ក្រុមអ្នកច្បាប់លើកឡើងថាករណីសភាបញ្ជួនលិខិតឲ្យលោក កឹម សុខា បំភ្លឺទៅតាមញត្តិរបស់យុវជនមួយក្រុម ដែលចោទថាមេដឹកនាំបក្សប្រឆាំងមានរឿងអាស្រូវស្នេហានិងចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយទៅករណីនេះ គឺជាចំណាត់ការមួយ ”រំលោភលើច្បាប់រដ្ឋធម្មនុញ្ញ”។
អំឡុងពេលខែមីនានេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបញ្ជួនលិខិតចំនួនពីរដងឲ្យ លោក កឹម សុខា បំភ្លឺ បន្ទាប់ពីរដ្ឋសភាទទួលយកញត្តិរបស់ក្រុមយុវជនដឹកនាំដោយឈ្មោះ ស្រី ចំរើន។ ចំណែកអង្គភាពប្រឆាំងអំពើពុករលួយក៏បានប្រកាសយកករណីនេះមកចាត់ការដែរ។
លោកមេធាវី សំ សុគង់ ពន្យល់តាមនីតិវិធីច្បាប់ថា មិនមានច្បាប់ណាមួយដែលតម្រូវឲ្យរដ្ឋសភា កោះហៅតំណាងរាស្ត្រទៅបំភ្លឺនោះទេ ទោះបីជារឿងបុគ្គលឬរឿងសាធារណៈក៏ដោយ។ លោកបន្តថា៖ “ការកោះហៅសមាជិកសភា គឺជារឿងមួយមិនត្រឹមត្រូវទេ ដោយសារនៅក្នុងរដ្ឋធម្មនុញ្ញក៏ដូចជាបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា គឺមិនមានមាត្រាច្បាប់ណាមួយដែលឲ្យរដ្ឋសភាឬក៏សមាជិករបស់រដ្ឋសភាកោះហៅសមាជិកខ្លួនឯងដើម្បីបំភ្លឺចំពោះមុខរដ្ឋសភាទេ”។
លោកមេធាវី សុគង់ បញ្ជាក់ថានៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនិងបទបញ្ជាផ្ទៃក្នុងសភាបានតម្រូវឲ្យសមាជិករដ្ឋសភាឬតំណាងរាស្ត្រមានអំណាចឬសិទ្ធិក្នុងការកោះហៅនាយករដ្ឋមន្រ្តីឬមន្ត្រីរបស់រដ្ឋាភិបាលឲ្យចូលបំភ្លឺជុំវិញកិច្ចការរបស់ខ្លួនដែលមិនទាន់បម្រើប្រជាពលរដ្ឋបានល្អនៅឡើយ។
លោកមេធាវី សេក សោភ័ណ ក៏បានវិភាគដែរថា “សូម្បីតែរដ្ឋសភាឬប្រធានក៏មិនមានច្បាប់កោះតំណាងរាស្រ្ត ទៅសួរក្នុងករណីមិនច្បាស់លាស់បែបនេះដែរ លើកលែងតែករណីបទល្មើសជាក់ស្តែងជាបទឧក្រិដ្ឋដែលត្រូវបានអនុវត្តតាមអាជ្ញាបញ្ជាក្រោយពីដកអភ័យឯកសិទ្ធិសភារួច “។
លោកមេធាវី សេក សោភ័ណ បានហៅ “ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការសម្រេចទទួលបណ្តឹងនិងចាត់ការលើករណីលោក កឹម សុខា នេះស្ថិតក្នុងស្ថានភាព “អធម្មនុញ្ញ” និងរំលោភបំពានលើអភ័យឯកសិទ្ធិតំណាងរាស្ត្រ” បើយោងតាមមាត្រា៧៧នៃរដ្ឋធម្មនុញ្ញកម្ពុជា។
អ្នកនាំពាក្យតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានការពារសេចក្តីសម្រេចរបស់រដ្ឋសភាថាធ្វើទ្បើងមិនខុសច្បាប់នោះទេ។ លោកបានអះអាងដូចនេះនៅពេលលោកចេញមកទទួលញាត្តិពីក្រុមយុវជនដឹកនាំដោយឈ្មោះ ស្រី ចំរើន នៅថ្ងៃអង្គារនេះ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក រស់ រ៉ាវុធ មានប្រសាសន៍ថា ចំណាត់ការរបស់ស្ថាប័នរដ្ឋទៅលើលោក កឹម សុខា នៅពេលនេះធ្វើឡើងក្រោមទិដ្ឋភាពនយោបាយច្រើនជាងផ្លូវច្បាប់។ លោកថា ដើម្បីបង្ហាញពីតម្លាភាពនិងតុល្យភាព សភាឬសមាជិកសភាចាប់ពី៣០រូបឡើងទៅ អាចកោះអញ្ជើញនាយករដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលឲ្យបំភ្លឺជុំវិញរឿងអយុត្តិធម៌សង្គម ជៀសវាងពីមហាជនរិះគន់ស្ថាប័ននេះ។ លោកបន្តថា៖ ”សភាជាអង្គបញ្ញត្តិមួយឯករាជ្យ ដើម្បីសភាបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងភាពជាឯករាជ្យ គួរតែមានតុល្យភាព គឺអាចកោះអញ្ជើញរដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីឲ្យចូលបំភ្លឺនៅក្នុងសភាបាន រាល់ទំនាស់របស់ប្រជាពលរដ្ឋបានតវ៉ាឡើង ឧទាហរណ៍ដូចជាការតវ៉ា បញ្ហាទំនាស់ដីធ្លី បញ្ហាអធិបតេយ្យភាព បញ្ហាព្រៃឈើគឺសុទ្ធតែជារឿងរបស់ជាតិ ដើម្បីឲ្យមានតុល្យភាពគ្នា គួរតែរដ្ឋសភាបង្ហាញខ្លួនជាឯករាជ្យ នោះទើបជៀសផុតពីការតិះទាន ឬការរិះគន់ពីមហាជន”។
យ៉ាងណាក៏ដោយ ថ្មីៗនេះ ប្រធានគណៈកម្មការទទួលពាក្យបណ្តឹងនៃរដ្ឋសភា លោក អេង ឆៃអ៊ាង បានជូនដំណឹងទៅលោក ហេង សំរិន ថា គណៈកម្មការនេះមិនអាចកោះហៅលោក កឹម សុខា ឲ្យបំភ្លឺតាមញត្តិរបស់យុវជនដែលដឹកនាំដោយឈ្មោះ ស្រី ចំរើន នោះបានទេ ដោយថា នេះផ្ទុយពីរដ្ឋធម្មនុញ្ញ។
ជាមួយគ្នានោះ អ្នកនាំពាក្យនៃរដ្ឋសភា លោក ឡេង ប៉េងឡុង ក៏យល់ស្របនឹងការលើកឡើងរបស់លោក អេង ឆៃអ៊ាង ។ លោកបញ្ជាក់ថា ការកោះហៅតំណាងរាស្រ្តណាម្នាក់ ទាល់តែមានញត្តិរបស់តំណាងរាស្រ្តមួយចំនួន៕