សកម្មជនកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះបានបង្ហោះខិតប័ណ្ណប្រឆាំងនឹងក្រុងព្យុងយ៉ាងរាប់ម៉ឺនសន្លឹកចូលទៅក្នុងប្រទេសកូរ៉េខាងជើងជាលើកទីពីរក្នុងពេលបីថ្ងៃ ចំពេលមានភាពតានតឹងផ្នែកយោធានៅឧបទ្វីបបែងចែកជាពីរនេះកំពុងកើនឡើង។
សារព័ត៌មាន Channel News Asia បានរាយការណ៍ថា សកម្មជនអភិរក្ស ដែលរួមមានទាំងអ្នករត់ចេញពីកូរ៉េខាងជើងជាច្រើនផងដែរ បានប្រើបាឡុងឧស្ម័ន ដើម្បីបង្ហោះខិត្តប័ណ្ណ១០០ ០០០ សន្លឹករិះគន់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន រំលងព្រំដែនដែលយាមកាមដោយយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់។
កាលពីថ្ងៃសៅរ៍ ក្រុមដដែលនេះដែលហៅខ្លួនឯង យុទ្ធជនសម្រាប់កូរ៉េខាងជើងសេរី បានចាប់ផ្តើមបង្ហោះខិតប័ណ្ណ៥០ ០០០ សន្លឹក ដើម្បីប្រារព្ធខួបនៃការលិចនាវាចម្បាំងកូរ៉េខាងត្បូងមួយគ្រឿងនៅក្នុងឆ្នាំ២០១០។ ក្រុងសេអ៊ូលបានស្តីបន្ទោសថា នាវាមុជទឹកមួយកូរ៉េខាងជើងជាអ្នកធ្វើឲ្យនាវាចម្បាំងនោះលិច បើទោះបីក្រុងព្យុងយ៉ាងតែងតែបានបដិសេធថាមិនមានការពាក់ព័ន្ធណាមួយឡើយ។
ក្រុមនេះបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា៖ “យើងគ្រោងនឹងបង្ហោះខិតប័ណ្ណ ១០លានសន្លឹកក្នុងរយៈពេលបីខែ ដោយបានថ្កោលទោសការសាកល្បងនុយក្លេអ៊ែរថ្មីបំផុតរបស់កូរ៉េខាងជើង ហើយបានជំរុញឱ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរនេះ”។
ការបង្ហោះខិតប័ណ្ណនេះបានធ្វើឲ្យទីក្រុងព្យុងយ៉ាងមានការខឹងសម្បា ដោយបានគំរាមជាញឹកញាប់ពីធ្វើការតបតវិញដោយយោធាប្រឆាំងនឹងក្រុមសកម្មជន។ កាលពីខែតុលា ឆ្នាំ២០១៤ ឆ្មាំការពារព្រំដែនរបស់កូរ៉េខាងជើងបានព្យាយាមបាញ់ទម្លាក់បណ្ដាបាឡុងដែលត្រូវបានបង្ហោះឡើង ដែលបង្កឱ្យមានការបាញ់តគ្នារយៈពេលខ្លីនៅតាមព្រំដែន។
ភាពតានតឹងនៅឧបទ្វីបកូរ៉េបានកើនឡើងខ្ពស់ចាប់តាំងពីការកូរ៉េខាងត្បូងបានចាប់ផ្ដើមធ្វើសមយុទ្ធកងទ័ពរួមគ្នាប្រចាំឆ្នាំជាមួយនឹងសហរដ្ឋអាមេរិកនៅខែមីនានេះ។ កូរ៉េខាងជើងបានចេញផ្សាយការគំរាមកំហែងជាបន្តបន្ទាប់នៅសប្តាហ៍ថ្មីៗនេះ រួមបញ្ចូលទាំងការព្រមាននៃការវាយប្រហារនុយក្លេអ៊ែរប្រឆាំងនឹងទីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន។ ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនបានធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំនេះឲ្យកាន់តែធំជាងមុននៅឆ្នាំនេះ ជាការឆ្លើយតបនឹងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងកាលពីខែមករា និងការបាញ់រ៉ុក្កែតរយៈចម្ងាយឆ្ងាយក្នុងខែកុម្ភៈ៕