អង្គការឃ្លាំមើលការបោះឆ្នោតមួយអះអាងថាប្រជាធិបតេយ្យនៅកម្ពុជាកំពុងរងការគំរាមកំហែងពីគណបក្សកំពុងគ្រប់គ្រងអំណាចដូចជាការរឹតបន្តឹងសេរីភាពបញ្ចេញមតិ គំរាមកំហែងលើបក្សប្រឆាំង និងការប្រើអំណាចរដ្ឋាភិបាល រំលោភលើស្ថាប័នជាតិកំពូលៗរួមមានរដ្ឋសភានិងតុលាការជាដើម។
ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៩ខែមីនានេះនាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ខុមហ្វ្រែល លោក គល់ បញ្ញា ថ្លែងថាតាមរបាយការណ៍អង្គេតប្រចាំឆ្នាំលោកថាប្រជាធិបតេយ្យនៅកម្ពុជាកំពុងគំរាមកំហែងធ្ងន់ធ្ងរពីគណបក្សកំពុងគ្រប់គ្រងអំណាច។
លោកបន្តថា៖ “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីដំណើការប្រជាធិបតេយ្យនៅកម្ពុជាដោយសារការបង្ក្រាបដោយរាជរដ្ឋាភិបាលនិងការធ្វើទុក្ខបុកម្នេញ ការវាយប្រហារហិង្សាប្រឆាំងនឹងអ្នកតំណាងរាស្ត្រ និងការចាប់ដាក់ពន្ធនាគារ លើសមាជិកព្រឹទ្ធសភានិងសកម្មជននៃបក្សប្រឆាំង នេះជាការព្រួយបារម្ភធ្ងន់ធ្ងរទៅលើដំណើរការប្រជាធិបតេ្យនៅកម្ពុជា”។
លោក គល់ បញ្ញា ឲ្យដឹងទៀតថាប្រជាធិបតេយ្យមិនមែនមានន័យថាគ្រាន់តែបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ហើយចប់នោះទេ តែលោកថារដ្ឋាភិបាលត្រូវធានាពីសិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពបង្កើតសមាគម ពិសេសលោកថា មន្ត្រីបក្សប្រឆាំងដើរតួនាទីសំខាន់ក្នុងការជំរុញឲ្យមានការតស៊ូមតិ តែលោកថាសេរីភាពទាំងនោះត្រូវបានបង្ក្រាប។
មន្ត្រីសង្គមស៊ីវិលរូបនោះឲ្យដឹងទៀតថាក្រៅពីប្រើអាជ្ញាធររដ្ឋគំរាមកំហែងលើមន្ត្រីបក្សប្រឆាំង លោកថារដ្ឋាភិបាលភិបាលក៏បានធ្វើច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិលដែលលោកថាជាឧបករណ៍សម្រាប់រដ្ឋាភិបាលកម្រិតសិទ្ធិអង្គការសង្គមស៊ីវិលណាដែលហ៊ានរិះគន់ពីភាពខ្វះចន្លោះរបស់រដ្ឋាភិបាល។
ជាងនេះទៀតមន្ត្រីសម្របសម្រួលជាន់ខ្ពស់របស់អង្គការនេះគឺលោក គឹម ឈន លើកឡើងដែរថាដំណើរការប្រជាធិបតេយ្យនៅកម្ពុជានឹងគ្រោះថ្នាក់ជាងនេះទៀតបើសេរីភាពបញ្ចេញមតិតាមបណ្តាញសង្គមរបស់យុវជនដែលលោកថាបានចូលរួមបញ្ចេញមតិយ៉ាងសកម្មនោះត្រូវបានរដ្ឋាភិបាលរឹតបន្តឹងទៀតនោះ។
លោកបន្ថែមថា៖ “បើសិនជារដ្ឋយកប្រព័ន្ធអ្នកប្រើប្រាស់បណ្តាញសង្គមនេះធ្វើបញ្ហាចំបងទៅលើការរិតត្បិតសេរីភាពហ្នឹង អញ្ចឹងអាការចូលរួមក្នុងការបញ្ចេញមតិហ្នឹង ការចូលរួមផ្តល់យោបល់តាមរយៈប្រព័ន្ធបណ្តាញសង្គមអីហ្នឹង គឺថាវាអាចធ្វើឲ្យមានការរួមតូច”។
