បីរកជនដៃដល់មកផ្តន្ទាទោសឲ្យបានឆាប់ផងដែរ៕