មេដឹកនាំបក្សប្រឆាំងអំពាវនាវឲ្យយុវជនបង្កើនភាពក្លាហានក្នុងការជំរុញកម្ពុជាឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដតាមរយៈការបោះឆ្នោតនៅពេលខាងមុខដែលលោកថាទើបអាចរកឃើញជនល្មើសដែលគប់គ្រាប់បែកលើក្រុមបាតុករកាលពីជិត២០ឆ្នាំមុន។
ក្នុងពិធីរំឭកខួបនៃព្រឹត្តិការណ៍គប់គ្រាប់បែកសម្លាប់បាតុករមុខរដ្ឋសភាកាលពី១៩ឆ្នាំមុនដែលធ្វើឡើងនៅថ្ងៃទី៣០ខែមីនានេះ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួនថ្លែងតាមវីដេអូខន់ហ្វឺរិនពីក្រៅប្រទេសមកថា លោកនូវតែចាត់ទុកថាការស្លាប់របស់ក្រុមអ្នកតវ៉ាពេលនោះ លោកថាប្រវត្តិសាស្ត្រនិងជាវីរភាពសម្រាប់យុវជនជំនាន់ក្រោយ ក្នុងការជំរុញឲ្យមានកំណែទម្រង់រដ្ឋ។
លោក សម រង្ស៊ី បន្តទៀតថាការដែលរដ្ឋាភិបាលមិនទាន់អាចវែកមុខជនដៃដល់និងអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍គប់គ្រាប់បែក សម្លាប់បាតុករនោះបាន លោកថាដោយសារតែការដឹកនាំបច្ចុប្បន្ននេះជាប្រជាធិបតេយ្យក្លែងក្លាយ យុត្តិធម៌ក្លែងក្លាយ និងការអភិវឌ្ឍក្លែងក្លាយធ្វើឲ្យពលរដ្ឋទឹកភ្នែកនិងបាត់បង់ទ្រព្យសម្បត្តិនៅពេលគម្រោងអភិវឌ្ឍចូលទៅដល់។
លោក សម រង្ស៊ី រំឭកដល់យុវជនឲ្យបង្កើនភាពក្លាហានជំរុញឲ្យការបោះឆ្នោតនៅឆ្នាំ២០១៧និង២០១៨ខាងមុខ ជ្រើសរើសបានមេដឹកនាំប្រជាធិបតេយ្យពិតប្រាកដដែលលោកថាពេលនោះនឹងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសនីតិរដ្ឋមានយុត្តិធម៌សង្គមនិងដោះស្រាយបានរាល់បញ្ហារបស់ប្រជាពលរដ្ឋបាន។
លោកបន្តថា៖ “សូមក្មួយៗកូនចៅទាំងអស់ចង់ចាំអំពីយុវជនដូចគ្នា ទាំងសិស្ស ទាំងនិស្សិត ទាំងកម្មករដែលបានតស៊ូដើម្បីយុត្តិធម៌ពេលនោះយើងនឹងសម្រេចទាំងប្រជាធិបតេយ្យចាប់ពីឆ្នាំ២០១៧និង២០១៨។ ដូច្នេះខ្ញុំសុំអំពាវនាវឲ្យយុវជនទាំងអស់មានស្មារតីរឹងមាំនឹងដល់ការលះបង់ពលីកម្មរបស់យុវជនថ្ងៃ៣០មីនាឆ្នាំ១៩៩៧”។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ លើកឡើងក្នុងពិធីរំឭកវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ក្នុងព្រឹត្តិការណ៍បោកគ្រាប់បែកនោះដែរថា ការដែលរដ្ឋាភិបាលមិនទាន់រកឃើញឧក្រិដ្ឋជននិងអ្នកពាក់ព័ន្ធមកផ្តន្ទាទោស លោកគិតថាគឺជាលើកទឹកចិត្តឲ្យមានបទឧក្រិដ្ឋកាន់តែច្រើននៅកម្ពុជា។
