តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ លើកឡើងថា ច្បាប់ស្តីពីសហជីពដែលរដ្ឋសភាទើបតែអនុម័តដោយគ្មានសំឡេងគាំទ្រពីបក្សប្រឆាំងគឺជាច្បាប់គ្មានស្តង់ដារ និងមិនអាចទទួលយកបាន ដោយលោកថាច្បាប់នេះផ្ទុយពីច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា ខណៈអង្គការអន្តរជាតិមួយបានចាត់ទុកច្បាប់នេះថាខុសស្ដង់ដារ។
នៅថ្ងៃចន្ទម្សិលមិញ ប្រធានរដ្ឋសភាលោក ហេង សំរិន បានប្រកាសអនុម័តច្បាប់ស្តីពីសហជីពចំនួន១៧ជំពូក និង១០០មាត្រា ដែលមានការពិភាក្សាដេញដោលយ៉ាងចម្រូងចម្រាស់រយៈពេលជិត៦ម៉ោង ដោយសំឡេង៦៧លើ៩៨ ។
លោក សុន ឆ័យ ដែលជាអភិបាលនៃក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ក្រោយបញ្ចប់ការអនុម័តច្បាប់នៅម៉ោងជិត៧ល្ងាចកាលពីម្សិលមិញ នៅឯវិមានរដ្ឋសភាថា គណបក្សសង្គ្រោះជាតិបានលើកឡើងពីការព្រួយបារម្ភពាក់ព័ន្ធនឹងចំណុចមួយចំនួនក្នុងច្បាប់ស្តីពីសហជីពដើម្បីឲ្យអ្នកពាក់ព័ន្ធបំភ្លឺលើចំណុចដែលគណបក្សប្រឆាំងមានការព្រួយបារម្ភ។ លោកថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនអាចបោះឆ្នោតគាំទ្របានទេដោយលោកថា ច្បាប់នេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិរបស់សហជីព។
លោក សុន ឆ័យ មានប្រសាសន៍ថា៖ “យើងមិនអាចបោះឆ្នោតគាំទ្របានគឺថាយើងបានពិនិត្យទៅលើគោលការណ៍ពាក់ព័ន្ធទៅនឹងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលចំណុចទាំងអស់នេះត្រូវបានលើកឡើងដោយអង្គការ ILO ដែរ ថាយើងមិនបានរៀបចំច្បាប់ដែលឲ្យមានលក្ខណៈស្តង់ដារមួយដែលអាចទទួលយកបាន។ ដូច្នេះយើងសូមជំរុញឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញ នៅលើមាត្រាមួចំនួនដែលយើងបានស្នើសុំឲ្យពិនិត្យហ្នឹង ហើយធ្វើម៉េចបន្ធូរបន្ថយផ្នែកនៃច្បាប់មួយចំនួនដែលមានការព្រួយបារម្ភដោយក្រុមសហជីពជាច្រើន”។
លោក សុន ឆ័យ បន្តថា បើទោះជាច្បាប់ស្តីពីសហជីពនេះត្រូវបានអនុម័ត តែគណបក្សសង្គ្រោះជាតិនឹងបន្តតាមដានរាល់ការអនុវត្តរបស់អ្នកពាក់ព័ន្ធ។ លោកបន្ថែមថា លោកបន្ថែមថា “យើងនឹងតាមដានក្នុងតួនាទីសភា យើងមិនចប់ត្រឹមតែការអនុម័តច្បាប់ទេ គឺថាយើងនឹងតាមដានការបន្តធ្វើដោយផ្ទាល់អំពីក្រសួងដែលពាក់ព័ន្ធនឹងលើចំណុចខ្វះខាតទាំងឡាយ យើងនឹងបន្តហៅរដ្ឋមន្រ្តីមកសួរ ឬសុំឲ្យរដ្ឋាភិបាលដោះស្រាយភាពដែលអនុវត្តមិនបានផលជាវិជ្ជមាន ឬក៏មានបញ្ហាអីមួយហ្នឹងបាទ”។
ចំណែកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃអង្គារនេះ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយដោយលើកឡើងថា ការបោះឆ្នោតអនុម័តច្បាប់សហជីពដែលអង្គការនេះចាត់ទុកថាខុសពីស្ដង់ដាអន្តរជាតិ ថាជាការបង្ហាញពីធ្លាក់ចុះនៃសិទ្ធការងារនៅក្នុងប្រទេសកម្ពុជា។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា លោកមានការសោកស្តាយដែលសភាអនុម័តដោយមិនបានទទួលយកសំណើររបស់សហជីព។ លោកបន្ថែមថា ច្បាប់នេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិរបស់សហជីព។ លោកមានប្រសាសន៍ថា៖ “នៅពេលដែលមិនមានការកែប្រែយើងគិតថាច្បាប់នេះវាបានកាត់បន្ថយនូវសិទ្ធិជាមូលដ្ឋានរបស់កម្មករច្រើនណាស់ ដូចជាការជ្រៀតជ្រែកផ្នែកហិរញ្ញវត្តុ ការជ្រៀតជ្រែកផ្នែកផ្ទៃក្នុង ដូចជាការជ្រៀតជ្រែកទៅលើការគ្រប់គ្រងសហជីព ក៏ដូចជាសិទ្ធិក្នុងការធ្វើកូដកម្ម។ ចឹងចំណុចទាំងអស់ហ្នឹងធ្វើឲ្យសិទ្ធិរបស់ពួកយើងដែលធ្លាប់មានពីមុនគឺមានការធ្លាក់ចុះ”។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ិត សំហេង ថ្លែងក្នុងនាមអ្នកការពារសេចក្តីព្រាងច្បាប់នេះមានប្រសាសន៍ថា ការស្នើឲ្យកែប្រែ និងលុបចោលនូវមាត្រាមួយចំនួន គឺពុំមានភាពចាំបាច់ឡើយ ដោយលោកថា ព្រោះខ្លឹមសារ និងមាត្រាដែលបានចែងមានភាពពេញលេញក្នុងការការពារផលប្រយោជន៍ទាំងកម្មករនិយោជិត និងនយោជក។ លោកបន្ថែមថា ការអនុម័តច្បាប់នេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋសភាក្នុងការធានាសេរីភាពអង្គការវិជ្ជាជីវៈ និងសុខដុមណីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
លោកមានប្រសាសន៍ថា៖ “ដែលជាកត្តាស្នូលក្នុងការធានានូវស្ថិរភាព និរន្តរភាពនៃដំណើរការសង្វាក់ផលិតកម្មសេវាកម្មពាណិជ្ជកម្មរបស់រោងចក្រសហគ្រាសឬគ្រឹះស្ថាន ក៏ដូចជាការទាក់ទាញវិនិយោគទុនបន្ថែមទៀតមកកម្ពុជាដើម្បីបង្កើតការងារ និងលើកស្ទួយជីវភាពរបស់បងប្អូនកម្មករនិយោជិតឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ សេចក្តីព្រាងច្បាប់នេះគឺជាសមិទ្ធផលថ្មីមួយទៀតក្នុងការអភិវឌ្ឍក្របខណ្ឌគតិយុត្តដើម្បីគាំទ្រដល់យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា”។
ក្រុមសហជីពដែលមិនពេញចិត្តនឹងការអនុម័តច្បាប់នេះអះអាងថា ពួកគេនឹងពិភាក្សាគ្នាបន្តដើម្បីស្នើទៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងអង្គការពាក់ព័ន្ធមួយចំនួនដើម្បីពិនិត្យច្បាប់នេះឡើងវិញ។ ពួកគេបន្ថែមថា ប្រសិនជាការអនុវត្តច្បាប់នោះមានភាពខ្វះខាត ឬអាក្រក់ពេក នោះកម្មករ និងសហជីពនឹងតវ៉ាប្រឆាំងដើម្បីឲ្យមានការកែប្រែ៕