អង្គការសហប្រជាជាតិលើកឡើងថាតំបន់កំពុងអភិវឌ្ឍន៍នៅភាគកណ្តាលនិងភាគខាងត្បូងនៅក្នុងប្រទេសវៀតណាមកំពុងរងគ្រោះខ្លាំងដោយសារភាពរាំងស្ងួត ហើយមនុស្សប្រមាណ១លាន៥សែននាក់កំពុងប្រឈមនិងការខ្វះទឹកផឹក។
របាយការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថាខេត្តចំនួន១២ក្នុងចំណោមខេត្តទាំង៦៣របស់វៀតណាមកំពុងប្រកាសអាសន្នដោយសារខ្វះទឹកប្រើប្រាស់។ នេះបើតាមសារព័ត៌មាន Channel News Asia។
បច្ចុប្បន្នទីក្រុងហាណូយកំពុងប្រើប្រាស់ទឹកប្រាក់ចំនួន២៣លានដុល្លារសម្រាប់ការប្រើប្រាស់ក្នុងការជីកអណ្តូងទឹកនិងការជញ្ជូនទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់និងស្រោចស្រពដំណាំ។
បុរសជាកសិករម្នាក់លោក Ta Dinh Hao ថ្លែងថាលោកជួបការលំបាកខ្វះខាតទឹកប្រើប្រាស់តាំងពីពេលឈប់ភ្លៀងកាលពីដើមខែកញ្ញាឆ្នាំមុនធ្វើឲ្យជីវិតជួបការលំបាកខ្លាំង។ បុរសមានវ័យ៤៧ឆ្នាំដែលមានផ្ទះនៅភាគកណ្តាលនៃប្រទេសរូបនេះបញ្ជាក់ថាត្រពាំងទឹកនៅជិតផ្ទះគាត់ធ្លាប់មានត្រីបានគោកយ៉ាងឆាប់រហ័ស ហើយស្រូវរបស់គាត់បានងាប់អស់ជាច្រើនខែមកហើយ។ លោកបញ្ជាក់ថាប្រសិនជាភាគរាំងស្ងួតអូសបន្លាយដល់២ឬ ៣ខែទៀតដែលត្រូវឲ្យគាត់ចំណាយលុយច្រើនទិញទឹកផឹកទៀតនោះ គាត់ប្រាកដជាមិនអាចឆ្លងរួចទេ។
ទោះយ៉ាងណាក្រុមមន្ត្រីជំនាញរបស់វៀតណាមបានព្យាករណ៍ថាភាពរាំងស្ងួតនឹងអូសបន្លាយដល់ត្រឹមខែមេសាឬឧសភាប៉ុណ្ណោះគឺមិនអូសបន្លាយដល់ខែមិថុនានោះទេ។
មន្ត្រីអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមលោកស្រី Pratibha Mehta ថ្លែងថាថ្វីបើគ្រោះរាំងស្ងួតកើតយឺត តែករណីនៅវៀតណាមនេះវាបង្កគ្រោះថ្នាក់ខ្លាំងជាងរញ្ជួយដីនិងខ្យល់ព្យុះទៅទៀត៕