ក្រៅពីធ្វើសន្និសិទ អង្គការខុមហ្វ្រែលបានចេញរបាយការណ៍អង្កេតពីរដាក់ដោយឡែកពីគ្នា គឺរបាយការណ៍ស្តីពីការឃ្លាំមើលដំណើរការប្រជាធិបតេយ្យ និងរបាយការណ៍អង្កេតស្តីពីភាពមិនប្រក្រតីនិងអំពើពុករលួយផ្នែកនយោបាយ។
របាយការណ៍បង្ហាញថា នៅឆ្នាំ២០១៥អំពើពុករលួយផ្នែកនយោបាយមាន២៩៧ករណី ចំនួននេះខុមហ្វ្រែលថា បានកើនឡើង៨០ករណីបើប្រៀបធៀបនឹងឆ្នាំ២០១៤។ ក្នុងនោះ១៣៥ករណីអង្គការនោះអះអាងថាទាក់ទិននឹងភាពមិនប្រក្រតីនៃសំណូកនិងការកិបកេងប្រព្រឹត្តដោយមន្ត្រីសាធារណៈ។ ១៣៣ករណីពាក់ព័ន្ធការប្រើប្រាស់ធនធានរដ្ឋមានទាំងធនធានមនុស្សនិងសម្ការសម្រាប់បំរើជាប្រយោជន៍នយោបាយដល់បក្សកាន់អំណាច។ ១១ករណីទាក់ទិននឹងការរំលោភអំណាចធ្ងន់ធ្ងរប្រព្រឹត្តដោយថ្នាក់ដឹកនាំរដ្ឋាភិបាលទៅលើស្ថាប័នរដ្ឋសភានិងតុលាការ។
អង្គការខុមហ្វ្រែលលើកឡើងទៀតថាការដកអភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ និងដកអភ័យឯកសិទ្ធិ លោក សម រង្ស៊ី មន្ត្រីសង្គមស៊ីវិលថាធ្វើឡើងខុសរដ្ឋធម្មនុញ្ញដោយមិនបានអនុឡោមទៅតាមសំឡេង២ភាគ៣នោះទេ។ ខុមហ្រ្វែល ក៏កត់សំគាល់ទៀតថាការដកតំណែងលោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភាគឺបានធ្វើឡើងក្រោយពីមានការប្រតិកម្មពីនាយករដ្ឋមន្ត្រី។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលរបាយការណ៍និងការលើកឡើង របស់អង្គការខុមហ្វ្រែលដោយអះអាងថាចំណាត់ការកន្លងទៅលើមន្ត្រីបក្សប្រឆាំង លោកថាជាវិធានការច្បាប់។
អ្នកនាំពាក្យគណបក្សកំពុងគ្រប់គ្រងអំណាចរូបនោះបានវាយបកវិញថារបាយការណ៍របស់ខុមហ្វ្រែលហាក់គាំទ្រទៅលើសកម្មភាពរបស់គណបក្សប្រឆាំង។ លោកថា៖ “ឯកឧត្តម ហុង សុខហួរ គាត់ល្មើសច្បាប់ហើយប្រព្រឹត្តជាក់ស្តែង អាហ្នឹងត្រូវតែមានវិធានការផ្លូវច្បាប់បាទ។ អញ្ចឹងទេអត់មានទៅគំរាមកំហែងអីយកប្រព័ន្ធតុលាការទៅរំលោភច្បាប់អីទេ អត់ទេ ធ្វើត្រឹមត្រូវតាមផ្លូវច្បាប់ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាទៅជានីតិរដ្ឋ”។
ទោះជាយ៉ាងណាអង្គការឃ្លាំមើលការបោះឆ្នោតមួយនោះបានទទួលស្គាល់ថាកន្លងទៅរដ្ឋាភិបាលបានធ្វើកំណែទម្រង់ខ្លះរួមទាំងធ្វើកំណែទម្រង់ស្ថាប័នជាតិរៀបចំការបោះឆ្នោត គជប ដើម្បីឆ្លើយតបនឹងតម្រូវការនិងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ។
ប៉ុន្តែខុមហ្វែលថាកំណែទម្រង់នោះមិនឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ពលរដ្ឋនិងគោលការណ៍ការលិទ្ធិប្រជាធិបតេយ្យទេ៕