មន្ត្រីជាន់ខ្ពស់ទីក្រុងកុលកាតា (Kolkata)បានឲ្យដឹងថាកាលពីថ្ងៃអាទិត្យនគរបាលឥណ្ឌាបានចាប់ខ្លួនបុគ្គលិកម្នាក់ទៀតរបស់ក្រុមហ៊ុនសំណង់ដែលបានកសាងស្ពានអាកាសមួយដែលបានដួលរលំ ដោយបានសម្លាប់មនុស្ស២៦នាក់ ធ្វើឲ្យចំនួនមនុស្សដែលត្រូវបានចាប់ខ្លួនក្នុងករណីនេះឡើងដល់៤នាក់។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន សំណង់ស្ពានអាកាសមួយដែលកំពុងសាងសង់ក្នុងទីក្រុងកុលកាតា បានបាក់ធ្លាក់ចុះធ្លាក់លើផ្លូវដែលមានមនុស្សម្នាធ្វើដំណើរយ៉ាងមមាញឹក ដោយបានសម្លាប់មនុស្សអស់២៦នាក់។ មួយថ្ងៃក្រោយមកកម្មករ៣នាក់សាងសង់ស្ពាននេះត្រូវបានចាប់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia។
ស្នងការក្រុង Kolkata លោក Debasish Boral បានឱ្យដឹងថាជនដែលត្រូវបានចាប់ខ្លួនទាំងបួនមកពីក្រុមហ៊ុន IVRCL ដែលបានចុះកិច្ចសន្យានៅក្នុងគម្រោងសាងសង់ស្ពានអាកាសនេះនៅរដ្ឋ West Bengal និងដោយជាដំបូងពួកគេប្រឈមនឹងការចោទប្រកាន់ពីបទឃាតកម្ម ការរួមឃុបឃិត និងបង្កគ្រោះថា្នក់។
លោកBoral បានប្រាប់ភ្នាក់ងារព័ត៌មាន AFP ថា៖ “ដំបូងឡើយ ជំនួយការអ្នកគ្រប់គ្រងទូទៅត្រូវបានឃាត់ខ្លួន នៅពេលដែលរូបគេបានព្យាយាមរត់គេចខ្លួនកាលពីយប់ថ្ងៃសុក្រ”។ លោកបន្តថា៖ “គាត់ត្រូវបានឃុំខ្លួនកាលពីថ្ងៃអាទិត្យបន្ទាប់ពីការសាកសួរ”។
ភ្លាមៗបន្ទាប់ពីគ្រោះមហន្តរាយនេះបានកើតឡើង ក្រុមអ្នកជួយសង្គ្រោះបានទាញមនុស្សជិត១០០នាក់ចេញពីក្រោមគំនរនេះដោយពួកគេនៅមានជីវិត។
ក្រុមហ៊ុន IVRCL បានបដិសេធមិនព្រមទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះ ប៉ុន្តែតំណាងក្រុមហ៊ុនម្នាក់បានធ្វើឲ្យក្រុមអ្នករងគ្រោះមានការខឹងសម្បាយ៉ាងខ្លាំង នៅពេលដែលអ្នកនាំពាក្យរូបនោះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឧបទ្ទវហេតុនេះជា «ទង្វើរបស់ព្រះ»។
សោកនាដកម្មនេះគឺជាគ្រោះថ្នាក់ចុងក្រោយគេក្នុងចំណោមគ្រោះថ្នាក់សំណង់មួយចំនួនដែលបានសម្លាប់មនុស្សនៅក្នុងប្រទេសឥណ្ឌា ដែលការអនុវត្តច្បាប់សុវត្ថិភាពនៅទន់ខ្សោយ ហើយសម្ភារក្រោមស្តង់ដាជាញឹកញាប់ត្រូវបានគេប្រាស់៕