ក្រសួងអប់រំ យុវជននិងកីឡា ដាក់ចេញនូវគោលនយោបាយអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្មនិងគណិតវិទ្យា ក្នុងគោល បំណងអភិវឌ្ឍធនធានមនុស្សឲ្យស្របតាមតម្រូវការទីផ្សារការងារទាំងក្នុងស្រុកនិងតំបន់។
ក្នុងពិធីបើកសន្និបាតអប់រំ យុវជននិងកីឡា នៅព្រឹកថ្ងៃអង្គារនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រសួងអប់រំបានផ្សព្វផ្សាយគោលនយោបាយអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្មនិងគណិតវិទ្យារបស់ខ្លួន។ ក្នុងឯកសារគោលនយោបាយនោះ ក្រសួងលើកឡើងថាតម្រូវការអ្នកជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងគណិតវិទ្យាកាន់តែកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រសួងឲ្យដឹងដែរថាអ្នកដែលមានជំនាញផ្នែកវិទ្យាសាស្រ្តអាចរកប្រាក់បៀវត្សបានខ្ពស់និងអត្រាឥតការងាររបស់ពួកគាត់មានកម្រិតទាប។
ឯកសារគោលនយោបាយរបស់ក្រសួងដដែលបានដកស្រង់ទិន្ន័យក្នុងរបាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI)ថានៅឆ្នាំ២០១៥ កម្ពុជាត្រូវការវិស្វករចំនួន៣៥០០០នាក់និងអ្នកជំនាញបច្ចេកទេសចំនួន៤៦០០០នាក់ដើម្បីបម្រើការងារក្នុងប្រទេសកម្ពុជា និងរក្សាកំណើនផលទុនក្នុងស្រុកសរុប(GDP)ចន្លោះពី៦ទៅ៨ភាគរយសម្រាប់រយៈពេលប្រាំឆ្នាំទៅមុខទៀត។
ដើម្បីសម្រេចនូវគោលដៅនេះ ក្រសួងអប់រំបានដាក់ចេញនូវយុទ្ធសាស្រ្តរបស់ខ្លួនមួយចំនួន ដូចជាផ្តល់ការអប់រំពីវិទ្យាសាស្រ្តដល់សិស្សនិងនិស្សិតក្នុងប្រព័ន្ធអប់រំពីបឋមសិក្សាដល់ឧត្តមសិក្សានិងបន្តអភិវឌ្ឍចំណេះដឹងផ្នែកវិទ្យាសាស្រ្តដល់បុគ្គលិកអប់រំ ក៏ដូចជាជំរុញការផ្សព្វផ្សាយការរកឃើញថ្មីរបស់អ្នកសវិទ្យាសាស្រ្តនិងអ្នកស្រាវជ្រាវជាដើម។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន ថ្លែងក្នុងពិធីបើកសន្និបាតនោះថាក្រសួងបានដាក់ឲ្យអនុវត្តកម្មវិធីសិក្សាថ្មី ផ្តល់សម្ភារសិក្សានិងបច្ចេកទេសដល់គ្រឹះស្ថានសិក្សាដើម្បីតម្រង់ទិសវិជ្ជាជីវៈនិងបច្ចេកទេសដល់អ្នកសិក្សា។
លោកមានប្រសាសន៍ថា៖ “ទន្ទឹមនេះក្រសួងបានធ្វើវិក្រឹត្យការគ្រូបង្រៀនជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ដែលជាអ្នកផ្តល់ការអប់រំដល់យុវជនជំនាន់ក្រោយឲ្យកាន់តែមានចំណេះដឹង បំណិន និងសីលធម៌ខ្ពស់ ស្របតាមចតុស្តម្ភទាំងបួននៃការអប់រំគឺ រៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីក្លាយជាពលរដ្ឋល្អនិងរៀនដើម្បីចេះរស់នៅជាមួយគ្នា”។
ប្រធានយូនីសេហ្វប្រចាំនៅកម្ពុជា លោកស្រី Debora Comini ថ្លែងក្នុងសន្និបាតនោះដែរថាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺផ្តោតលើការអប់រំ និងបណ្តុះបណ្តាលផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងគណិតវិទ្យា ដល់អ្នកសិក្សានិងបង្កើនគុណភាព សមត្ថភាពគ្រូបង្រៀននិងលុបបំបាត់គម្លាតយ៉ែនឌ័រនិងជនពិការក្នុងការទទួលបានការអប់រំ។
លោកស្រីក៏ជំរុញឲ្យរដ្ឋាភិបាលបន្តបង្កើនថវិកាសម្រាប់វិស័យអប់រំបន្ថែមទៀត ដោយលោកស្រីថាជំនួយពីដៃគូអភិវឌ្ឍន៍សម្រាប់ការអប់រំនៅកម្ពុជាចាប់ផ្តើមថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។
បើតាមលោក ហង់ ជួន ណារ៉ុន គ្រឹះស្ថានសិក្សាពីកម្រិតមតេយ្យដល់មធ្យមសិក្សាទាំងរដ្ឋនិងឯកជនមានចំនួន១៣ ៣៣៣ នៅទូទាំងប្រទេស ដោយគិតត្រឹមខែឧសភា ឆ្នាំ២០១៥និងមានចំនួនសិស្សសរុបជាង៣លាន១សែននាក់។ ដោយឡែក លោកថាគ្រឹះស្ថានអប់រំកម្រិតឧត្តមសិក្សាទាំងរដ្ឋនិងឯកជនមានចំនួន១១៨នៅទូទាំងប្រទេសនិងមានអ្នកសិក្សាពីកម្រិតបរិញ្ញាបត្ររងដល់ថ្នាក់បណ្ឌិតមានចំនួនជិត២៣ម៉ឺននាក់។ លោកឲ្យដឹងដែរថាចំនួនបុគ្គលិកអប់រំនៅទូទាំងប្រទេសមានចំនួន១១៥ ៣០៥ នាក់៕