លោកបន្ថែមថា៖ “សូមអំពាវនាវឲ្យក្រសួងមានសមត្ថកិច្ចរាជរដ្ឋាភិបាលដែលជាអ្នកទទួលខុសត្រូវចំពោះបទឧក្រិដ្ឋនៅក្នុងប្រទេសកម្ពុជាបន្តធ្វើការស៊ើបអង្កេតប្រកបដោយឯករាជ្យនិងអព្យាក្រិតតាមចាប់ជនដៃដល់និងអ្នកពីក្រោយខ្នងមកផ្តន្ទាទោសដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះឲ្យទាល់តែបាន”។
ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ អះអាងថាសមត្ថកិច្ចមិនបានព្រងើយកន្តើយក្នុងការស្វែងរកជនដៃដល់មកផ្តន្ទាទោស។ ប៉ុន្តែលោកថាការស៊ើបអង្កេតហាក់បាត់តម្រុយទៅវិញក្រោយពីមានពន្លឺខ្លះរួចមក។
លោកថា៖ “យើងស្វែងរកឃើញមិនមែនថាអត់ទេ យើងរកឃើញរហូតស្រាវជ្រាវទៅស្វែងរកឃើញជនដៃដល់ដែលបោកគ្រាប់បែកហ្នឹង ហើយក៏បានគូររូបទៅរកឃើញថាឈ្មោះ អាប្រេហ្វីល ហើយកន្លងមកដោយសារតែស្រុកទេសយើងនៅឆ្នាំ៩៧ហ្នឹង យើងដឹងហើយយើងមិនចង់រំឭកទេ អាហ្វ្រេស៊ីល ហ្នឹងវាបានរត់គេចទៅសុំជ្រកកោនក្រោមកិច្ចការពាររបស់គណបក្សនយោបាយមួយ ហើយតាំងពីពេលនោះមកបាត់ខ្លួនរហូត”។
លោក ខៀវ សុភ័គ អះអាងថាបើទោះបីការស៊ើបអង្កេតករណីនេះគ្មានតម្រុយថ្មីក៏ដោយតែលោកថាសមត្ថកិច្ចនៅតែបន្តស្វែងរកឧក្រិដ្ឋជនមកផ្តន្ទាទោសដដែល។
ស្ត្រីពិការជិះលើរទេះរុញម្នាក់ឈ្នោះ អ៊ីម ម៉ាឡែន អាយុ៧៤ឆ្នាំដែលបានចូលរួមពិធីរំឭកខួបនោះដែរអះអាងថាគាត់ហាក់គ្មានជំនឿទៅលើរដ្ឋាភិបាលថាពួកគេអាចស្វែងរកចាប់ជនដៃដល់មកប្រឈមមុខច្បាប់ទេដោយស្រីរូបនោះយល់ថាព្រឹត្តិការណ៍បោកគ្រាប់បែកនោះអាចជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាល។
ស្ត្រីនោះថា៖ “គ្មានទេ បើវាចេះរកឲ្យយើងវារកហើយវាអត់រកទេព្រោះវាក្បត់វាម៉េចនឹងរកឲ្យយើងបើវាក្បត់ចំហើយ”។
ស្តី្រជាជនរងគ្រោះរូបនោះអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍រកយុត្តិធម៌ករណីនេះជូនពួកគេ។
កាលពីឆ្នាំ១៩៩៧ លោក សម រង្ស៊ី បានដឹកនាំធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ។
ប៉ុន្តែនៅពេលក្បួនបាតុករមកដល់ជិតមន្ទីររដ្ឋសភាត្រៀមនឹងដាក់ញត្តិ ពេលនោះមានជនមិនស្គាល់មុខបានគប់គ្រាប់បែកដៃ ចំនួន៤គ្រាប់ចូលក្នុងហ្វូងបាតុករបង្កឲ្យអ្នកតវ៉ាជាង១០នាក់ស្លាប់និងជាង១០០នាក់ផ្សេងទៀតរងរបួសរួមទាំងលោក សម រង្ស៊ី ផងដែរ។
មកដល់ពេលនេះរដ្ឋាភិបាលមិនទាន់បង្ហាញថាមានឧក្រិដ្ឋជនប៉ុន្មាននាក់ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍បោកគ្រាប់បែកសម្លាប់ក្រុមអ្នកតវ៉ានោះនៅឡើយទេ។ ប៉ុន្តែលោក សម រង្ស៊ី ថាតុលាការនៅទីក្រុងប៉ារីសប្រទេសបារាំងបានបើកការស៊ើបអង្កេតករណីនេះឡើងវិញហើយ៕