មន្រ្តីសហជីពម្នាក់រងរបួសនៅពេលសន្តិសុខបំបែកការតវ៉ានៅមុខសភា

អ្នកតវ៉ាម្នាក់ដែលត្រូវបានគេវាយឲ្យរបួសឈ្មោះ ស៊ុត ចិត្រ

មន្ត្រីសហជីពម្នាក់បានរងរបួសនៅពេលក្រុមសន្តិសុខសាលារាជធានីភ្នំពេញបំបែកការតវ៉ានៅមុខរដ្ឋសភាដែលប្រឆាំងទៅនឹង​ការអនុម័តច្បាប់ស្ដីពីសហជីពនៅព្រឹកថ្ងៃចន្ទនេះ។

ប្រធានសម្ព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ ដែលអះអាងថាត្រូវបានសន្តិសុខច្រានឲ្យដួល មានប្រសាសន៍ថាខណៈដែលក្រុមកម្មករនិងសហជីពកំពុងតែឈរតវ៉ាដោយសន្តិវិធីត្រូវបានក្រុមសន្តិសុខជាច្រើននាក់បានលើកគ្នាមករុញច្រាននិងវាយឲ្យមន្រ្តីសហជីពម្នាក់រងរបួសធ្ងន់ចំក្បាល។

អ្នកស្រី យ៉ាង សុភ័ណ្ឌ បន្ថែមថា៖ យើងប្រើនីតិវិធីត្រឹមត្រូវធ្វើកូដកម្មដោយស្ងៀមស្ងាត់សោះត្រូវបានគេប្រើកំលាំងហិង្សាមកលើពួកយើងអញ្ចឹងអាចឆ្លុះបញ្ចាំងថាប្រទេសនេះមិនមែនកាន់របបលទ្ធិប្រជាធិបតេយ្យទេជារបបផ្ដាច់ការ។ ព្រោះអីយើងឃើញថាប្រសិនបើគ្នាគេ គេការពារគ្នា តែយើងជាសហជីពដែលការពារប្រយោជន៍កម្មករត្រូវបានគេប្រើហិង្សាមកលើពួកយើង។ ដូចជាថ្ងៃមុនមានការធ្វើកូដកម្មរឿងលោក កឹម សុខា យើងឃើញថាពួកគាត់ធ្វើកូដកម្មដោយរលូនមិនមានរឿងអ្វីកើតឡើងលើពួកគាត់ហាក់ដូចជាមានការគាំទ្រទៀត

អ្នកតវ៉ាម្នាក់ដែលត្រូវបានគេវាយឲ្យរបួសនោះឈ្មោះ ស៊ុត ចិត្រ ដែលជាមន្រ្តីសហជីពចលនាកម្មកររបស់លោក ប៉ាវ ស៊ីណា។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា មានប្រសាសន៍ថាមន្រ្តីសហជីពរបស់លោកត្រូវបានសន្តិសុខខណ្ឌវាយឲ្យរបួសដេរជាច្រើនថ្នេរលើចិញ្ចើមភ្នែកខាងឆ្វេង។ លោកបន្ថែមថាលោកមិនអាចទទួលយកបានទេចំពោះទង្វើរបស់សន្តិសុខទាំងនោះដែលវាយមកលើក្រុមសហជីពដោយគ្រាន់តែតវ៉ាដោយសន្តិវិធី។ លោកបន្ថែមថាលោកបានជួបជាមួយក្រុម​អង្គការសិទ្ធិមនុស្សនិងក្រុមអ្នកច្បាប់ដើម្បីរៀបចំដាក់ពាក្យបណ្ដឹងលើករណីនេះផងដែរ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ មានប្រសាសន៍ថាករណីនេះជាការប៉ះទង្គិចគ្នាទៅវិញទៅមករវាងក្រុមអ្នកតវ៉ានិងក្រុមសន្តិសុខ។ លោកបន្ថែមថាក្រុមអ្នកតវ៉ាទាំងនោះបានរៀបចំក្បួនដោយមិនមានច្បាប់អនុញ្ញាតិនិងបានវាយមកលើក្រុមសន្តិសុខមុន។

លោកមានប្រសាសន៍ថា៖ យើងបានហាមឃាត់ពួកគាត់កុំឲ្យធ្វើអ្វីដែលអត់មានច្បាប់ព្រោះគាត់ធ្វើការរៀបក្បួនរៀបអីរបស់គាត់ដោយអត់មានការសញ្ញេច្បាប់អនុញ្ញាតិ ហើយពួកគាត់បានវាយទៅលើក្រុមសន្តិសុខមុន។ ដូច្នេះខ្ញុំអត់ដឹងថាអ្នកណាយ៉ាងម៉េចនោះទេមិនមែនបានន័យថាវាយនោះទេគឺជាការប៉ះទង្គិចគ្នា  

អនុប្រធានផ្នែកសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកលោក ណៃ វ៉ង់ដាបានធ្វើការថ្កោលទោសចំពោះការប្រើហិង្សាមកលើក្រុមសហជីព។ លោកបន្ថែមថាក្រុមអ្នកសន្តិសុខទាំងនោះក៏បានប្រើពាក្យសម្ដីមិនសមរម្យទៅលើមន្ត្រីសិទ្ធិមនុស្សផងដែរ។

លោកបន្ថែមថា៖សន្តិសុខខណ្ឌដូនពេញនេះនៅតែមានអាកប្បកិរិយាសាហាវយង់ឃ្នងដដែលក្នុងការបង្រ្កាបទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធី។ យើងសូមថ្កោលទោសនិងអំពាវនាវឲ្យសហគមអន្តរជាតិពិនិត្យមើលឡើងវិញទាក់ទងនឹងការផ្ដល់ជំនួយដល់រដ្ឋាភិបាលមួយនេះដោយសារសកម្មភាពបង្ក្រាបទៅលើសហជីពនិងការគំរាមកំហែងលើអ្នកធ្វើការលើសិទ្ធិមនុស្ស​វាជារឿងដែលយើងទទួលយកអត់បាន

គួរបញ្ជាក់ថាការប៉ះទង្គិចដោយហិង្សានេះគឺចំពេលដែលសភាកំពុងប្រជុំអនុម័តច្បាប់ស្ដីពីសហជីពនៅព្រឹកថ្ងៃទី០៤ ខែមេសា នេះដែលមានភាពចម្រូងចម្រាសដោយសហជីពនិងកម្មករអះអាងថាច្បាប់នេះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ពួកគេស្នើឲ្យពន្យាពេលអនុម័ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